​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ប្ដេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​

នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Flavio Bonetti តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក Flavio Bonetti បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ​ដល់​អង្គការ​យូណេស្កូ រហូត​សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​គួរ​ជាទី​មោទនៈ នា​ពេលកន្លងមក​។ លោក Flavio Bonetti បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​យូណេស្កូ ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ និង​ការអភិវឌ្ឍ​វិស័យ​អប់រំ នៅ​កម្ពុជា​។ លោក Flavio Bonetti បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត ក្នុង​ការបន្ត​ពង្រឹង​និង​ពង្រីក​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី អំពី​ការរួមចំណែក​របស់​យូណេស្កូ ក្នុង​ការផ្ដល់​អ្នកជំនាញ និង​ការ​កៀរគរ​មូលនិធិ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​គាំទ្រ​ការគ្រប់គ្រង និង​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា ដែល​នេះ​ជា​អាទិភាព​ចម្បង​របស់​អង្គការ​យូណេស្កូ ។ បន្ថែម​លើ​នេះ លោក Flavio Bonetti បាន​សង្កត់ធ្ងន់​ពី​ការបន្ត​ភាព​ជា​ដៃគូ​យូរអង្វែង​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​ការរៀបចំ​គោលនយោបាយ​អប់រំ ការពង្រឹង​គុណភាព​គ្រូបង្រៀន និង​កម្មវិធីសិក្សា សំដៅ​ចូល​រួមចំណែក​ដល់​ការកសាង​មូលធន​មនុស្ស នៅ​កម្ពុជា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​យូណេស្កូ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​រូបិយ និង​អ​រូបិយ មិន​ត្រឹមតែ​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា និង​យុវជន​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មានតម្លៃ​មហាសាល​សម្រាប់​មនុស្សជាតិ​ទូ​ទាំង​សកលលោក​ផងដែរ​។ ទន្ទឹមនឹងនេះ សម្ដេច​ធិបតី បានលើកឡើង​បន្ថែមថា ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​នៅ​តែ​ជា​អាទិភាព​ដ៏​សំខាន់​របស់​កម្ពុជា ហើយ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​សេនាធិការ បាន​និង​កំពុង​ជំរុញ​បន្ថែមទៀត ការរៀបចំ​ឯកសារ ដើម្បី​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​ជាច្រើន​ទៀត​របស់​កម្ពុជា ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ។

​មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ដល់​អង្គការ​យូណេស្កូ ឱ្យ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ច​សហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​បណ្ដា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​ឱ្យ​កាន់តែ​រឹងមាំ និង​ដើម្បី​ជា​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​កម្ពុជា ក៏​ដូចជា​មនុស្ស​ជាតិ​ទាំងមូល​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *