អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឲ្យ​មន្ត្រី​អង្គភាព​ច្រកចេញចូល​តែ​មួយ ពន្លឿន​ការងារ​ដែល​នៅ​សេសសល់ ជាពិសេស​ការបម្រើ​សេវា​សូរិយោដី​ឲ្យបាន​ល្អ​ប្រសើរ

(​កំពង់ចាម​) អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ជំរុញ​ឲ្យ​មន្ត្រី​អង្គភាព​ច្រកចេញចូល​តែមួយ ពន្លឿន​ការងារ​ដែល​នៅ​សេសសល់ ជាពិសេស​ការបម្រើ​សេវា​សូរិយោដី ឲ្យបាន​ល្អ​ប្រសើរ បន្ថែមទៀត ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ទន្ទឹម​នឹង​អង្គភាព​មួយ​នេះ បាន​ទទួល​ជ័យលាភី​លេខ​១ ទូទាំង​ប្រទេស ២​ឆ្នាំ​ជាប់​គ្នា​។ ឯកឧត្តម ថ្លែង​បែប​នេះ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សេវា​ច្រកចេញចូល​តែ​មួយ ដែល​នៅ​សេសសល់ ស្ថិត​នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៦​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត សម្រេច​កែសម្រួល​សមាស​ភាព​ក្រុម​ការងារ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម​។

​ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ សូម​បន្ត​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​ឲ្យបាន​ជាប់​ជាប្រចាំ និង​តឹងរឹង​បំផុត​។ ក្នុងនោះ ត្រូវ​ជម្រាប​ដល់​ម្ចាស់​ទីតាំង បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ សូម​កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ កុំ​អន្តរាគមន៍ និង​សូម​សហការ​រាយការណ៍​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដេ​ី​ម្បី​ប្តេជ្ញា​ចិត្ត​រួម​គ្នា រៀបចំ​សម្អាតផ្ទះ​យើង​អោយបាន​ស្អាត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេស និង​សេដ្ឋកិច្ច​ជាតិ​ឲ្យបាន​រឹងមាំ​។

​ឯកឧត្តម អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ នៃ​ខេត្ត​កំពង់ចាម បាន​សច្ចា​ធានា​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួចហើយ ដោយ​បាន​ប្តេជ្ញា បោសសំអាត និង​ទប់ស្កាត់ (Scam online) កុំឲ្យ​កើតមាន​នៅលើ​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ដើម្បី​លើក​មុខមាត់​កិត្តិយស​ជូន​ជាតិ​កម្ពុជា​យើង​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *