គណៈប្រតិភូ​វិនិយោគិន​កូរ៉េ បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការពង្រីក​ការវិនិយោគ​បន្ថែម និង​ស្វែងរក​ឱកាស​វិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​

ភ្នំពេញ-​វិមាន​សន្តិភាព​ ៖ ​នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ គណៈប្រតិភូ​វិនិយោគិន​កូរ៉េ ដែល​ដឹកនាំ​ដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា និង​សម្របសម្រួល​ដោយ សភាពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា (KOCHAM) និង WorldBridge Group ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កូរ៉េ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កូរ៉េ​-​កម្ពុជា ដែល​បាន​ឈាន​ដល់​កម្រិត «​ដៃគូ​យុទ្ធសាស្ត្រ​»​។ ជាមួយគ្នានេះ គណៈប្រតិភូ​វិនិយោគិន​កូរ៉េ​សម្តែង​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី កម្ពុជា​នឹង​បន្ត​សម្រេចបាន​នូវ​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀត​។ គណៈប្រតិភូ​វិនិយោគិន​កូរ៉េ បានបញ្ជាក់​ថា គណៈប្រតិភូ​នេះ មាន​តំណាង​ក្រុមហ៊ុន​ចំនួន ១៥ មក​ពី​វិស័យ​គន្លឹះៗ​ដូចជា​៖ យានយន្ត​, អេឡិចត្រូនិក​, វាយ​ន​ភ​ណ្ឌ​, ការ​ចែកចាយ និង​ម្ហូបអាហារ​, ហិរញ្ញវត្ថុ និង​ធនាគារ​, សំណង់​, ព្រមទាំង​ការកម្សាន្ត និង​វប្បធម៌ ។ ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នាពេលនេះ គឺ​ដើម្បី​រួមចំណែក​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង កូរ៉េ​-​កម្ពុជា ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ និង​មាន​គោលបំណង​ស្វែងយល់​ពី​ស្ថានភាព​ទីផ្សារ​នៅ​កម្ពុជា ដើម្បី​កំណត់​ទិសដៅ​ពង្រីក​អាជីវកម្ម​បន្ថែម ក៏ដូចជា​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​កូរ៉េ​ថ្មីៗ​ផ្សេងទៀត ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​១៥, មាន​ក្រុមហ៊ុន​ចំនួន ៧ កំពុងមាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា និង ៦​ក្រុមហ៊ុន​ទៀត កំពុង​វិនិយោគ​នៅ​ប្រទេស​វៀតណាម ដែលមាន​ចំណាប់​អារម្មណ៍​ខ្ពស់​ក្នុងការ​ពង្រីក​មូលដ្ឋាន​ផលិតកម្ម​របស់ខ្លួន​មក​កាន់​កម្ពុជា​។  ​គណៈប្រតិភូ​វិនិយោគិន​កូរ៉េ ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​យ៉ាង​សកម្ម​ដល់​ក្រុមហ៊ុន​កូរ៉េ ដើម្បី​ទទួលបាន​នូវ​ការរីកចម្រើន និង​ជោគជ័យ​នៅ​កម្ពុជា ព្រមទាំង​បាន​ប្ដេជ្ញាចិត្ត​ក្នុង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី​បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​វិនិយោគិន​កូរ៉េ និង​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ KOCHAM និង WorldBridge Group ក្នុង​ការសម្របសម្រួល​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ​។ សម្តេច​ធិបតី​បានបញ្ជាក់​ថា នៅ​ឆ្នាំក្រោយ ជា​ខួប​លេីក​ទី​៣០ នៃ​ការ​បង្កេីត​ទំនាក់ទំនង​ការទូត​ឡេីង​វិញ រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​រយៈពេល​ជិត ៣​ទសវត្សរ៍​នៃ​ការ​បង្កេីត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​នេះ​, ទំនាក់ទំនង​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​កូរ៉េ​ក៏​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ក្នុងន័យនេះ សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​បណ្ដា​ក្រុមហ៊ុន​កូរ៉េ​ក្នុង​ការស្វែងរក​ឱកាស​ពង្រីក​ការវិនិយោគ ក៏ដូចជា​ការស្វែងរក​ឱកាស​ការវិនិយោគ​ថ្មីៗ​ទៀត លើ​វិស័យ​សក្កា​នុព​ល​ជាច្រើន​ទៀត​នៅ​កម្ពុជា​។ សម្តេច​ធិបតី​បាន​គូសបញ្ជាក់​ពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​, ការកែទម្រង់​ស្ថាប័ន​, ការ​ធ្វេី​សាមញ្ញ​កម្មនីតិវិធី​នានា​ព្រមទាំង​ការផ្តល់​ការ​អនុគ្រោះ​ពន្ធ​ជា​ដេ​ី​ម​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី​ក៏​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាននិងកំពុង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ និង​ខិតខំ​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវដែក ព្រមទាំង​ការបន្ត​អភិវឌ្ឍន៍​វិស័យ​ថាមពល ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​និង​ការដឹកជញ្ជូន សំដៅ​ធានា​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​ជាទី​បញ្ចប់ សម្តេច​ធិបតី​បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​បន្ត​រក្សា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​អំណោយផល​ខ្ពស់ និង​លេីកទឹកចិត្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន​កូរ៉េ បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាប់​យក​ឱកាស​ជាក់ស្តែង​ក្នុង​ការពង្រីក​ការវិនិយោគ ក៏​ដូចជា​ការវិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *