អាស៊ាន និង​អាស៊ាន​បូក​បី​ប្តេជ្ញា​ចិត្ត​រួម​គ្នា​កសាង​មុខងារសាធារណៈ​មួយ ដែល​យក​ប្រជាជន​ជា​ស្នូល​

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ប្រមុខ​មុខងារសាធារណៈ​អាស៊ាន ដែល​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត Zudan Arif Fakrulloh ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខងារ​សាធារណៈ​ជាតិ នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ខេត្ត​សៀមរាប​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​បាន​សម្ដែង​នូវ​ការអបអរសាទរ និង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​បាន​យ៉ាង​ល្អ​នូវ​កិច្ចប្រជុំ​មុខងារសាធារណៈ​លើក​ទី​២៣ សម្រាប់​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន​ស្តីពី​កិច្ចការ​មុខងារសាធារណៈ (ACCSM) និង​កិច្ចប្រជុំ​លើក​ទី​៨ សម្រាប់​កិច្ចប្រជុំ​មុខងារសាធារណៈ អាស៊ាន​បូក​៣ (ACCSM+3) នា​ឱកាស​នេះ​។ ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែល​បាន​ជ្រើសរើស​មូលបទ «​នវានុវត្តន៍​សម្រាប់​ការផ្តល់សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​» ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​អាស៊ាន ក្នុង​ការចែករំលែក​ឧត្តមា​នុវត្តន៍ សំដៅ​កសាង​មុខងារ​សាធារណៈ​មួយ ដែល​មាន​ភាពឆ្លើយតប​លឿន​រហ័ស មាន​ប្រសិទ្ធភាព និង​យក​ប្រជាជន​ជា​ស្នូល នៅ​ទូទាំង​តំបន់​អាស៊ាន​។ ឯកឧត្តម​គណៈប្រតិភូ​ក៏​បាន​គូសបញ្ជាក់​អំពី​ការត្រៀមខ្លួន​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​កម្ពុជា និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អរគុណ​ចំពោះ​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ និង​គណៈប្រតិភូ​អាស៊ាន និង​អាស៊ាន​បូក​បី ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មុខងារសាធារណៈ​ដ៏​មាន​សារៈសំខាន់​នេះ ដោយ​បាន​ចាត់ទុក​វត្តមាន​របស់​គណៈប្រតិភូ​ក្នុង​កិច្ចប្រជុំ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការតភ្ជាប់ និង​លើកកម្ពស់​វិស័យ​មុខងារសាធារណៈ​អាស៊ាន​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​ក៏បាន​រំលឹក​អំពី​សារបាន​នៃ​ដំណើរ​វិវឌ្ឍន៍​នៃ​វិស័យ​មុខងារសាធារណៈ ក៏​ដូច​ជា​ដំណើរការ​នៃ​កំណែទម្រង់​មុខងារ​សាធារណៈ​របស់​កម្ពុជា ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការពង្រឹង​ស្ថាប័ន និង​ការធ្វើ​នវានុវត្តន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​ចំពោះ​សេវាសាធារណៈ​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា កំណែទម្រង់​នេះ​គឺ​ដើម្បី​ធ្វើឱ្យ​មាន​គណនេយ្យភាព និង​តម្លាភាព ព្រមទាំង​ការរួមបញ្ចូល​នូវ​បច្ចេកវិទ្យា ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ និង​ការិយាធិបតេយ្យ​ក្នុង​ដំណើរ​ការផ្ដល់សេវា​សាធារណៈ​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​ខាងលើ​នេះ​នឹង​បិទ​បញ្ចប់​ជាមួយនឹង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា តាមរយៈ​ការចែករំលែក​ឧត្តមា​នុវត្តន៍ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​មុខងារសាធារណៈ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​អាស៊ាន​បូក​បី​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *