(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វិស័យពុទ្ធចក្រ និងអាណាចក្រក្នុងស្រុកត្បូងឃ្មុំ បានរួមគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ចេតិយរួម” ដ៏ស្កឹមស្កៃ ស្ថិតក្នុងវត្តសន្តិវង្សារាម (វត្តផ្សារថ្មី) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា ម៉ក់ គឹមហុង ប្រធានអគ្គនាយក ក្រុមហ៊ុន សុភក្តិនីការ អិនវេសមេនគ្រុប នៃចំការកៅស៊ូជប់ និងលោកជំទាវ ទុយ រស្ម៉ី ព្រមទាំងលោក សេង សុខខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ នៅបរិវេណវត្តសន្តិវង្សារាម(វត្តផ្សារថ្មី) ស្ថិតនៅភូមិ ០៤+០៥ ឃុំជប់ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំ។
ព្រះគ្រូវិសុទ្ធិបញ្ញាញាណ(វិរិយបណ្ឌិតោ) វឿន ម៉ាប់ ព្រះគ្រូចៅអធិការវត្តសន្តិវង្សារាម(ផ្សារថ្មី) បានមានត្ថេរដិការសង្ខេបអំពីប្រវត្តិនៃការកកើតវត្ត និងសកម្មភាពនៃការកសាងចេតិយរួម ដែលលេចចេញ ជារូបរាងរហូតឈានដល់ដំណាក់កាលសម្ពោធឆ្លងនៅក្នុងថ្ងៃនេះ។ ជាក់ស្តែង សមិទ្ធផលថ្មី “ចេតិយរួម” ដែលសម្ពោធនាឱកាសនេះ គឺជាសក្ខីភាពនៃសទ្ធាជ្រះថ្លារបស់ឧកញ៉ា ម៉ក់ គឹមហុង និងលោកជំទាវ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចំណាយថវិកាសាងសង់សរុបចំនួន ៦០,៥៥០ ដុល្លារ។ អ្វីដែលគួរឱ្យកោតសរសើរនោះ ក្នុងឱកាសពិធីសម្ពោធនេះ លោកឧកញ៉ា និងលោកជំទាវ បានប្រគេនបច្ច័យបន្ថែមចំនួន ៨,៩៥០ ដុល្លារ ដើម្បីទូទាត់ថ្លៃសម្ភារៈ និងឈ្នួលជាងដែលនៅខ្វះខាតឱ្យរួចរាល់ជាស្ថាពរតែម្តង។ ចេតិយរួមនេះ រួមមាន ៖ ទំហំខឿន ១៣.៥០ម x ១៧.៥០ម និងតួចេតិយទំហំ ៥.៥០ម x ៥.៥០ម, មានទូកញ្ចក់សម្រាប់តម្កល់ធាតុចំនួន ១,០៦៤ ទូ និងមាន រូបសំណាកស្តេចចតុលោកបាល សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញយ៉ាងប្រណីត។
ថ្លែងក្នុងពិធីនោះ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ដែលមិនត្រឹមតែលើកកម្ពស់វិស័យសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រាលទុក្ខលំបាកយ៉ាងធំធេងដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារខ្វះខាត ឱ្យមានកន្លែងសមរម្យសម្រាប់តម្កល់អដ្ឋិធាតុបុព្វការីជន។ លោកអភិបាលស្រុកក៏បានឆ្លៀតឱកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាព និងអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានេះ ឧកញ៉ា ម៉ក់ គឹមហុង ក៏បានសម្តែងនូវការត្រេកអរ និងកោតសរសើរចំពោះសាមគ្គីភាពរវាងអាជ្ញាធរ និងពុទ្ធបរិស័ទ។ លោកឧកញ៉ា ក៏បានបញ្ជាក់ថា ការចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាម គឺជាការថែរក្សាអត្តសញ្ញាណជាតិ និងពង្រឹងសីលធម៌សង្គម ព្រោះព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលផ្តល់ការអប់រំឱ្យមនុស្សប្រព្រឹត្តអំពើល្អ។
ពិធីនេះបានបញ្ចប់ទៅយ៉ាងជោគជ័យ ក្រោមបរិយាកាសរីករាយ និងជ្រះថ្លាបំផុត ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ បុគ្គលិកចំការកៅស៊ូ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទយ៉ាងកុះករ មុននឹងឈានដល់ពិធីកាត់ខ្សែបូរណ៍សម្ពោធឆ្លងជាផ្លូវការ៕

