(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅភារកិច្ចឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត, ប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក និងឃុំ-សង្កាត់, ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងមន្ត្រីបក្សពាក់ព័ន្ធសរុបប្រមាណជិត ២,០០០នាក់។
បន្ទាប់ពីបានស្ដាប់សេចក្តីព្រាងរបាយការណ៍បូករសរុបការងារគណបក្សខេត្តប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ច ឆ្នាំ២០២៦ ដោយឯកឧត្តម កេង ប៊ុនណា ប្រធានគណៈប្រចាំការគណបក្សខេត្ត និងការអានរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ ២០២៦ របស់គណៈកម្មាធិការកណ្តាល ដោយឯកឧត្តម ប៉ែន កុសល្យ ប្រធានគណបក្សខេត្ត រួចមក ឯកឧត្តម ជា សុផារ៉ា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ រហូតសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារ បានលើកឡើងអំពីបរិការណ៍ពិសេសនៃស្ថានភាពប្រទេសជាតិ ដែលកំពុងប្រឈមនឹងបញ្ហាព្រំដែន។ ឯកឧត្តម បានគូសបញ្ជាក់ថា ស្ថានភាពឆ្នាំនេះ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដែលទាមទារឱ្យយើងត្រូវបន្តខិតខំកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងការពារជាតិ ដើម្បីធានាដល់អត្ថិភាពជាតិឱ្យបានគង់វង្ស។
ឯកឧត្តមបានសង្កត់ធ្ងន់លើការពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងវិន័យ ដោយត្រូវរួមសហការគ្នាជាកម្លាំងសរុប ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ ក្នុងនាមជាបង្អែកដ៏រឹងមាំនៃសមរភូមិមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
ទោះបីជាខេត្តជាប់ព្រំដែនមួយចំនួន កំពុងរងផលប៉ះពាល់ក៏ដោយក្តី ប៉ុន្តែសម្រាប់ខេត្តត្បូងឃ្មុំ នៅតែបន្តសម្រេចបានសមិទ្ធផលនានាជាច្រើនគួរជាទីមោទនៈ។ ផ្លែផ្កានៃការរីកចម្រើននេះ គឺជាសក្ខីភាពនៃការប្រែប្រួលមុខមាត់ថ្មីក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយខេត្តត្បូងឃ្មុំ ឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំបំផុតរបស់គណបក្ស និងរាជរដ្ឋាភិបាល។
សម្រាប់ទិសដៅឆ្នាំ២០២៦ ខាងមុខ ឯកឧត្តមបានកំណត់យកជា ឆ្នាំកសាងមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមលក្ខណៈសម្បត្តិដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានជំរុញឱ្យមន្ត្រីបក្សទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការកណ្តាលឱ្យមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមគ្នានេះ សូមបន្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវសុខសន្តិភាព និងបន្តការអភិវឌ្ឍតាមមាគ៌ាដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្ស។
ជាទីបញ្ចប់ ឯកឧត្តម ជា សុផារ៉ា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់កម្រិត ត្រូវបន្តកសាងខ្លួនតាមរយៈអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ និងអត្តចរិតថ្លៃថ្នូរ ឱ្យសក្ដិសមជាមន្ត្រីបក្សដែលបម្រើប្រជាជនដោយស្មោះត្រង់។ នេះគឺជាការឆ្លើយតបទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕



