សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​

​ខេត្តសៀមរាប ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ៖ «​សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ ។

​នេះ​ជា​ការលើកឡើង ក្នុង​ពិធី​បើក​សន្និសីទ​ពិភពលោក WAGGGS លើក​ទី​៣៩ និង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៤២ នៃ​សហគមន៍ The Olave Baden-Powell Society នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៦ ។​

​ដោយសារ​សន្តិភាព​នេះ​ហើយ​ទើប​កម្ពុជា​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​, បង្កើន​ឱកាស​សិក្សា​, បង្កើត​ឱកាស​ការងារ​, លើកកម្ពស់​សុខុមាលភាព​សង្គម និង បើកទ្វារ​ទទួល​មិត្ត​អន្តរជាតិ មក​ចែករំលែក​ចំណេះដឹង​, បទពិសោធន៍ និង មិត្តភាព ជាមួយ​ប្រជាជន​កម្ពុជា ។ តាមរយៈ​ការអញ្ជើញ​មក​ទស្សនា​ផ្ទាល់​, មិត្ត​របស់​យើង​ពិតជា​អាច​ជ្រួតជ្រាប​ពី​សុខសន្តិភាព​, ស្ថិរភាព​, សុវត្ថិភាព និង​ការអភិវឌ្ឍ​ជឿនលឿន​របស់​កម្ពុជា ដែល​អាច​ផ្តល់​ភាពកក់ក្តៅ និង​មាន​សមត្ថភាព​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​អធិកអធម​បែបនេះ ។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ថា ប្រធានបទ​នៃ​សន្និសីទ​នេះ គឺ “We See, We Care, We Act” ដែល​យើង​អាច​យល់​ជា​ភាសា​ខ្មែរ​ថា “​យើង​ឃើញ​, យើង​យកចិត្តទុកដាក់​, យើង​រួម​គ្នា​ធ្វើ​សកម្មភាព​” គឺជា​ប្រធានបទ​មួយ​ដែល​ខ្លី ប៉ុន្តែ​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​។ ចំណុច​នេះ​គឺជា​ស្មារតី ដែល​រាជរដ្ឋាភិបាល​កម្ពុជា តែង​ចង់ឃើញ​នៅ​គ្រប់​កម្រិត​នៃ​សង្គម ពោល​គឺ​សង្គម​មួយ​ដែល​មើលឃើញ​ពី​តម្លៃ​មនុស្ស​, យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវការ​ជំនួយ ហើយ​រួបរួមគ្នា​ធ្វើ​សកម្មភាព​ដើម្បី​សេចក្តី​រីកចម្រើន​រួមគ្នា ។

​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​កំណត់​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​របស់​ស្ត្រី និង ក្មេង​ស្រី​នៅ​គ្រប់​វិស័យ​អាទិភាព​នៅក្នុង​របៀបវារៈ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ តាមរយៈ​ការពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់​ប្រកប​ដោយ​សីលធម៌​, សមធម៌ និង​បរិ​យាប​ន្ន ដែល​ក្នុងនោះ «​ស្ត្រី​គឺជា​ស្នូល​»​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​បង្កើន​ការវិនិយោគ​លើ​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី នៅក្នុង​វិស័យ​សេដ្ឋកិច្ច​, អប់រំ​, សុខភាព និង ការដឹកនាំ​សាធារណៈ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ​, ការបង្ក​
​លក្ខណៈ​អំណោយផល​ដល់​ស្ត្រី​ក្នុង​ការប្រើប្រាស់​សិទ្ធិ​ធ្វើ​ការសម្រេចចិត្ត​លើ​ផែនការ​គ្រួសារ​, ការកាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង ការលើកកម្ពស់​ទំនាក់​ទំនង​អន្តរ​ជំនាន់ ។

​បន្ថែម​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការអភិវឌ្ឍ​មូលធន​មនុស្ស​, ការអប់រំ​, ការលើកកម្ពស់​សុខភាព​, សុខុមាលភាព​សង្គម​, ការបង្កើត​ឱកាស និង​ការលើកកម្ពស់​តួនាទី​ស្ត្រី និង​យុវជន ក្នុង​ការអភិវឌ្ឍ​ជាតិ ។ យើង​ជឿជាក់ថា ក្មេងស្រី​ម្នាក់​ដែល​ទទួលបាន​ការអប់រំ​ល្អ​, មាន​សុវត្ថិភាព​, មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង មាន​ឱកាស​ចូលរួម​ក្នុងសង្គម មិន​ត្រឹមតែ​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​អាច​ជួយ​ផ្លាស់ប្តូរ​គ្រួសារ​របស់គាត់​, សហគមន៍​របស់​គាត់ និង​ប្រទេសជាតិ​របស់​គាត់ ផងដែរ ។

​ទន្ទឹមនេះ​, រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ស្គាល់​យ៉ាង​មុតមាំ​ថា ស្ត្រី​មិន​ត្រឹមតែ​ជា​អ្នក​ទទួល​ផល​ពី​សុខ​សន្តិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ភ្នាក់ងារ​ដ៏​ចាំបាច់ និង​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​រួមចំណែក​កសាង និង​ថែរក្សា​សុខសន្តិភាព រាប់​ចាប់តាំងពី​គ្រួសារ​, សហគមន៍ និង​សង្គមជាតិ ព្រម​ទាំង​នៅលើ​ឆាក​អន្តរជាតិ ។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​រំលេច​អំពី​តួនាទី​សំខាន់​ណាស់​របស់​កាយឫទ្ធិ​នារី ក្នុង​ការបណ្ដុះ​ភាពជា​អ្នកដឹកនាំ​អាច​ចាប់ផ្តើម​ពី​សកម្មភាព​តូចៗ មានដូចជា ការជួយ​មិត្តភក្តិ​, ការគោរពវិន័យ​, ការបម្រើ​សហគមន៍​, ការការពារ​បរិស្ថាន​, ការថែរក្សា​អ្នក​ងាយ​រងគ្រោះ និង​ការរួមចំណែក​ដើម្បី​សុខដុមរមនា​ក្នុង​សហគមន៍ ។ សកម្មភាព​តូចៗ​ទាំងនេះ ប្រសិនបើ​ធ្វើ​ដោយ​ចិត្ត​ស្មោះត្រង់ និង​ធ្វើ​បន្តបន្ទាប់ អាច​ក្លាយជា​កម្លាំង​ដ៏​ធំ​មួយ​សម្រាប់​សង្គម​ទាំងមូល​។ ពី​ក្មេងស្រី​ដែល​ចូលរួម​បម្រើ​សង្គម រហូត​ដល់​ស្ត្រី​ដែល​ឈានមុខ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​, ការលើកកម្ពស់​ស្ត្រី ជា​ការលើកកម្ពស់​ជាតិ និង​ជា​ការពង្រឹង​អនាគត​រួម​របស់​ពិភពលោក ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *