ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឱ្យ​យុវជន​ប្រើ «​អាវុធ​ឌីជីថល​» ដើម្បី​ការពារ និង​ផ្សព្វផ្សាយ​មរតក​វប្បធម៌​ខ្មែរ ក្នុងឱកាស​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៨ ឆ្នាំ​២០២៦

(​ត្បូងឃ្មុំ​)៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៨ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ស្ថិត​នៅ​សាលប្រជុំ​រំដួល សាលាខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៦ នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មេញ្ជាការ​កងកម្លាំងប្រដាប់អាវុ​ធ ប្រធាន​ពន្ធនាគារ​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិល្បៈករ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ លោក កួ ហុក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ឡើង​ធ្វើ​របាយកាណ៍​ស្វាគមន៍ និង​បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​នេះ ធ្វើឡើង​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ដាស់​ស្មារតី​កូន​ខ្មែរ​គ្រប់​ជំនាន់ ពិសេស​យុវជន ឱ្យ​ចង​ចាំ និង​យល់ដឹង​ពី​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នៃ​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និង​អរូបី​។ លោក​ប្រធាន​មន្ទីរ បាន​គូសបញ្ជាក់​ពី​សក្តានុពល​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ស្ថានីយ​បុរេប្រវត្តិ​សាស្ត្រ ៣២​កន្លែង ប្រាសាទ​បុរាណ ៩​កន្លែង និង​ក្រុម​សិល្បៈ​មហាជន​ចំនួន ២១៦​ក្រុម ដែល​កំពុង​សកម្ម​ក្នុង​ការថែរក្សា​ដួងព្រលឹង​ជាតិ​។​

​ក្នុងឱកាស​អបអរសាទ​រ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៨ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» នាពេលនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា ក្នុង​បរិបទ​ដែល​វប្បធម៌​បរទេស​កំពុង​ហូរ​ចូល​យ៉ាងគំហុក​តាមរយៈ​បណ្ដាញ​សង្គម យុវជន​ត្រូវតែ​ជា​អ្នក​ចម្រាញ់ និង​ជា​ខែល​ការពារ​អត្តសញ្ញាណ​ជាតិ​។ ឯកឧត្តម​បាន​ក្រើនរំលឹក​ថា «​វប្បធម៌ សិល្បៈ គឺជា​ព្រលឹង​ជាតិ​» ប្រសិនបើ​ក្មួយៗ​យុវជន​មិន​រួមគ្នា​ថែរក្សា​ទេ នោះ​អត្តសញ្ញាណ​របស់​យើង​នឹង​ត្រូវ​រលាយបាត់​បង់ ឬ​ត្រូវ​បាន​គេ​លួច​បន្លំ​យក​ទៅ​បកស្រាយ​ខុស​ពី​ការពិត ។

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកទឹកចិត្ត ដល់​ស្រទាប់​យុវជន ជា​សិល្បករ និង​សិស្សានុសិស្ស ត្រូវ​ប្រើប្រាស់​ចំណេះដឹង​ផ្នែក​ឌីជីថល ដើម្បី​ផលិត​មាតិកា (Content) វីដេអូ​ខ្លីៗ ឬ​រូបភាព​ស្អាតៗ​ពី​វប្បធម៌​ខ្មែរ ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក ដែល​នេះ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការការពា​រមរ​តក​ដូនតា ពី​ការរំលោភ​បំពាន និង​ការប៉ុនប៉ង​លួច​បន្លំ​ពី​សំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ​។​

​ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដែល​បាន​ខិតខំ​អភិរក្ស​សិល្បៈ​ក្នុង​មូលដ្ឋាន និង​បាន​អំពាវនាវ​ឱ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធ សូម​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​យុវជន ដើម្បី​ឱ្យ​ពួកគេ​មាន​មោទនភាព​ចំពោះ​ជាតិ​ខ្លួន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា​ឡើយ​។​

​ឯកឧត្តម ប៉ែន កុសល្យ បាន​ផ្ញើ​សារ​ជូនពរ​ដល់​អង្គពិធី​ទាំងមូល និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្មារតី​នៃ​ទិវា​វប្បធម៌​ជាតិ​ឆ្នាំ ២០២៦ នេះ នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​មួយទៀត ក្នុង​ការជំរុញ​ឱ្យ​ខេត្ត​ត្បូងឃ្មុំ ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល រក្សាបាន​នូវ​ភាពរុងរឿង​នៃ​វប្បធម៌​ដែល​ជា​មរតក​មិនចេះ​រីងស្ងួត​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *