អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​សហគមន៍​ទុរេន​ស្រុក​ស្ទឹងត្រង់ បង្កើត​ស្លាក​សញ្ញា​សម្គាល់​ផលិតផល ដើម្បី​ពង្រឹង​កេរ្តិ៍ឈ្មោះ​លើ​ទីផ្សារ​

(​កំពង់ចាម​) ដើម្បី​លើកកម្ពស់​តម្លៃ​កសិផល​ក្នុងស្រុក និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ប្រភេទ​ទុរេន​ពី​តំបន់​ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ផ្តល់​ការណែនាំ​ដល់​បងប្អូន​ប្រជាកសិករ និង​សហគមន៍​ដាំ​ទុរេន​ក្នុង​ស្រុក​ស្ទឹងត្រង់ ឱ្យ​រួបរួម​គ្នា​បង្កើត​ជា “​ស្លាក​សញ្ញា​សម្គាល់​ផលិតផល​” ឱ្យបាន​ច្បាស់លាស់​។​

​ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិបាលខេត្ត បាន​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យ​មើល​សហគមន៍​មួយ​កន្លែង​នៅ​ឃុំរ​ក្ស​ត្នោត ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងត្រង់ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​សង្កត់ធ្ងន់ថា ទុរេន​ស្រុក​ស្ទឹងត្រង់ គឺជា​កសិផល​ដែល​មាន​សក្តានុពល​ខ្ពស់ និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ដែល​ទទួលស្គាល់​ដោយ​អ្នក​បរិភោគ​ទូទៅ​។ ទោះជា​យ៉ាងណា កន្លងមក​មាន​ការយ​ក​ឈ្មោះ​ទុរេន​ស្ទឹងត្រង់​ទៅ​ប្រើប្រាស់​លើ​ទុរេន​ដែល​នាំចូល​ពី​ក្រៅ​តំបន់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​តម្លៃ​ទីផ្សារ​ពិតប្រាកដ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​សហគមន៍ ជំរុញ​ឱ្យ​សហគមន៍​សហការ​ជាមួយ​មន្ទីរ​ជំនាញ ដើម្បី​បង្កើត​ឡូហ្គោ (Logo) និង​ស្លាក​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ពី​ប្រភពដើម “​ទុរេន​ស្ទឹងត្រង់​”​។ ណែនាំ​ឱ្យ​មាន​ការប្រើប្រាស់ ស្លាក QR Code បិទ​លើ​ផ្លែ​ទុរេន​នី​មួយៗ ដើម្បី​ឱ្យ​អតិថិជន​ងាយស្រួល​ស្កេន​ពិនិត្យ​ប្រភព​ចម្ការ​។ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការដាំដុះ​តាម​គោលការណ៍​កសិកម្ម​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​។​

​នា​ឱកាស​នោះ​ដែរ បងប្អូន​កសិករ​នៅ​ក្នុង​សហគមន៍​ទុរេន​ស្រុក​ស្ទឹងត្រង់ បាន​សម្តែង​នូវ​ការសប្បាយ​រីករាយ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អនុសាសន៍​នេះ ហើយ​សន្យា​នឹង​ខិតខំ​រៀបចំ​រចនាសម្ព័ន្ធ​សហគមន៍​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ប្រែក្លាយ​ទុរេន​ស្ទឹងត្រង់ ឱ្យ​ក្លាយជា​ម៉ាក​សញ្ញា​កសិកម្ម​ដ៏​លេចធ្លោ​មួយ​ប្រចាំ​ខេត្ត​កំពង់ចាម​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *