អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​គម្រោង​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ពេល​រាត្រី នៅ​ក្រុង​កំពង់ចាម​

(​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស អាជ្ញាធរ​ក្រុង​កំពង់ចាម និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​គម្រោង​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ពេល​រាត្រី នៅ​ក្រុង​កំពង់ចាម​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានបញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​ក្រុង​កំពង់ចាម ដែល​ទើប​សាងសង់​រួចរាល់ ចាប់ពី​ចំណុច​ផ្លូវភ្លោះ​ទល់មុខ​ធនាគារ អេស៊ីលីដា មាន​ប្រវែង ៦៣០​ម៉ែត្រ រហូត​ដល់​គល់​ស្ពាន​គី​ហ្សូ​ណា នឹង​ត្រូវ​បំពាក់​បង្គោល​ភ្លើង​ចំនួន ២៥​ដើម ដោយ​រៀបចំ​ដាក់​ជា​លក្ខណៈ​ធ្មេញ​រណារ​។ បង្គោល​ភ្លើង​នឹង​ត្រូវ​ដាក់​ឆ្លាស់គ្នា ដោយ​មាន​គម្លាត​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយទៀត​ប្រវែង ៥០​ម៉ែត្រ និង​គម្លាត​រវាង​បង្គោល​ដែល​ដាក់​ឆ្លាស់​គ្នា ២៥​ម៉ែត្រ​។​

​ដោយឡែក នៅ​តំបន់​រង្វង់​មូល​សេះ​ទន្លេ​អុំ ក្រុម​ការងារ​បច្ចេកទេស​បាន​ដំឡើង​បង្គោល​ភ្លើង​ចំនួន ៣​ដើម រួចរាល់​ហើយ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អភិបាល​ក្រុង​កំពង់ចាម ឱ្យ​រៀបចំ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ជួសជុល កែលម្អ និង​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ពេល​រាត្រី​បន្ថែម តាម​បណ្តោយ​សួនច្បារ​មាត់ទន្លេ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ដែល​មក​លម្ហែ​កម្សាន្ត​។​

​បន្ទាប់មក ឯកឧត្តម​អភិបាលខេត្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​សួនច្បារ​ទន្លេ​អុំ ដែល​កំពុង​ដំណើរការ​យ៉ាង​មមាញឹក​។ គិត​មកដល់ពេលនេះ ការដ្ឋាន​សម្រេច​បាន​ប្រមាណ ៧០% ហើយ ដោយ​រំពឹងថា​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២៦​។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ឱ្យ​មន្ត្រី​បច្ចេកទេស និង​ក្រុម​ជាង​យកចិត្តទុកដាក់​អនុវត្ត​ការងារ​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​គុណភាព និង​ភាពរឹងមាំ​នៃ​សំណង់ អាច​ប្រើប្រាស់​បាន​យូរអង្វែង និង​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​តរៀង​ទៅ​៕
​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *