​ក្រុមហ៊ុន​ហ្វីលីពីន បង្ហាញ​ការចាប់អារម្មណ៍​ខ្ពស់​ក្នុង​ការស្វែងរក​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា

នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Jude Aguilar ប្រធា​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន (PCCI) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៨ នៅ​កោះ​សេ​ប៊ូ សាធារណរដ្ឋ​ហ្វីលីពីន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧-៨ ខែ​ឧសភា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សម្ដេច​ធិបតី​ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នា​ឱកាស​នេះ​។ លោក​ប្រធាន​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍ និង​សកម្មភាព​ធុរកិច្ច​នានា​ប្រកបដោយ​ផ្លែផ្កា នា​ពេលកន្លងមក​។ បន្ថែម​លើ​នេះ​, លោក​ប្រធាន ក៏​បាន​ជម្រាបជូន សម្តេច​ធិបតី អំពី​ផែនការ​បន្ត​ពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​អាជីវកម្ម រវាង​សភាពាណិជ្ជកម្ម​នៃ ប្រទេស​ទាំង​ពីរ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ធុរកិច្ច កាន់តែ​សកម្ម​បន្ថែមទៀត​។ លោក​ប្រធាន​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ពេញចិត្ត​ចំពោះ​កំណើន​ទ្វេដង​នៃ​ទំហំ​ពាណិជ្ជកម្ម ហ្វីលីពីន​-​កម្ពុជា ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២៦​។ លោក​ប្រធាន​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា នៅក្នុង​ឆ្នាំ​២០២៦ នេះ សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន គ្រោង​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​ទៅ​កាន់​កម្ពុជា ដើម្បី​ស្វែងរក​កាលានុវត្តភាព​វិនិយោគ​ថ្មីៗ​បន្ថែមទៀត​។ លោក​ប្រធាន ក៏បាន​គូសបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ហ្វីលីពីន​បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​សក្តានុពល​សំខាន់ៗ​មួយចំនួន រួមមាន​៖ វិស័យ​វេច​ខ្ចប់ និង​ការកែច្នៃ​ចំណីអាហារ​, វិស័យ​ក​សិ​-​ទេសចរណ៍​, និង​វិស័យ​អាកាសចរណ៍ ជា​ពិសេស​ការអភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​នៅតាម​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ជាដើម​។ លោក​ប្រធាន ក៏​បាន​បង្ហាញ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ នឹង​បង្កើត​នូវ​សកម្មភាព​ធុរកិច្ច​, អាជីវកម្ម និង​ពាណិជ្ជកម្ម​ប្រកប​ដោយ​ថា​មវ័ន្ត​បន្ថែមទៀត រវាង​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​លើកទឹកចិត្ត​ឱ្យ​សភាពាណិជ្ជកម្ម​ទាំង​ពីរ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​ទៀត ដើម្បី​លើកកម្ពស់​ការតភ្ជាប់រ​វាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ស្របពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការគាំទ្រ​ទៅដល់​វិស័យ​ឯកជន​។ ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ក​សិ​-​ទេសចរណ៍​, សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​អំពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​កាលានុវត្តភាព​ដែល​ប្រទេស​ទាំង​ពីរ​អាច​ចាប់​យក​ក្នុង​ការតភ្ជាប់​វិស័យ​ក​សិ​-​ទេសចរណ៍​ជាមួយគ្នា តាមរយៈ​ការតភ្ជាប់​ទីផ្សារ​ទេសចរណ៍​ជាមួយគ្នា រវាង​កោះ​សេ​ប៊ូ និង​ខេត្ត​សៀមរាប ក៏​ដូចជា​ខេត្ត​ព្រះសីហនុ​។ ក្នុងន័យនេះ​, សម្ដេច​ធិបតី​លើកទឹកចិត្ត​ឱ្យ​កោះ​សេ​ប៊ូ​បន្ត​ពិភាក្សា​ជាមួយ​នឹង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក្នុង​ការរៀបចំ​ឱ្យមាន​ជើងហោះហើរ​ត្រង់​រវាង​កោះ​សេ​ប៊ូ និង​ខេត្ត​សៀមរាប​។ សម្ដេច​ធិបតី​ក៏​បាន​សង្កត់ធ្ងន់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការលើកកម្ពស់ ក៏​ដូចជា​ការថែរក្សា​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​ធន់​, ភាព​ទាក់ទាញ និង សុខ​សុវត្ថិភាព​។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ថែមទៀត ដើម្បី​ស្វែងរក កាលានុវត្តភាព​ថ្មីៗ ក្នុង​ការពង្រីក​ការវិនិយោគ​, ធុរកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *