អភិបាលខេត្ត​កំពង់ចាម អមដំណើរ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ និង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​

(​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃ​ពុធ ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៦​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ អមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្តែង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ និង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​សូមជម្រាបថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ឥទ្ធិពល​ព្យុះ និង​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​កើតមាន​នៅ​ភាគ​ខាងលើ​នៃ​អាង​ទន្លេមេគង្គ បាន​បណ្តាលឱ្យ​តំបន់​រង​ទឹកភ្លៀង​ក្នុង​ប្រទេស​ថៃ ឡាវ វៀតណាម និង​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ស្ថានភាព​នេះ​បានធ្វើឱ្យ​កម្ពស់​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ខ្លាំង បណ្តាល​ឱ្យ​ជន់​លិច​តំបន់​មួយចំនួន​នៅ​តាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ក្នុង​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា ដោយសារ​ទឹក​ទន្លេមេគង្គ​បាន​ហក់​ឡើង​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ច្រាំង​ទន្លេ​មេគង្គ​ជាច្រើន​កន្លែង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម​រង​ការស្រុត​បាក់ ដែល​បាន​ប៉ះពាល់​ដល់​លំនៅឋាន និង​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ក្នុង​រយៈពេល​២​ថ្ងៃ​ចុងក្រោយ​នេះ កម្ពស់​ទឹក​ទន្លេមេគង្គ​បា​នស្រក​ចុះ​បន្តិច មក​នៅត្រឹម ១៣,៩០​ម៉ែត្រ ខណៈ​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១៥,២០​ម៉ែត្រ​។ ទន្ទឹមនឹងនេះ ទឹកទន្លេ​បាន​ហូរ​ចូល​ព្រែក​ចំនួន​៤០ ក្នុងចំណោម​ព្រែក​សរុប​៤១​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ ព្រែក និង​បឹងបួរ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​តាមដាន​ស្ថានភាព​ទឹក​ជាប្រចាំ និង​មើលថែ​សមាជិកគ្រួសារ ជា​ពិសេស​កុមារ​តូចៗ កុំ​ឱ្យ​លេង​ទឹក ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ដែល​មាន​ហានិភ័យ​។​
​ប្រជាពលរដ្ឋ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ១២៩៤ ដើម្បី​ទទួលបាន​ព័ត៌មាន ស្នើ​សុំ​អន្តរាគមន៍ ឬ​ទាក់ទង​អាជ្ញាធរ​ដោយ​ផ្ទាល់​សម្រាប់​ការជួយ​សង្គ្រោះ និង​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ដែល​បាន​រៀបចំ​រួច​ចំនួន ១៧៨​កន្លែង នៅ​ទូទាំង​ខេត្ត​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែង​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្ត​កំពង់ចាម ដែល​បាន​រៀបចំ​វិធានការ និង​យុទ្ធសាស្ត្រ​ផ្សេងៗ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ស្ទឹង បឹង និង​ព្រែក និង​កំពុង​ប្រឈម​នឹង​គ្រោះទឹកជំនន់​។​

​លើសពីនេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា តាម​ស្ថិតិ​របស់​ក្រសួង ចាប់ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៩ កម្ពស់​ទឹក​ទន្លេមេគង្គ​នៅ​កម្ពុជា​តែងតែ​ឡើង​ខ្ពស់​។ ប៉ុន្តែ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៥ កម្ពស់​ទឹក​ទន្លេមេគង្គ​មាន​កម្រិត​ទាប មិន​បណ្តាល​ឱ្យ​លិច​លង់ដល់​ភូមិឋាន​ប្រជាពលរដ្ឋ និង​មិន​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ធ្ងន់ធ្ងរ​។​

​ដោយឡែក នៅ​ឆ្នាំ​២០២៦​នេះ លំហូរ​ទឹក​ទន្លេមេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​ខុស​ពី​ធម្មតា ដោយ​កម្ពស់​ទឹកបាន​ហក់​ឡើង​ខ្ពស់​នៅ​ផ្នែក​ខាងលើ រហូត​ដល់​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន និង​បណ្តាលឱ្យ​មាន​ការ​ជន់​លិច​នៅ​តំបន់​មួយចំនួន​តាម​ដង​ទន្លេមេគង្គ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ឥទ្ធិពល​នៃ​បាតុភូត​អែល​នីញ៉ូ បានធ្វើឱ្យ​អាកាសធាតុ​មានការ​ប្រែប្រួល​ខ្លាំង​។ ជាក់ស្តែង គិត​ត្រឹម​ចុងខែ​សីហា ឆ្នាំ​២០២៦​នេះ មាន​ព្យុះ​រហូតដល់​២១​កើតឡើង​រួច​ហើយ ខណៈ​ជាធម្មតា ចំនួន​នេះ​តែង​កើត​ឡើង​នៅក្នុង​ខែ​កញ្ញា ឬ​ខែ​តុលា​។​

​ម្យ៉ាងវិញទៀត សីតុណ្ហភាព​កាន់តែ​កើនឡើង​ខ្ពស់ ដោយ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខណៈ​តំបន់​ខ្លះទៀត​ពុំ​សូវ​មាន​ភ្លៀង ដែល​បង្ហាញ​ពី​ការបែងចែក​ទឹកភ្លៀង​មិន​ស្មើគ្នា​។ ភាគច្រើន ភ្លៀង​ធ្លាក់​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ខណៈ​តំបន់​ទំនាប​កណ្តាល​មិនសូវ​មាន​ភ្លៀង ដែល​អាច​បណ្តាល​ឱ្យ​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត ទោះបី​ស្ថិត​ក្នុង​រដូវវស្សា​ក៏ដោយ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *