​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជួយ​សម្រាល​ការលំបាក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​) ៖ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជួយ​សម្រាល​ការលំបាក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពី​ភូមិ​ចំនួន ១៤ នៃ​ឃុំ​ជី​រោទ៍​ទី​១ ឃុំ​ទន្លេ​បិទ និង​ឃុំ​បឹង​ព្រួល ក្នុង​ស្រុក​ត្បូងឃ្មុំ ដែល​ពិធី​នេះ​ធ្វើឡើង បរិវេណ​ដី​ទួល​សុវត្ថិភាព ឧកញ៉ា វ័ន ប៊ុន​ថៃ ស្ថិតនៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​៥ ខែតុលា ឆ្នាំ​២០២៥​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឯកឧត្តម វង សូ​ត អនុប្រធាន​ទី ២ នៃ​រដ្ឋសភា និង​ឯងឧត្តម គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​កិត្តិ​យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​ជា​អនុប្រធាន​កិត្តិ​យ​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា​-​រដ្ឋសភា អនុប្រធាន​កិត្តិ​យ​សាខា ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា និង​បងប្អូន​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ អ្នក​ម្តាយ​មនុស្សធម៌ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​បង្ហាញ​នូវ​អារម្មណ៍​នឹករលឹក ប្រកបដោយ​ក្តី​អាណិត​ស្រឡាញ់ ចំពោះ លោកតា លោកយាយ អ៊ុ​ពូ​មីង កូនក្មួយ និង​បងប្អូន​សាសនិក​ឥស្លាម ដោយ​មិន​ប្រកាន់​សាសនា ឬ​និន្នាការ​ការ​នយោបាយ​អ្វី​ឡើយ ស្តែង​ឱ្យឃើញ​យ៉ាង​ជាក់ច្បាស់ ពី​ទឹកចិត្ត​ល្អ​ប្រពៃ​ប្រកបដោយ​ព្រហ្ម​វិហារធម៌ របស់​អ្នក​ម្ដាយ​មនុស្សធម៌​នៅ​កម្ពុជា​។​

​ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​សម្តែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ គោរព​ជូន​ចំពោះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ឯកឧត្តម​-​លោកជំទាវ លោក​-​លោកស្រី អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទ​ក្រហម ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ជម្លៀស​មក​កាន់​ទី​ទ​សុវត្ថិភាព នា​ឱកាស​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​អាន​របាយការណ៍​សង្ខេប អំពី​ស្ថានភាព​ជំនន់​ទឹក​ទន្លេមេគង្គ និង​ស្ថានភាព​ប្រជាពលរដ្ឋ ដែល​បាន​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព បន្ទាប់​ពី​ទឹកជំនន់​ហក់​ឡើង​ខ្លាំង ចាប់ពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លងមកនេះ ដោយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​នូវ​សេចក្តីជូនដំណឹង រួមជាមួយ​នឹង​វិធានការ​បង្ការ និង​ឆ្លើយតប​ការសង្គ្រោះ​បន្ទាន់ នៅក្នុង​មូលដ្ឋាន​ខេត្ត និង​ក៏​បាន​ចុះ​សួរសុខទុក្ខ​បងប្អូន ដែល​បាន​រងគ្រោះ​ពី​ទឹកជំនន់​។ ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​វិញ ដែល​រស់នៅ​ក្នុង​ឃុំ​ជាច្រើន​តាម​ដង​ទន្លេមេគង្គ ក៏​បាន​ប្រុងប្រៀប​រៀបចំ​ទុកដាក់ សម្ភារៈ ស្បៀងអាហារ ដើម្បី​បម្រុង​បង្ការ​ពី​គ្រោះទឹកជំនន់​ឡើង​ផងដែរ​។​

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​មានប្រសាសន៍​ពាំនាំ​នូវ ព្រះ​រាជសវនីយ៍ របស់​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ដែល​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹ​កដល់​ជ្រាលជ្រៅ ចំពោះ​ប្រជារាស្ត្រ ជា​កូន ជា​ចៅ ចៅទួត របស់​ព្រះអង្គ រួម​ជាមួយ​ការសោកស្ដាយ ដែល​គ្រោះធម្មជាតិ​ទឹកជំនន់ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ សូម​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឲ្យបាន​ល្អ ដោយ​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការរស់នៅ និង​ការហូបចុក​ដោយ​ត្រូវ​មាន​អនាម័យ​ជានិច្ច​។ ក្នុងនោះដែរ សូម​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក​ជាយថាហេតុ និង​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ អ​សិរ​ពិស​ផងដែរ​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍ របស់​រដ្ឋបាល​ស្រុក​ត្បូងឃ្មុំ ប្រជាពលរដ្ឋ​ជម្លៀស​មនុស្ស និង​នាំ​សត្វពាហនៈ ចំនួន ០៣​ឃុំ ឃុំ​ជី​រោទ៍​ទី​១ ឃុំ​ទន្លេ​បិទ និង ឃុំ​បឹង​ព្រួល បាន​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព ចំនួន ១៤ ទីតាំង សរុប​ចំនួន ១,៩០៩​គ្រួសារ មនុស្ស​សរុប ៦,០៦៩​នាក់ ស្រី ២,៩៦៨​នាក់ អ្នក​មក​ស្នាក់នៅ ៤,៩៨០​នាក់ ស្រី ៣,១៦៣​នាក់ (​ចាស់ជរា ១២២​នាក់ ស្រី ២០​នាក់ កុមារ ១,៣២២​នាក់ ស្រី ៧០១​នាក់ ពិការ ៣៩​នាក់ ស្រី ២១​នាក់​) និង​សត្វពាហនៈ​ជាច្រើន​ទៀត​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *