រាជរដ្ឋាភិបាល​តែង​ចាត់ទុក​មូលធន​មនុស្ស​គឺ​ជា «​ដង្ហើម នៃ​វឌ្ឍនភាព​សង្គម​-​សេដ្ឋកិច្ចជាតិ​»

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ លើក​ទី​៩ ក្រោម​ប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល​» នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ​២០២៦ ថា ការ​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ ជា​រៀងរាល់ឆ្នាំ បាននិងកំពុង​ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល លើ​ការកសាង​មូលធន​មនុស្ស​នៅ​កម្ពុជា ឱ្យ​ក្លាយជា​សសរទ្រូង​ដ៏​ពិតប្រាកដ នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព បរិយាប័​ន្ន និង​ចីរភាព សំដៅ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ជា​បន្តបន្ទាប់ និង​កាត់បន្ថយ​គម្លាត​វិសមភាព​សង្គម​ជា​លំដាប់ ឆ្ពោះ​ទៅ​ការបង្កើត​សង្គម​មួយ​ដែល​មាន​សិនិទ្ធភាព សមធម៌ និង យុត្តិធម៌ ។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ថា រាជរដ្ឋាភិបាល​តែង​ចាត់ទុក​មូលធន​មនុស្ស​គឺ​ជា «​ដង្ហើម នៃ​វឌ្ឍនភាព​សង្គម​-​សេដ្ឋកិច្ចជាតិ​»​។ ក្នុងន័យនេះ​,​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​កំណត់​យក​ការពង្រឹង​គុណភាព​អប់រំ​បណ្តុះបណ្តាល​ជំនាញ​, ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់​, ជា​ផ្នែក​មួយ​នៃ​គោលដៅ​យុទ្ធសាស្ត្រ​ទី​២ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ គឺ «​ការបង្កើត​ការងារ​ឱ្យបាន​កាន់តែ​ច្រើន​ទាំង​បរិមាណ និង​គុណភាព ជូន​ដល់​ប្រជាជន​កម្ពុជា ជាពិសេស សម្រាប់​យុវជន​» ។ ជាមួយគ្នានេះ​, រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​យក​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង ១,៥ លាន​នាក់ នៅតាម​បណ្តា​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ របស់​រដ្ឋ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​១ ដោយ​មិន​បង់ថ្លៃ​សិក្សា និង​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​។ កិច្ចការ​នេះ គឺជា​កម្ម​វិធី​ទី​២ នៃ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​៦ សម្រាប់​ចាប់ផ្តើម​អនុវត្ត​ភ្លាម ក្នុង​ឆ្នាំ​២០២៣ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ។​

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​មួយ នៅ​កម្ពុជា ដែល​នឹង​បង្កើន​ការយល់ដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​, ដោយ​បំពាក់​ជំនាញ​ពិតប្រាកដ​, កសាង​សីលធម៌ និង​វិន័យ​, ទាំង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​នៅ​កន្លែង​ការងារ​, ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការរៀបចំ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល ដែល​មាន​លក្ខណៈ​បត់បែន ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ជាពិសេស យុវជន និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» ឬ «​មិន​ទុក​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​គ្មាន​ជំនាញ​នោះ​ឡើយ​» ។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី បាន​រំលឹក​ពី​ការណែនាំ​ឱ្យ​ក្រសួង​អប់រំ យុវជន និង កីឡា និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ «​គន្លង​អប់រំ​ថ្មី​នៅ​កម្ពុជា​» ដោយ​បែងចែក​ជា គន្លង​វិទ្យាសាស្ត្រ​, គន្លង​សង្គមសាស្ត្រ និង គន្លង​វិជ្ជាជីវៈ ។ គន្លង​វិជ្ជាជីវៈ មាន​គោលបំណង​ជួយ​តម្រង់​ទិស​សិស្ស ក្នុង​ការជ្រើសរើស​អាជីព​ការងារ ដោយ​អនុញ្ញាត​ឱ្យ​សិស្ស​ដែល​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​, ប៉ុន្ដែ​បាន​ចូលរៀន និង​ប្រឡង​ជាប់​កម្មវិធី​ស្ពាន​ចម្លង ឬ​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន សម្រាប់​យុវជន​ដែល​មាន​អាយុ​ចាប់ពី ១៤ ឆ្នាំ​ឡើង​ទៅ និង​បាន​បោះបង់​ការសិក្សា រៀន​បញ្ចប់​ថ្នាក់​ទី​៩ និង​ទទួលបាន​សញ្ញាបត្រ​សម​មូល អាច​ចូល​រៀន​ឆ្នាំ​ទី​១ នៃ គន្លង​វិជ្ជាជីវៈ ។

​បន្ថែម​ពី​នេះ សម្តេច​ធិបតី​បាន​ថ្លែងថា ការបង្កើត​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​ចល័ត មាន​គោលបំណង​នាំ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​មូលដ្ឋាន​សាមី​របស់​ប្រជាពលរដ្ឋ ស្រប​តាម​ទិស​ស្លោក «​នាំ​ការបណ្តុះបណ្តាល​ឱ្យ​រត់រ​ក​បងប្អូន​ដល់​ថ្នាក់មូលដ្ឋាន​» របស់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ជាមួយគ្នានេះ ការបណ្ដុះបណ្ដាល​ជំនាញ​ទន់ ឬ Soft skills ក៏​មាន​សារ​:​សំខាន់ ព្រោះ​ជំនាញ​ទន់​នេះ សំដៅលើ​ការអប់រំ​ផ្នត់គំនិត ការគិត ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការជំរុញ​លើកទឹកចិត្ត​ខ្លួនឯង ដែល​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ឡើងវិញ​ថា រាជរដ្ឋាភិបាល មិន​បាន​កាត់បន្ថយ​ថវិកា​ជាតិ​លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ព្រោះ​សុខភាព និង​ការអប់រំ​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការកសាង​មូលធន​មនុស្ស សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *