ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ សហការ​រៀបចំ​សិក្ខាសាលា​ស្តីពី «​ការច្នៃប្រឌិត និង​ផលិតភាព នៅក្នុង​បរិបទ​ថ្មី​» ដើម្បី​ពង្រឹង​សមត្ថភាព​សហគ្រាស​ក្នុងស្រុក ក្នុង​បរិបទ​ឧស្សាហកម្ម ៤.០

(​ត្បូងឃ្មុំ​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី «​ការច្នៃប្រឌិត និង​ផលិតភាព នៅក្នុង​បរិបទ​ថ្មី​» ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស និង​សិប្បកម្ម​ក្នុង​តំបន់​។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង ឯកឧត្តម កេង ប៊ុន​ណា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​មាន​ការចូលរួម​ពី លោក ប៉ិ​ញ វុត្ថា ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​ត្បូងឃ្មុំ និង​លោកស្រី អ៉ិន ចាន់​ធា​វី អនុប្រធាន​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ នៃ​ក្រសួង ឧ​.​វ​.​ប​.​ន ព្រម​ទាំង​ម្ចាស់​សហគ្រាស សិប្បកម្ម សេវាកម្ម អាជីវករ និង​សិស្ស​-​និស្សិត​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម កេង ប៊ុន​ណា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាពិសេស​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា និង​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត ដែល​ជា​មន្ទីរជំនាញ​ពាក់ព័ន្ធ ដែល​បាន​ផ្តល់​អាទិភាព​ដល់​ខេត្ត​ត្បូងឃ្មុំ ក្នុង​ការរៀបចំ​សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។​

​ឯកឧត្តម​អភិបាលរង បន្តថា ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម និង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ការយល់ដឹង​អំពី «​ការច្នៃប្រឌិត និង​ផលិតភាព​» មិនមែន​ជា​ជម្រើស​ទៀត​នោះទេ ប៉ុន្តែ​វា​គឺជា​តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​ម្ចាស់​សហគ្រាស និង​អាជីវករ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង និង​ធានាបាន​នូវ​និរន្តរភាព​នៃ​អាជីវកម្ម​របស់​ខ្លួន​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​បាន​បង្ហាញ​ពី​សក្ដានុពល​ដ៏​សម្បូរ​បែប​របស់​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​សិប្បកម្ម​កែច្នៃ​។ ឯកឧត្តម​ជឿជាក់ថា ប្រសិន​បើ​ម្ចាស់​អាជីវកម្ម និង​និស្សិត​ក្នុង​ខេត្ត ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា និង​នវានុវត្តន៍​មក​ច្នៃប្រឌិត​ធនធាន​ដែល​មាន​ស្រាប់ វា​នឹង​ក្លាយជា​កម្លាំងចលក​រយ៉ា​ង​សំខាន់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម បាន​ពាំនាំ​នូវ​ការកោតសរសើរ​ពី​សំណាក់ ឯកឧត្តម ហែម វណ្ឌ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម ចំពោះ​ស្មារតី​ចង់​ចេះ​ចង់ដឹង​របស់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចូលរួម​សិក្ខាសាលា​ស្តីពី «​ការច្នៃប្រឌិត និង​ផលិតភាព​» ដើម្បី​ក្រេបជញ្ជក់​ចំណេះដឹង ពង្រឹងសមត្ថភាព និង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​។ ឯកឧត្តម​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជានិច្ចកាល​តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការគាំទ្រ​វិស័យ​ឯកជន តាមរយៈ​ការកែសម្រួល​នីតិវិធី និង​ការបណ្តុះបណ្តាល​បច្ចេកទេស ដើម្បី​ជំរុញ​ការផលិត​ក្នុង​ស្រុក​ជំនួស​ឱ្យ​ការ​នាំចូល​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​បាន​ណែនាំ​ឱ្យ​ម្ចាស់​សហគ្រាស​អនុវត្ត​នូវ “​ឧបករណ៍​ផលិតភាព​” និង​ប្រព័ន្ធ «៥​ស​» (5S) ដែល​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ថ្លៃដើម និង​បង្កើន​ប្រាក់ចំណេញ​។ ឯកឧត្តម​បាន​លើកឡើង​ជា​ឧទាហរណ៍​នូវ​ជោគជ័យ​នៃ​ផលិតផល​ក្នុងស្រុក​មួយ​ចំនួន​ដូចជា អង្ករ ស៊ីម៉ង់ត៍ និង​ភេសជ្ជៈ ដែល​បច្ចុប្បន្ន​អាច​ផលិត​បាន បំពេញតម្រូវការ និង​មាន​គុណភាព​ខ្ពស់​កាត់បន្ថយ​ការ​នាំចូល និង​ឈាន​ទៅដល់​ការនាំចេញ​។​

​ជាទី​បញ្ចប់ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ក៏​បាន​ផ្ដាំផ្ញើ​ដល់​ម្ចាស់​សហគ្រាស និង​និស្សិត​ទាំងអស់ ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការផ្លាស់ប្តូរ​ទម្លាប់​ការងារ និង​ចាប់​យក​ចំណេះដឹង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើនឡើង ដែល​នេះ​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​រុញច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *