ឯកឧត្តម ផា​រ៉ា មង្គល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ រួម​ជាមួយ​សហការី បាន​នាំ​យក​កញ្ចប់​អាហារ​ស្រាយ​បួស ចែកជូន​ដល់ ហា​កឹម​ម៉ាស្ជិ​តទាំង ២៥​វិហារ ក្នុង​ស្រុក​ក្រូចឆ្មារ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​រ៉ា​ម៉ា​ឌន​

​ត្បូងឃ្មុំ​៖ ឯកឧត្តម ផា​រ៉ា មង្គល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ រួម​ជាមួយ​សហការី បាន​ចុះ​ជួប​សំណេះសំណាល និង​នាំ​យក ​កញ្ចប់​អាហារ​ស្រាយ​បួស ចែកជូន​ដល់ ហា​កឹម​ម៉ាស្ជិ​តទាំង ២៥​វិហារ ក្នុង​ស្រុក​ក្រូចឆ្មារ ក្នុងឱកាស​អបអរសាទ​រ ពិធីបុណ្យ​រ៉ា​ម៉ា​ឌន ដែល​ខិត​ជិត​មក​ដល់​នាពេលខាងមុខ​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ វិហារ​ធំ​ជំនីក ភូមិ​បន្ទាយ ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ផា​រ៉ា មង្គល បាន​ពាំនាំ ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​ជូនពរ ពី​សំណាក់​សម្ដេច​សម្ដេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​ពាំនាំ​សេចក្តី​នឹករលឹក​ពី​សំណាក់ ឯកឧត្តម ជា សុផារ៉ា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដែល​តែងតែ​រួមសុខទុក្ខ​ជាមួយ​លោក​ហា​កឹម​ម៉ា​ស្ជិត និង​ទួន​ខ្មែរ​-​ឥស្លាម ក្នុង​ស្រុក​ក្រូចឆ្មារ​។​

​ឯកឧត្តម​ប្រធាន បាន​លើកឡើង​ថា ការចូលរួម​នៅ​ថ្ងៃនេះ គឺជា​ការដឹងគុណ និង​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ក្រុមការងារ និង​បងប្អូន​ខ្មែរឥស្លាម​ទាំង ១២ ឃុំ ក្នុង​ស្រុក​ក្រូចឆ្មារ​។ ឯកឧត្តម​ក៏​បាន​បញ្ជាក់ថា ទំនាក់ទំនង​រឹងមាំ មិន​កើត​ចេញពី​ពាក្យ​សម្តី​តែមួយ​មុខ​ទេ ប៉ុន្តែ​កើត​ពី​ការ​យល់​ពី​គ្នា ស្តាប់​គ្នា និង​ជួយ​គ្នា​ទៅវិញទៅមក ហើយ​ឯកឧត្តម​បាន​អញ្ជើញ​មក​ក្នុងនាម​ជា​អ្នក​ស្តាប់​មតិ​យោបល់​បងប្អូន ដើម្បី​រួម​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​តាម​សំណូមពរ​។​

​ជាមួយគ្នានេះ ឯកឧត្តម​បាន​រំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ធានា សិទ្ធិសេរីភាព​ក្នុង​ការគោរព​ជឿ​កាន់​សាសនា ដោយ​គោរព​សេចក្តីថ្លៃថ្នូ និង​សាមគ្គីភាព​ជាតិ​។​

​សម្រាប់​អំណោយ ដែល​ចែក​ជូន​ក្នុងឱកាស​ស្រាយ​បួស​នេះ ក្នុង​១​វិហារ រួមមាន ត្រីខ ៥០ កំប៉ុង​, ផ្លែ​ល្មើ ៤ គីឡូក្រាម​, នំ​ធុង ២ ធុង​, តែ ១​កញ្ចប់​ធំ​, កាហ្វេ ១​កញ្ចប់​ធំ​, ស្ករស ៥ គីឡូក្រាម និង​ថវិកា ១០ ម៉ឺន​រៀល ៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *