សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម មេ​សុ​ត អើ​ស​ចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ​ប្រចាំ​នៅ​កម្ពុជា ចូលជួប​ប្រគល់​សារតាំង

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ៣​កើត ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម មេ​សុ​ត អើ​ស​ចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ​ប្រចាំ​នៅ​កម្ពុជា ចូលជួប​ប្រគល់​សារតាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​ក្នុង​ព្រះបរមនាម​របស់​ព្រះមហាក្សត្រ​ដោយ​អបអរសាទ​រំ​ពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត របស់​តួ​ក​គី​ថ្មី​ដែល​ត្រូវបាន​តែងតាំង​ជា ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ​បានចាត់ទុ​ក​វត្តមាន​ដ៏​ឆាប់រហ័ស​របស់ ឯកឧត្តម មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ គឺ​បញ្ជាក់​អំពី​ការផ្ដល់​តម្លៃ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​តួ​ក​គី​។ សម្ដេច​សង្ឃឹមថា វត្តមាន​របស់​ឯកឧត្តម ក្នុង​បេសកកម្ម​ជា ឯកអគ្គរដ្ឋទូត​នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​តួ​ក​គី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ត​ទៀត​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​តួ​ក​គី បាន​លើកឡើង​ថា ជា​កិត្តិយស​ណាស់​ដែល​ឯកឧត្តម បាន​មានឱកាស​ជួប​និង​ជូន​សារតាំង​ចំពោះ សម្ដេច​តេជោ ដែល​ជា​ប្រមុខរដ្ឋស្តីទី នៅពេលនេះ ហើយ​ក្នុង​តួនាទី​របស់ ឯកឧត្តម​ជា ឯកអគ្គរដ្ឋទូត​ថ្មី​ឯកឧត្តម នឹង​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការធ្វើ​យ៉ាងណា​ពង្រឹង​នូវ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អ​រវាង​កម្ពុជា និង​តួ​ក​គី ហើយ​ឯកឧត្តម​បាន​ប្ដេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ពូន​ជ្រុំ​បន្ថែម​នៅ​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​រឹងមាំ​។

​សម្ដេច​តេជោ បាន​អរគុណ​និង​ពេញចិត្ត​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថ្មី ក្នុង​ការលើកកម្ពស់ ទំនាក់ទំនង​រវាង​កម្ពុជា និង​តួ​ក​គី​។ សម្ដេច​តេជោ បាន​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ​ក្របខ័ណ្ឌ​នីតិបញ្ញត្តិ ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​មក​ជាមួយ​គ្នា ហើយ​នា​ពេលកន្លងមក​ប្រទេស​ទាំង​ពីរ​មាន​ជើងហោះហើរ​ជាមួយគ្នា និង​ក៏​មាន​ស្ថានទូត​នៅ​ក្នុង​ប្រទេស​នី​មួយៗ​ទៀតផង ដែល​ទាំងនេះ បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការផ្ដល់​តម្លៃ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​តួ​ក​គី​។ សម្ដេច​តេជោ ក៏​បាន​អរគុណ​ចំពោះ​តួ​ក​គី​ដែល​កន្លងមក​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់ កម្ពុជា​ជាពិសេស​គឺ​ការជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​កម្ពុជា ហើយ​ភាគី​ទាំង​ពីរ​នៅ​មាន​សក្កា​នុព​ល​ជាច្រើន​ទៀត​ដែល​ត្រូវ​ពង្រឹង​បន្ថែមទៀត​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹងមាំ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត តួ​ក​គី​ថ្មី​ទទួល​ជោគជ័យ​នៅក្នុង​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *