ត្រី​គល់រាំង​ចំនួន ២​ក្បាល មាន​ទម្ងន់ ៧០​គីឡូក្រាម ត្រូវបាន​លែង​ចូល​អាងទឹក​តា​វ៉ា​ន់ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដើម្បី​អភិរក្ស​!

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម គល់ យ៉ា​ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​លែង​ត្រី​គល់រាំង ចំនួន​២​ក្បាល ទម្ងន់ ៧០​គីឡូក្រាម ចូលទៅ​ក្នុង​អាងទឹក​តា​វ៉ាន់ (​ទន្លេ​សប្ប​និម្មិត ) ក្នុង​តំបន់​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ​។​

​ការលែង​ត្រី​គល់រាំង ដែល​ជា​ប្រភេទ​ត្រី​កម្រ និង​កំពុង​រង​គ្រោះថ្នាក់ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិរក្ស​ធនធាន​ជលផល ជាពិសេស​ប្រភេទ​ត្រី​ដែល​ជា​អត្តសញ្ញាណ​ជាតិ “​មច្ឆជាតិ​” និង​កំពុង​រង​ការគំរាមកំហែង​។ លើសពីនេះ វត្តមាន​របស់​ត្រី​គល់​រាំង​នៅក្នុង​អាងទឹក នឹង​ជួយ​បង្កើន​សោភ័ណភាព និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​តំបន់​នេះ​ផង​ដែរ​។

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​ខេត្ត សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ស្រុក​តំបែរ ដែល​បាន​ប្រគល់​ត្រី​គល់រាំង ចំនួន ២​ក្បាល ដែល​បានមកពី​ប្រជាពលរដ្ឋ ចាប់បាន​នៅ​ក្នុង​អាងទឹក​ទំនប់​ជាំ​តា​ហឹង នៅ​ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ និង​ប្រគល់​ជូន​រដ្ឋបាលខេត្ត យក​មក​ប្រលែង​ចូល​ក្នុង​អាង​តា​វ៉ាន់ ដើម្បី​ថែរក្សា​និង​អភិរក្ស​។ និង​បាន​ពាំនាំ​ការ​ផ្ដាំផ្ញើរ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ជួយ​ថែរក្សា មិន​នេសាទ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព​ត្រី​ទាំងនេះ ដើម្បី​ទុកជា​សម្បត្តិ​រួម​របស់​យើងទាំងអស់គ្នា​។

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ និង​រដ្ឋបាល​ខេត្ត បាន​លែង​នូវ​ប្រភេទ​ត្រី​ជាច្រើន​ប្រភេទ​ដូចជា​ប្រភេទ​ត្រី​រាជ ត្រី​ប្រា​ធំ ត្រី​កញ្ជនជ័យ ត្រី​រ៉ស់ អណ្ដើក និង​ប្រភេទ​វា​រី​សត្វ​ផ្សេងៗ​ទៀត ចូល​ក្នុង​អាងទឹក​តា​វ៉ាន់​នេះ​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​អភិរក្ស​និង​បង្កើត​ផល​ស្តុក​ត្រី​ធម្មជាតិ​។ ក្នុងនោះ​ប្រភេទ​ត្រី​សំខាន់ៗ​និង​ជា​ប្រភេទ​ត្រី​ធំ​កម្រ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ត្រី​រាជ និង​ត្រី​គល់រាំង​នេះ​។​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *