​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​ក្រុមប្រឹក្សា​មូលដ្ឋាន​ទូទាំង​ខេត្ត​ត្បូងឃ្មុំ ជិត ៩០០​នាក់​

(​ត្បូងឃ្មុំ​) ៖ (​ខេត្ត​ត្បូងឃ្មុំ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​ត្បូងឃ្មុំ សរុប​ប្រមាណ​ជិត ៩០០​នាក់ ដែល​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ​ធំ ទល់មុខ​ច្រកចូល​សត្តឃាត ស្ថិតនៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ប្រធាន​-​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ រួម​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត សរុប​ប្រមាណ​ជិត ៩០០​នាក់​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​សម្តែង​នូវ​ក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ដែល​ជានិច្ចកាល​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ និង​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​រាយការណ៍​ជូន​សម្តេច​តេជោ អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​ខេត្ត​សម្រេចបាន រួមមាន​៖
-​សន្តិសុខ និង​ស្ថិរភាព​៖ ការរក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ស្ថិរភាព​នយោបាយ​យ៉ាងរឹងមាំ​។​
-​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​៖ ការរីកចម្រើន​នៃ​បណ្តាញ​ផ្លូវជាតិ (​លេខ​៧, ៨, ១១, ៧៣) ជាពិសេស​គឺ​សមិទ្ធផល​ប្រវត្តិសាស្ត្រ ផ្លូវជាតិ​លេខ ៧១C និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ស្ទឹងត្រង់​-​ក្រូចឆ្មារ​) ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០២៥ កន្លងទៅ ដែល​កំពុង​បម្រើ​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​។​
-​វិស័យ​សុខាភិបាល និង​អប់រំ​៖ ខេត្ត​ទទួលបាន​មន្ទីរពេទ្យ​ខ្នាត​ធំ​ប្រចាំ​តំបន់ (​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​) និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ ដែល​ជា​បង្អែក​សុខភាព​ដ៏​សំខាន់​។ ទន្ទឹមនឹងនោះ វិស័យ​អប់រំ​ក៏​មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ តាំង​ពី​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​សាកលវិទ្យា​ល័យ​។​
-​សាសនា និង​វប្បធម៌​៖ ការរីកចម្រើន​នៃ​វត្ត​អារាម និង​វិស័យ​សាសនា​ដទៃទៀត (​ឥស្លាម​សាសនា គ្រីស្ទសាសនា​) ដែល​រស់នៅ​ជាមួយគ្នា​ក្រោម​ម្លប់​សន្តិភាព និង​សុខដុម​នីយកម្ម​សាសនា​។​
​សមិទ្ធផល​ទាំងនេះ គឺជា​សក្ខីភាព​នៃ​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ការគិតគូរ​គិតគូរ​វែងឆ្ងាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។​

​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​នេះ ជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឲ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឲ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទន្ទឹម​នឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ​។

​នា​ឱកាស​នោះ សម្តេច​តេជោ​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​សារជាថ្មី​។ សម្តេច​តេជោ​បានកោតស​រសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​កន្លងមក ជាពិសេស​ការរួម​គ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុងសង្គម ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្ករ​ចលាចល​នានា​ក្នុងសង្គម​។​

​សម្តេច​តេជោ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​អោយបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​ដែល​នាំឱ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​តេជោ ក៏​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​ឱ្យបាន ស្ថិរភាព​សង្គម សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន ជាពិសេស​បង្ក្រាប​ឱ្យបាន​នូវ​អំពើ​ឆបោក​តាម​អន​ឡា​ញ​(Scam Online)​។​

​សម្ដេច​តេជោក៏បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ ចៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា​«​មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​»  ម្យ៉ាងវិញទៀត​ចៀសវាង​ប្ដី​ស័ក្ដិ​៣ ប្រពន្ធ​សក្ដិ​៤ កូន​សក្ដិ​៥ ដែល​ធ្វើឲ្យមាន​បញ្ហា​ក្នុង​មូលដ្ឋាន​។​

​សម្ដេច​តេជោក៏បាន​ជំរុ​ញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់គ្នា គាំទ្រ​ដល់​ការប្រមូល​ចំណូល ទាំង​ផ្នែក​ពន្ធគយ និង​ពន្ធដា​។ សម្ដេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ចូលរួម ថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការបំផ្លិចបំផ្លាញ និង​រួម​គ្នា​ក្នុង​ការថែរក្សា​ឲ្យបាន​គង់វង្ស​។ ទន្ទឹមនេះ សម្ដេច​តេជោ​ក៏​អោយ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស និង​មាន​ប្រសិទ្ធិភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ត្បូងឃ្មុំ ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​អោយ​ទទួលបាន​នូវ​ការ​ការរីកចម្រើន​ជា​បន្តបន្ទាប់​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *