ខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ពិព័រណ៍ពិសារទុរេនដោយឥតគិតថ្លៃ និងដំណាំផ្លែឈើហូបផ្លែនៅក្នុងខេត្តត្បូងឃ្មុំ» ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ នៅបរិវេណមាត់ទន្លេសិប្បនិម្មិត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ ពិធីបើកជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាជាតិ, ឯកឧត្តមឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមជាមួយឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ព្រមទាំងមន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ដោយបានលើកឡើងពីវឌ្ឍនភាព និងសក្តានុពលនៃវិស័យកសិកម្ម នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា «ខេត្តត្បូងឃ្មុំ គឺជាទឹកដីដែលមានអំណោយផលពីធម្មជាតិ ជាមួយនឹងដីក្រហមមានជីជាតិ ដែលបានធ្វើឱ្យការដាំដុះដំណាំកសិកម្ម និងឈើហូបផ្លែជាច្រើនប្រភេទ ជាពិសេសគឺទុរេន ដុះលូតលាស់យ៉ាងល្អ រហូតទទួលបានការទទួលស្គាល់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើទីផ្សារ។ ភាពជោគជ័យទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បងប្អូនប្រជាកសិករ ដែលបានអនុវត្តបច្ចេកទេសដាំដុះតាមស្តង់ដារទំនើប ធានាបានទាំងបរិមាណ និងគុណភាពខ្ពស់»។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំ និងគាំទ្រដល់ព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នេះ ក៏ដូចជាការចូលរួមអភិវឌ្ឍខេត្តត្បូងឃ្មុំឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។
បន្ទាប់មក ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងបងប្អូនកសិករ។
ឯកឧត្តមអនុប្រធានទី២ បានបន្តថា ការរៀបចំពិព័រណ៍នេះ មិនត្រឹមតែជាការបើកឱកាសទីផ្សារជូនកសិករផ្ទាល់នោះទេ ប៉ុន្តែវាជាការបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចសហគមន៍ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ខេត្តត្បូងឃ្មុំកាន់តែច្រើនឡើង។
ជាមួយគ្នានោះដែរ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃគ្នាពង្រឹងការត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារនាំចូលពីក្រៅប្រទេសឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាសុវត្ថិភាព និងការពារសុខភាពជូនប្រជាពលរដ្ឋ។
ចំពោះកម្មវិធីពិព័រណ៍កសិកម្មរយៈពេល ៣ថ្ងៃនេះ ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្ត នឹងទទួលបានបទពិសោធន៍ដ៏សម្បូរបែប តាមរយៈការទស្សនា និងភ្លក្សរសជាតិទុរេនខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងរសជាតិផ្អែមឆ្ងាញ់ ពិដោរឈ្ងុយ និងដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ ភ្ញៀវចូលរួមដទៃទៀតក៏អាចស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែធម្មជាតិជាច្រើនមុខ រួមមាន មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងកសិផលបន្ទាប់បន្សំជាច្រើនប្រភេទ ព្រមទាំងបានចូលរួមលើកទឹកចិត្ត និងជំរុញជីវភាពប្រជាកសិករតាមរយៈការបញ្ជាទិញផលិតផលពីស្តង់ពិព័រណ៍ដោយផ្ទាល់។
ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ប្រសើរក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម តាមរយៈការសិក្សាស្វែងយល់ពីបច្ចេកទេសដាំដុះទំនើប និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមនៅលើទីផ្សារ។
ជាទីបញ្ចប់ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជីវករ និងអ្នកស្រឡាញ់វិស័យកសិកម្មទាំងអស់ ចូលរួមទស្សនា និងទិញដូរឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់កសិផលខ្មែរ ជាពិសេសទុរេនខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ៕


