សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២​រោច ខែ​ជេស្ឋ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ ត្រូវ​នឹង ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ប្រមាណ​ជាង​១​ពាន់​នាក់ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ក្រុង​ខេត្ត​បាត់ដំបង​។

​នេះ​ជា​បេសកកម្ម​លើក​ទី​១៥ និង​ចំនួន​១៨​ខេត្ត ក្រុង​ហើយ របស់​សម្ដេច​តេជោ ក្នុង​ការចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្រសួង​ស្ថាប័ន​នានា​តាម​បណ្ដា​រាជធានី​ខេត្ត ដោយ​ផ្ដើមឡើង​ពី​ខេត្ត​កំពង់ចាម​,​ត្បូងឃ្មុំ​,​កំពង់ស្ពឺ​,​តាកែវ​,​កំពត​,​កែប​,​ស្វាយរៀង​,​ព្រៃវែង​,​ភ្នំពេញ​,​កំពង់ឆ្នាំង​, ពោធិ៍សាត់ ,​កំពង់ធំ​, កណ្ដាល ,​សៀមរាប ,​ឧត្តរមានជ័យ​,​បន្ទាយមានជ័យ ,​បាត់ដំបង និង​ប៉ៃលិន នា​ថ្ងៃនេះ​។​

​តាម​របាយការណ៍​របស់​ខេត្ត​បាត់ដំបង​បានឱ្យដឹងថា ខេត្ត​បាត់ដំបង​ស្ថិតនៅ​ភូមិភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ចែកចេញ​ជា​១៤​ក្រុង ស្រុក​មាន​១០៣​ឃុំ​សង្កាត់ ស្មើនឹង ៨៤២​ភូមិ​។ ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២៥ ខេត្ត​បាត់ដំបង មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ ១៤ ៥១៦ ៧៤៣,១​លាន​រៀល ស្មើនឹង​៣ ៦១៨,៣​លាន​ដុល្លារ​។ ក្នុងនោះ​វិស័យ​កសិកម្ម​គ្របដណ្តប់​ខ្ពស់​ជាងគេ បន្ទាប់​មក​វិស័យ​សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម​។ ខេត្ត​បាត់ដំបង​មាន​ព្រំប្រទល់​ខាងជើង​ជាប់​ខេត្តបន្ទាយមានជ័យ ខាងត្បូង​ជាប់​ខេត្ត​ពោធិ៍សាត់ ខាងកើត​ជាប់​ខេត្តសៀមរាប និង​បឹង​ទន្លេសាប និង​ខាងលិច​ជាប់​ខេត្ត​ប៉ៃលិន និង​ប្រទេស​ថៃ​។​

​ដោយឡែក​ខេត្ត​ប៉ៃលិន​វិញ ជា​ខេត្ត​មួយ​ទើប​ទទួល​បាន​សន្តិភាព​ពេញលេញ​ក្រោយ​គេ នៅ​ឆ្នាំ​១៩៩៨ ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ ៣៧៥​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងកើត ខាងជើង និង​ខាងត្បូង​ជាប់​នឹង​ខេត្ត​បាត់ដំបង និង​ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ​។​
​ប៉ៃលិន​មាន​ក្រុង​១ និង​ស្រុក​១ មាន​៨​ឃុំ​សង្កាត់ និង ៩៣​ភូមិ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​សម្ដេច​តេជោ បានឱ្យដឹងថា គោលបំណង​នៃ​ការចុះ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​របស់​សម្តេច​តេជោ គឺជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា​ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឱ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព​ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​របស់​ខ្លួន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​។

​ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ​ដែល​បាន​វិល​មក​ជួប​ជាមួយ​បងប្អូន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត​បាត់ដំបង និង​ប៉ៃលិន នា​ថ្ងៃនេះ​សាជាថ្មី​។ សម្តេច​បាន​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង​ក្រុម​ការងារ​មូលដ្ឋាន​ខេត្ត​ទាំង​ពីរ​នេះ​ដែល​បាន​ខិតខំ​ក្នុង​កិច្ច​ការងារ​កន្លងមក​។
​សម្តេច​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​។

​សម្តេច​តេ​ជោបាន​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​គ្រួសារ​របស់​កងទ័ព​កំពុង​ឈរជើង​ការពារ​ទឹកដី យុទ្ធជន​ពលី ព្រមទាំង​អតីតយុទ្ធជន​។ សម្តេច​បាន​លើក​បង្ហាញ​ពី​វីរភាព និង​គុណបំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ​របស់​វីរ​កងទ័ព
​ដែល​បាន​យក​ជីវិត​មក​ការពារ​ជាតិ​មាតុភូមិ​។ ដូច្នេះ​ត្រូវ​តបស្នង​សងគុណ​ដល់​ពួកគាត់​តាមរយៈ​យកចិត្តទុកដាក់​លើ​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់ កុំឱ្យ​ពួកគេ​មាន​ការព្រួយបារម្ភ​ចំពោះ​គ្រួសារ​។ ចំពោះ​អតីតយុទ្ធជន ត្រូវ​យកចិត្តទុកដាក់​ពួកគាត់ តាមរយៈ​ការ​ចុះសួរសុខទុក្ខ និង​ការរៀបចំ​កម្មវិធី​ផ្សេង​សម្រាប់​ពួកគាត់​ដើម្បី​កុំឱ្យ​ពួកគាត់​មាន​ភាព​ឯកោ​។​

​សម្ដេច​បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហ័ស និង​មាន​ប្រសិទ្ធភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ឱ្យ​ពង្រឹង​កិច្ចការពារ អភិរក្ស និង​ទប់ស្កាត់​រាល់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នានា និង​ចូលរួម​ថែរក្សា​ឱ្យបាន​គង់វង្ស​។ សម្តេច​ក៏​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​រក្សា​នូវ​ស្ថិរភាព​ជាតិ និង​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​បច្ចេកវិទ្យា​។ សម្ដេច​ក៏​សូមឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​គ្រប់គ្រង​និង​យកចិត្តទុកដាក់​មើលថែ កម្លាំង​កម្មករ ពលករ ទាំង​នៅក្នុង​សេដ្ឋកិច្ច និង​ទាំង​បម្រើ​ការងារ​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ សម្ដេច​តេ​ជោបាន​ក្រើនរំលឹ​ក​ដល់​មន្ត្រី​ទាំងអស់ ជៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​។

​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​ទាំងពីរ​នេះ​ឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ជា​បន្តបន្ទាប់ និង​ជូនពរ​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *