​កម្ពុជា​-​សិង្ហ​បុរី ប្ដេជ្ញា​បន្ត​ជំរុញ​សន្ទុះ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នេះ ឱ្យ​កាន់តែ​រឹងមាំ​

នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៨ នៅ​កោះ​សេ​ប៊ូ សាធារណរដ្ឋ​ហ្វីលីពីន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧-៨ ខែ​ឧសភា ឆ្នាំ​២០២៦​។​

​ជា​កិច្ច​ចាប់ផ្ដើម​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​សម្ដែង​នូវ​ការរីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ធិបតី ជាថ្មី​ម្ដងទៀត ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​យូរអង្វែង និង​ប្រកបដោយ​ផ្លែផ្កា រវាង​កម្ពុជា និង​សិង្ហ​បុរី​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ជំនួប​រវាង​ឯកឧត្តម និង​សម្ដេច​ធិបតី នា​ឱកាស​នេះ ស​បញ្ជាក់​អំពី​ភាព​ជិតស្និទ និង​ការប្ដេជ្ញា​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ ក្នុងន័យនេះ​, ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​សិង្ហ​បុរី​ក្នុង​ការបន្ត​ជំរុញ​សន្ទុះ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នេះ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​សេចក្ដី​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ រួមទាំង ការចូល​ជា​ធរមាន នា​ពេល​ថ្មីៗ​នេះ នៃ​ពិធីសារ​ទី​២ ដើម្បី​ធ្វើ​វិសាធនកម្ម​លើ​កិច្ចព្រមព្រៀ​ង​ស្តីពី «​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​» ដែល​នឹង​រួមចំណែក​ក្នុង​ការបន្ត​ទាក់ទាញ​វិនិយោគិន​សិង្ហ​បុរី មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​ក៏​បាន​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ (MOC) ស្តីពី សន្តិសុខ​ស្បៀង រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។ សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ប្រទេស​ទាំង​ពីរ​នឹង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត ដើម្បី​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​គ្រប់​វិស័យ​បន្ថែមទៀត ក៏​ដូច​ជា​បន្ត​ផ្សារភ្ជាប់​ភាព​ជា​ដៃគូរ​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុងឱកាស​នោះ​ដែរ សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ថា កម្ពុជា​នឹង​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ស្តីពី កាតព្វកិច្ច​យោធា ក្នុង​ឆ្នាំ​២០២៦​នេះ ហើយ​សម្ដេច​ធិបតី​សង្ឃឹមថា​កម្ពុជា​នឹង​ទទួលបាន​ការចែករំលែក​បទពិសោធន៍​ពី​ប្រទេស​សិង្ហ​បុរី​បន្ថែមទៀត ដើម្បី​ធានា​នូវ​ភាពរលូន​សម្រាប់​ការអនុវត្ត​។

​ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ថាមពល ការពារជាតិ និង​សន្តិសុខ ព្រមទាំង​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​បញ្ហា​តំបន់​មួយចំនួន​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន និង​អន្តរជាតិ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *