លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​-​ទទួល​ថវិកា​ពី សមាគម​ឧកញ៉ា​កម្ពុជា

រាជធានី​ភ្នំពេញ​៖ រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​-​ទទួល​ថវិកា​ពី សមាគម​ឧកញ៉ា​កម្ពុជា ។​

​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ដោយ​សេចក្តី​នឹករលឹក​របស់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះ​ប្រធានកិត្តិយស​នៃ​កាកបាទក្រហមកម្ពុជា រួម​ទាំង​ប្រសាសន៍​សួរសុខទុក្ខ​និង​ថ្លែងអំណរគុណ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើ​ជូន​ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់ សមាគម​ឧកញ៉ា​កម្ពុជា​។​

​ជាមួយគ្នានេះ លោកជំទាវ​បណ្ឌិត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ថ្នាក់ដឹកនាំ សមាជិក​គ្រប់ៗ​រូប​របស់ សមាគម​ឧកញ៉ា​កម្ពុជា ដែល​បាន​បរិច្ចាគ​ថវិកា​ចំនួន ១,០០៩,៩៩៩ (​មួយ​លាន​ប្រាំបួន​ពាន់​ប្រាំបួន​រយ​កៅសិប​ប្រាំបួន​) ដុល្លារ​សហរដ្ឋអាមេរិក ជូន​កាកបាទក្រហមកម្ពុជា ដើម្បី​អបអរ​ខួប​លើក​ទី​១៦៣ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៦ ក្រោម​មូលបទ “​បន្ត​រួម​កម្លាំង​គ្នា ដើម្បី​មនុស្សធម៌​” ។ លោកជំទាវ​បណ្ឌិត មានប្រសាសន៍​បន្ត​ថា ការចូលរួម​បរិច្ចាគ​នេះ គឺជា​បង្ហាញ​នូវ​ទឹកចិត្ត​មនុស្សធម៌ ចិត្ត​សប្បុរសធម៌ ស្មារតី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​របស់​វិស័យ​ឯកជន ក៏ដូចជា​សប្បុរសជន​ទាំងអស់ ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជួប​ការលំបាក​។​

​បន្ថែម​ពី​នេះ លោកជំទាវ​បណ្ឌិត សូម​អំពាវនាវ​ឱ្យ​សប្បុរសជន​ទាំងអស់​បន្ត​ចូលរួម​បរិច្ចាគ​ជូន កាកបាទក្រហមកម្ពុជា ដើម្បី​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​លំបាក រួម​ទាំង​ជនរងគ្រោះ​ផ្សេងៗ និង​ជន​ងាយ​រងគ្រោះ ឱ្យមាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​។​

​គួរ​រំលឹក​ផងដែរ​ថា កាកបាទក្រហមកម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​សង្គ្រោះ លើកស្ទួយ​ជីវិត សុខុមាលភាព​ប្រជាជន ផ្អែក​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន មនុស្សធម៌ អព្យាក្រឹត្យ មិន​លម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និង​សាកលភាព​។

​សមិទ្ធផល​ដែល​សម្រេច​បាន​កន្លងមក​នេះ​គឺ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​របស់ សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ហើយ​កាលពី​ចុងឆ្នាំ​២០២៥ និង​ដើមឆ្នាំ​២០២៦ កាកបាទក្រហមកម្ពុជា បាន​ជួយ​សង្គ្រោះ និង​ផ្តល់​អំណោយ​ធនធាន ជា​ថវិកា ជា​សម្ភារៈ​ប្រើប្រាស់ ជា​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​ជាង ១០​ម៉ឺន គ្រួសារ ដែល​ជា​ជន​ក្រីក្រ គ្រួសារ​វីរ​កងទ័ព ជនភៀសសឹក អ្នករងរបួស និង​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *