សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​

​ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា (JCA) និង គណៈប្រតិភូ ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធាន​សមាគម JCA បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​ធិបតី​ដែល​តែងតែ​ផ្ដល់​ពេលវេលា​ដ៏​មាន​តម្លៃ អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​របស់ JCA ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ជា​បន្តបន្ទាប់​។
​ឯកឧត្តម​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី​អំពី​សកម្មភាព​នៃ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នាពេលនេះ ដោយ JCA បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយនឹង​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ សំដៅលើ​កម្ពស់​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) របស់​ជប៉ុន ដែល​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ក៏​ដូចជា​គម្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ក្នុង​គោលបំណង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។

​ឯកឧត្តម​បាន​សង្កត់ធ្ងន់​អំពី​ការផ្ដោត​អាទិភាព​ខ្ពស់​របស់ JCA ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​សសរស្ដម្ភ​ចំនួន​៣ រួមមាន​៖ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​, ការអភិវឌ្ឍ​វិស័យ​កសិកម្ម​, និង​ការអភិវឌ្ឍ​ឧស្សាហកមុ្ម​ឌីជីថល​។ ក្នុងឱកាស​នោះ​ដែរ​, គណៈប្រតិភូ JCA ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​ទិសដៅ​ក្នុង​ការពង្រីក​វិសាលភាព​នៃ​សកម្មភាព​វិនិយោគ​របស់​ខ្លួន ដែល​មាន​ជាអាទិ៍​៖ (១) ការកែច្នៃ​កសិផល​សូត្រ​មាស និង​ត្រី​ទី​ឡា​ព្យ៉ា ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន និង​ពិភពលោក​, និង (២) ការបណ្ដុះបណ្ដាល​ពាក់ព័ន្ធ​នឹង​ការថែរក្សា​សម្ផស្ស និង​គ្រឿងសម្អាង ក៏ដូចជា​ការសហការ​ជាមួយនឹង​ក្រុមហ៊ុន TOYOTA ក្នុង​ការបណ្ដុះបណ្ដាល​អ្នកថែ​ទាំ​រថយន្ត ជាដើម​។
​ក្រៅពីនេះ​, ក្នុងទិសដៅ​ផ្សព្វផ្សាយ​បន្ថែម​អំពី​ច្បាប់​ស្ដី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, JCA គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន​នាពេលខាងមុខ ដើម្បី​មាន​ឱកាស​ពន្យល់​ដល់​ក្រុមហ៊ុន​ជប៉ុន​ឱ្យ​យល់​កាន់តែច្បាស់​អំពី​បរិយាកាស​វិនិយោគ​, ក្រប​ខណ្ឌ​គោលនយោបាយ និង​ការលើកទឹកចិត្ត​នានា នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់ JCA ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​របស់​កម្ពុជា ក៏ដូចជា​ការទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា ជា​បន្តបន្ទាប់​។ ព្រម​ជាមួយគ្នានេះ​, សម្ដេច​ធិបតី​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ការវិវឌ្ឍ​ជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង JCA នា​ពេលកន្លងមក​។​

​សម្ដេច​ធិបតី​ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ នឹង​បន្ត​ជា​គំរូ​ល្អ​ក្នុង​ការទាក់ទាញ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត នាពេល​អនាគត​។ សម្ដេច​ធិបតី​រំលឹក​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​ការ​បន្ត​ធ្វើការ​រួម​គ្នា​ដើម្បី​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឱ្យទៅ​ជា​កំពង់ផែ និង​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ថ្នាក់​តំបន់ ហើយ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​ផងដែរ​, សម្ដេច​ធិបតី​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន នឹង​លេចចេញ​ជា​រូបរាង​នៅ​កម្ពុជា និង​រីកលូតលាស់ ជា​បន្តបន្ទាប់ នាពេល​អនាគត​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​គណៈប្រតិភូ JCA បន្ត​ពិភាក្សា និង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ​នៃ​ការវិនិយោគ និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *