គណៈកម្មការ​ទី​២​ព្រឹទ្ធសភា អញ្ជើញ​ចុះ​ឈ្វេងយល់​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈ​ក​ម្មការ នៅ​ខេត្ត​ត្បូងឃ្មុំ​

ត្បូងឃ្មុំ​៖ ក្នុង​មុខងារ​តាមដាន​ការអនុវត្ត​ច្បាប់​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៥ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​២) ដឹកនាំ​ដោយ​ឯកឧត្តម យស ផានី​ត្តា ប្រធាន​គណៈកម្មការ បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយនឹង រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រមទាំង​មាន​ការចូលរួម​ពី​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈ​ក​ម្មការ​។​

​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ខាងលើនេះ គឺ​បាន​ប្រព្រឹត្ត ទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ ២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​មានប្រសាសន៍​ស្វាគមន៍ ឯកឧត្តម យស ផានី​ត្តា ប្រធាន​គណៈកម្មការ បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ប្រកបដោយ​ក្តី​នឹករលឹ​ក​ជា​ទីបំផុត​។​

​ឯកឧត្តម​ប្រធាន បាន​ជម្រាបជូន​អំពី​គោលបំណង​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋបាល​ខេត្ត មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នាពេលនេះ ដើម្បី​ប្រមូល​បាន​នូវ​រាល់​សំណូមពរ និង​បញ្ហា​ប្រឈម​នានា ដែល​អាជ្ញាធរ​ខេត្ត មន្ទីរ​ជំនាញ​លើកឡើង គណៈកម្មការ​ទី​២​ព្រឹទ្ធសភា នឹង​ធ្វើ​របាយការណ៍​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ផ្តល់​ជា​យោបល់​ទៅ​ក្រសួង ស្ថាប័ន ដែល​មាន​សមត្ថកិច្ច​ធ្វើ​ការដោះស្រាយ​។

​ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​មាន ប្រសាសន៍​ស្វាគមន៍​នូវ​វត្តមាន​របស់​គណៈប្រតិភូ​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា​នា​ពេល​នេះ គឺ​មាន​សារៈសំខាន់​ណាស់ ដែល​បាន​បង្ហាញ និង​បញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​គិតគូរ​អំពី​ផលប៉ះពាល់ និង​បញ្ហា​ប្រឈម​នានា​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការអនុវត្ត​ច្បាប់ គោលនយោបាយ ពាក់ព័ន្ធ​ការងារ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​ដើម្បី​ធ្វើ​ការសិក្សា​ស្វែងយល់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តល់​អនុសាសន៍​ក្នុង​ការបំពេញ​បន្ថែម​នូវ​ភាពខ្វះ​ចន្លោះ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​ក្នុង​ការជួយ​សម្រួល​ដល់​ការអនុវត្ត​ការងារ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។ ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​ពី​ស្ថានភាព​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​ការអភិវឌ្ឍ​រីកចម្រើន រួម​ទាំង​បញ្ហា​ផ្សេងៗ​មួយចំនួន​របស់​ខេត្ត​ផងដែរ​។

​ជាការ​ផ្តាំផ្ញើ ឯកឧត្តម យស ផានី​ត្តា ប្រធាន​គណៈកម្មការ​ទី​២​ព្រឹទ្ធសភា បាន​ណែនាំ​ឱ្យ​អង្គភាព​ជំនាញ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​យកចិត្ត​ទុក្ខ​ដាក់​ពង្រឹង​កិច្ច​ការងារ​បន្ថែមទៀត ជាពិសេស​តាមដាន​លើ​របាយការណ៍​ការងារ ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​ភាព​រីកចម្រើន​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *