ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី (បើក-បិទ)វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩) និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៦-២០២៨) នៅសាលប្រជុំរំដួល មន្ទីរធម្មការខេត្តត្បូងឃ្មុំ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត នាយក នាយករងការិយាល័យ ផែនការនិងវិនិយោគខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ។
មានប្រសាសន៍បើកវគ្គ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត បានបង្ហាញពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំងអស់ក្នុងខេត្ត និងរដ្ឋបាលខេត្តឱ្យរៀបចំ និងកំណត់តម្រូវការគម្រោងវិនិយោគជាអាទិភាព របស់ប្រជាពលរដ្ឋសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការថវិការបស់ខេត្ត និងសម្រាប់ប្រើប្រាស់ជាធាតុចូលដល់មន្ទីអង្គភាពក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន។ ហើយវគ្គបណ្តុះបណ្តាល នេះ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់រដ្ឋបាលក្រោមជាតិ ជាមួយនិងច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងដើម្បីធានាឱ្យមានគណនេយ្យភាពពិតប្រាកដជូនប្រជាពលរដ្ឋ ដែលបានលើកគម្រោង អភិវឌ្ឍន៍សម្រាប់ដោះ ស្រាយបញ្ហានានាដែលជួបប្រទះនៅមូលដ្ឋាន តាមរយៈការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលផងដែរ។
ឯកឧត្តម អភិបាលរងខេត្តបានបន្តថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ ខ្លឹមសារនិងដំណើរការ ទាំងមូលនៃការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ បាននិងកំពុងស្ថិតក្នុងគន្លងនៃដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិហើយវគ្គបណ្តុះបណ្តាលនេះ គឺពឹងផ្អែកទាំងស្រុងលើការចូលរួមវិភាគ ចង្អុលបង្ហាញ ដោយស្មោះត្រង់ ដើម្បីឪ្យគម្រោងមានភាពសមស្រប។ ដូច្នេះក្នុងរយៈពេលនាកិច្ចប្រជុំនេះ សូម លោក លោកស្រីផ្តោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិភាក្សានិងផ្តល់យោបល់ ជាធាតុចូល ទាំងឡាយអោយបានផុលផុស ដើម្បីធានាបាន នូវផែនការដ៏លម្អិតមួយ ដែលមានភាពប្រាកដប្រជា និងធានាបានភាពជាម្ចាស់អាចអនុវត្តបានប្រកប ដោយជោគជ័យ ។
ជាមួយគ្នានោះដែរ ក៏មានបទបង្ហាញរបស់លោកស្រី ផា លក្ខិណា អនុប្រធានមន្ទីរផែនការខេត្តត្បូងឃ្មុំ ទាក់ទងនឹងការរំលឹកឡើងវិញ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩) ដែល បទបង្ហាញនេះមានសារៈសំខាន់ណាស់ ក្នុងការជួយដល់រដ្ឋបាល ក្រុង ស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់អនុវត្តកិច្ចការងារកម្មវិធីវិនិយោគបីឆ្នាំរំកិលត្រឹមត្រូវ តម្លាភាព ស័ក្តសិទ្ធភាព។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តបានធ្វើការថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលសហការក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនេះ និងញ៉ាំងពិធីឱ្យប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានោះ ឯកឧត្តម គណអធិបតី ក៏បានប្រគល់ជូននៅសៀវភៅវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៦-២០២៨) ដល់អ្នកចូលរួមទាំងអស់ដើម្បីជាត្រីវិស័យក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងថតរូបអនុស្សាវរីយ៍ផងដែរ៕



