លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សំណេះសំណាល​ជាមួយ គណៈប្រតិភូ​មូលនិធិ​គន្ធបុប្ផា​ស្វីស គណៈ​គ្រប់គ្រង លោកគ្រូ​ពេទ្យ​-​អ្នក​គ្រូពេទ្យ បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​សួរសុខទុក្ខ​អាណា​ព្យាបាល​រួមជាមួយ​កុមារ ព្រមទាំង​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​ថវិកា​បរិច្ចាគ​ពី​ក្រុមហ៊ុន ជីប ម៉ុង

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា អញ្ជើញ​សំណេះសំណាល​ជាមួយ គណៈប្រតិភូ​មូលនិធិ​គន្ធបុប្ផា​ស្វីស គណៈ​គ្រប់គ្រង លោកគ្រូ​ពេទ្យ​-​អ្នក​គ្រូពេទ្យ បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​សួរសុខទុក្ខ​អាណា​ព្យាបាល​រួមជាមួយ​កុមារ ព្រមទាំង​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​ថវិកា​បរិច្ចាគ​ពី​ក្រុមហ៊ុន ជីប ម៉ុង ។​

​ថ្លែង​ចាប់ផ្តើម​ក្នុង​កម្មវិធី​សំណេះសំណាល លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​សួរ​សុខទុក្ខ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​ជូន​គណៈ​គ្រប់គ្រង លោកគ្រូ​ពេទ្យ​-​អ្នក​គ្រូពេទ្យ អាណាព្យាបាល​និង​កូនៗ រួម​ទាំង​អង្គពិធី​ទាំងមូល​ដោយ​ក្តី​នឹករឭក​។ លោកជំទាវ​បណ្ឌិត បាន​មានប្រសាសន៍​បន្ថែម​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​មិនមែន​ត្រឹមតែ​ជា​មន្ទីរពេទ្យ​ទេ តែ​គឺជា​កន្លែង​ដែល​ផ្តល់​នូវ​ក្តីសង្ឃឹម ជីវិត​ថ្មី សេចក្តីទុកចិត្ត និង​ភាពកក់ក្តៅ​សម្រាប់​គ្រួសារ​ខ្មែរ ជាពិសេស គ្រួសារ​ដែល​មាន​លទ្ធភាព​ខ្វះខាត​។ កន្លែង​នេះ គឺជា​កន្លែង​ដែល​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ដែល​មាន​គុណភាព ដោយ​គ្មាន​ការរើសអើង ស្មើភាព​គ្នា និង​ជួយ​សង្គ្រោះ​អាយុជីវិត​គ្រប់ៗ​គ្នា​។​

​ក្នុង​វេលា​នេះដែរ លោកជំទាវ​បណ្ឌិត ក៏​បាន​ចូលរួម​ពិធី​ប្រគល់​-​ទទួល​ថវិកា​បរិច្ចាគ​ពី​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ក្រុមហ៊ុន​បាន​បរិច្ចាគ​ថវិកា​ចំនួន ១,០០០,០០០ (​មួយ​លាន​) ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​សម្រាប់​ទ្រទ្រង់​បេសកកម្ម​ព្យាបាល​ជំងឺ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​បន្តបន្ទាប់​។​

​ជាទី​បញ្ចប់ លោកជំទាវ​បណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ទាំង​ថវិកា ទាំង​កម្លាំង​ស្មារតី ហើយ​ក៏​សូម​អំពាវនាវ​មហាជន​បន្ត​ចូលរួម​បន្ថែមទៀត ដើម្បី​ផ្តល់​នូវ​ក្តីសង្ឃឹម និង​ជួយ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ជាច្រើន​រូប​បន្ថែម​ទៀត ដែល​នឹង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​ជាតិ​នាពេល​អនាគត​។​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *