សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៥ និង​ដាក់​ចេញ​ទិសដៅ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២៦ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​

(​ខេត្ត​ត្បូងឃ្មុំ​)៖ ក្នុង​ស្មារតី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​តុលាការ និង​លើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២៦​។​

​អង្គសន្និបាត​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ម៉ុង មុនី​ចរិយា ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ និង​ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ នៃ​ខេត្ត​ទាំង ០៨ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​។​

​ថ្លែង​ក្នុង​ពិធី​បើក​អង្គសន្និបាត ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា សន្និបាត​នេះ​មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​ត្រួតពិនិត្យ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការពិភាក្សា រិះរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើតឡើង​កន្លងមក​។ ឯកឧត្តម​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ក្នុង​វិស័យ​យុត្តិធម៌​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចាប់តាំងពី​ការបង្កើត​ស្ថាប័ន​នេះ​មក​។​

​យោងតាម​របាយការណ៍​ដែល​អាន​ដោយ លោក ទឹម ឆេង​ឡុង អគ្គលេខាធិការរង បាន​បង្ហាញ​ពី​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ជាពិសេស​លើ​ការជំរុញ​ល្បឿន​នៃ​ការដោះស្រាយ​សំណុំរឿង​កកស្ទះ​ឱ្យមាន​ភាព​លឿន​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាមួយគ្នានេះ អង្គសន្និបាត​បាន​លើកយក​ប្រធានបទ​គន្លឹះ​ចំនួន​ពីរ មក​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ រួមមាន​៖

១. ការអនុវត្ត​នីតិវិធី​រក្សា​ការពារ​ដោយ​ហាម​តតិយជន និង​ការកំណត់​ឋានៈ​ជា​បណ្តោះអាសន្ន ដោយ​មិន​ឆ្លងកាត់​នីតិវិធី​ទាញហេតុផល​ផ្ទាល់មាត់ ឧទ្ទេស​នាម​ដោយ ឯកឧត្តម យ៉ា ណារិន អនុប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​។​
២. ការដោះស្រាយ​បទល្មើស​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ក្នុង​ករណី​វិវាទ​ដីធ្លី ឧទ្ទេស​នាម​ដោយ ឯកឧត្តម ទី សំណាង អនុប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​។​

​ប្រធានបទ​ទាំងនេះ គឺជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់​ក្នុង​ការកែទម្រង់​ប្រព័ន្ធតុលាការ ដើម្បី​ធានា​នូវ​តម្លាភាព ភាពត្រឹមត្រូវ​តាម​ច្បាប់ និង​បង្កើន​ទំនុកចិត្ត​ពី​សាធារណជន​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ម៉ុង មុនី​ចរិយា ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាន​លើកឡើង​ថា អនុលោម​តាម យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​គឺ​ជា​ស្នូល​ដ៏​សំខាន់​។ ក្នុងនោះ មុំ​ទី​៤ នៃ​យុទ្ធសាស្ត្រ​បាន​ផ្តោត​លើ​ការលើកកម្ពស់​ប្រសិទ្ធភាព​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ការប្រយុទ្ធប្រឆាំង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម និង​ការការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​។​

​ថ្លែង​ក្នុង​សុន្ទរកថា​បិទ​អង្គសន្និបាត ឯកឧត្តម ម៉ុង មុនី​ចរិយា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សាមគ្គីភាព​ផ្ទៃក្នុង និង​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​កន្លង​ទៅ​។ ឯកឧត្តម​បាន​ដាក់ចេញ​នូវ​ការណែនាំ​ដល់​មន្ត្រី​ទាំងអស់ ឱ្យ​បន្ត​អនុវត្ត​ការងារ​ស្រប​តាម​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​រប​ស់​ក្រសួង​យុត្តិធម៌ ក៏ដូចជា​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ ដើម្បី​ធានា​ឱ្យបាន​នូវ​សមភាព​ចំពោះមុខ​ច្បាប់​សម្រាប់​បុគ្គល​គ្រប់រូប​។​

​ជា​កិច្ចបញ្ចប់ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​ខិតខំ​បំពេញ​ភារកិច្ច ឯកឧត្តម ម៉ុង មុនី​ចរិយា និង​ឯកឧត្តម ហួត វុទ្ធី បាន​ផ្តល់​កិត្តិយស​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​មន្ត្រី​ឆ្នើមៗ ដែល​មាន​ស្នាដៃ​លេចធ្លោ​ក្នុង​ឆ្នាំ​២០២៥​។ ពិធី​សន្និបាត​នេះ​បាន​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល ព្រមទាំង​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ក្នុងការ​ក្លាយ​ជា​បង្អែក​យុត្តិធម៌​ដ៏​រឹងមាំ និង​គួរឱ្យ​ជឿ​ទុកចិត្ត​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិភាគ​នេះ​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *