ឯកឧត្តម គន់ រ័ត្ន​មុនី ចុះ​សំណេះសំណាល និង​រៀបចំ​សហគមន៍​កសិកម្ម​ទំនើប ជូន​ដល់​បងប្អូន​អតីតយុទ្ធជន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

(​ខេត្ត​ត្បូងឃ្មុំ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម គន់ រ័ត្ន​មុនី អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត (​អ​.​ន​.​ក​) តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ អ​.​ន​.​ក ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​រៀបចំ​សហគមន៍​កសិកម្ម​ទំនើប ជូន​ដល់​បងប្អូន​អតីតយុទ្ធជន ដែល​កំពុង​រស់នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ឃុំ​ទ្រៀក និង​ឃុំ​រូង ស្រុក​មេមត់​។​

​ពិធី​នេះ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ទីតាំង​ផ្ទះ​អតីតយុទ្ធជន ស្ថិតក្នុង​ភូមិ​ព្រៃ ឃុំ​ទ្រៀក ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អាជ្ញាធរ​ស្រុក​-​ឃុំ និង​បងប្អូន​អតីតយុទ្ធជន​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម គន់ រ័ត្ន​មុនី បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់ ឯកឧត្តម ប៉ែន កុសល្យ ជូន​ចំពោះ​បងប្អូន​អតីតយុទ្ធជន​ទាំងអស់​។ ឯកឧត្តម​បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​វីរភាព និង​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី សន្តិសុខ និង​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ និង​ជីវភាព​របស់​អតីតយុទ្ធជន​។ ជាក់ស្តែង ការរៀបចំ​ដី​សម្បទាន​សង្គមកិច្ច ការសាងសង់​ផ្ទះ និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត (​ផ្លូវ ទឹក ភ្លើង​) គឺជា​សក្ខីភាព​នៃ​ការគិតគូរ​ដ៏​ល្អិតល្អន់ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​សហគមន៍​គំរូ​។​

​ទាក់ទង​នឹង​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​អតីតយុទ្ធជន ខិតខំ​បង្កបង្កើន​ផល ដាំ​ដុះ​ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ​នៅ​ជុំវិញ​ផ្ទះ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ និង​លក់​លើ​ទីផ្សារ​បង្កើន​ចំណូល​។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​លើកឡើង​ពី​ផែនការ​ចងក្រង​ជា «​សហគមន៍​កសិកម្ម​ទំនើប​» តាមរយៈ​យន្តការ​ត្រីវិស័យ (​កសិកម្ម​-​ធនធានទឹក​-​អភិវឌ្ឍន៍ជនបទ​) ដើម្បី​ធានាបាន​នូវ​បច្ចេកទេស​ដាំ​ដុះ ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ និង​ការរៀបចំ​ទីផ្សារ​ឱ្យមាន​ស្ថិរភាព​។​

​ជាទី​បញ្ចប់ ឯកឧត្តម​បាន​ណែនាំ​ឱ្យ​មន្ទីរ​កសិកម្ម មន្ទីរ​ធនធានទឹក និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស និង​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ឱ្យបាន​រឹងមាំ ដើម្បី​ប្រែក្លាយ​តំបន់​ស្នាក់នៅ​របស់​អតីតយុទ្ធជន ឱ្យទៅជា​តំបន់​កសិកម្ម​មាន​សក្តា​នុព​ល ដែល​អាច​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួកគាត់​ឱ្យ​កាន់តែ​ប្រសើរឡើង​ជា​លំដាប់​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *