សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​៖ ធនធានមនុស្ស ជា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ប្រកបដោយ​ចីរភាព​។ ការអភិវឌ្ឍ​ធនធានមនុស្ស គឺ​ឈរ​លើ​កត្តា​សំខាន់ ៣ គឺ​៖ ១. សុខភាព​, ២. ចំណេះដឹង និង​បំនិន និង​៣. ជីវភាព​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឆ្នាំ​សិក្សា​២០២៥-២០២៦ នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ ។​

​មានប្រសាសន៍​ក្នុង​ពិធី​នា​ព្រឹក​នេះ​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ធនធានមនុស្ស ជា​អាទិភាព​របស់​ប្រទេសជាតិ ព្រោះ​ធនធានមនុស្ស ជា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ​ចីរភាព​។ ការអភិវឌ្ឍ​ធនធានមនុស្ស ត្រូវ​ឈរ​លើ​កត្តា​សំខាន់ ៣ គឺ​៖ ១. សុខភាព​, ២. ចំណេះដឹង និង​បំនិន និង ៣. ជីវភាព (​មុខរបរ និង​ការងារ​) ។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល នឹង​បន្ត​បង្កើន​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល ដើម្បី​ជំរុញ​កសាង​មូលធន​មនុស្ស​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​បន្តថា លទ្ធផល​ដ៏​ល្អប្រសើរ​នៃ​ការប្រឡង​នេះ ជា​លទ្ធផល​ដែល​ស្តែង​ចេញ​ពី​ការខិតខំ​របស់​សិស្សានុសិស្ស​ផ្ទាល់​, គួបផ្សំ​ជាមួយ ការដឹកនាំ​ល្អ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា​, ការយកចិត្តទុកដាក់​បង្ហាត់បង្រៀន​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ​, ការបំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​នាយក នាយិកា​សាលារៀន​, និង ការជួយ​ជ្រោមជ្រែង​ពី​មាតាបិតា អាណាព្យាបាល របស់​សិស្សានុសិស្ស​ទាំង​អស់ ។​

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី បាន​បន្តថា ការ​ពង្រឹងគុណភាព​ប្រជាពលរដ្ឋ ជាពិសេស កុមារ និង យុវជន ជា​គោលដៅឤ​ទិ​ភាព​របស់​រាជរដ្ឋាភិបាល​, ដូច​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​កន្លងមក និង បច្ចុប្បន្ន យុទ្ធសាស្ត្រ​បញ្ច​កោ​ណ សម្រាប់​អនុវត្ត​នៅ​គ្រប់​ដំណាក់កាល​, គឺ​ការអប់រំ​ឱ្យមាន​ចំណេះដឹង​ទូលាយ​, មាន​ជំនាញ​ពិតប្រាកដ​, ព្រមទាំង​មាន​សីលធម៌ វិន័យ និង មនសិការ​ស្នេហា​ជាតិ​, ជាពិសេស ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា​, ការតម្រង់​ទិស​សម្រាប់​ទីផ្សារការងារ​, និង​ ​ការពង្រឹង​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន ដោយ​ធានា​ថា «​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» សំដៅ​លើកស្ទួយ​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ និង ចូលរួម​ក្នុង​កា​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ឱ្យ​ឆាប់រហ័ស​, ប្រកប​ដោយ​បរិយាប័​ន្ន និង ចីរភាព ។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​អភិក្រម​ក្នុង​ពង្រឹង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល ដោយ​ការពង្រឹង​ត្រូវ​ផ្ដោត​សំខាន់​ចេញ​ពី​ថ្នាក់​មូលដ្ឋាន​មុនគេ ព្រោះថា​បើ​គ្មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ នោះ​ការអប់រំ​នៅ​ថ្នាក់​បន្តបន្ទាប់​ក៏​មិន​អាច​រឹងមាំ​បានដែរ​។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល នឹង​បន្ត​ពង្រីក​វិស័យ​អប់រំ​នៅ​ថ្នាក់មូលដ្ឋាន តាមរយៈ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការអប់រំ មាន​ដូចជា​ការសាងសង់​សាលារៀន​បន្ថែម ឱ្យបាន​កាន់តែ​ច្រើន​, ការជ្រើសរើស​គ្រូបង្រៀន​បន្ថែម ដោយ​ការជ្រើសរើស​ផ្អែក​តាម​កិច្ចព្រមព្រៀង និង​ការស្ម័គ្រចិត្ត ពោល​គឺ ខ្វះ​កន្លែង​ណា បំពេញ​កន្លែង​នោះ ឱ្យ​ត្រូវ​តាម​តម្រូវការ ស្រប​តាម​ទិស​ស្លោក “​រើស​ឱ្យ​ត្រូវ បំពេញ​ឱ្យ​នៅ​” ។ បន្ថែម​ពី​នេះ​, សម្ដេច​ធិបតី បាន​ឱ្យ​សិក្សា​រៀបចំ​ការបំពេញ​ម៉ោង​សិក្សា​បន្ថែម​ចំនួន ២​ម៉ោង ដោយ​ផ្ដោត​លើ​ភាសា​ខ្មែរ និង​គណិតវិទ្យា​។ សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា សាលារៀន​របស់​រដ្ឋ​ត្រូវ​មាន​ស្តង់ដារ​មួយ​តែ​ប៉ុណ្ណោះ និង​ជា​សាលារៀន​ដែល​មាន​គុណភាព​ក្នុង​ការអប់រំ ។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​បន្ត​ការសិក្សា​រៀនសូត្រ​បន្ត​ទៀត បើ​រៀន​អ្វីមួយ គឺ​ត្រូវ​រៀន​ឱ្យ​ច្បាស់​, ឱ្យមាន​ជំនាញ​ពិតប្រាកដ និង​អាច​ប្រើការ​បាន​។ ជាមួយគ្នានេះដែរ​, ត្រូវ​ខិតខំ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ព្រោះ​សុខភាព​សំខាន់​ជាង​អ្វីៗ​ទាំងអស់ បើ​គ្មាន​សុខភាព នោះ​ការសិក្សា​រៀនសូត្រ និង​ការបំពេញ​ការងារ ក៏​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *