សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល និង​អាជ្ញាធរ នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាល​:​ទេស​: ដោយ​មិន​បោះបង់​នរណាម្នាក់​ចោល​ឡើយ​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​ពូជស្រូវ ព្រមទាំង​កញ្ចប់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុង​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែតុលា ឆ្នាំ​២០២៦​។

​មានប្រសាសន៍​នាឱកាស​នោះ​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ចាត់ចែង​កម្លាំង និង​មធ្យោបាយ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​, ជម្លៀស​អ្នក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ព្រមទាំង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ រួម​មាន​ស្បៀង​អាហារ​, ថវិកា និង​សម្ភារៈ​ចាំបាច់​នានា ដើម្បី​សម្រាល​ការលំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និង​អាជ្ញា​រធរ នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាល​:​ទេស​: ដោយ​មិន​បោះបង់​នរណាម្នាក់​ចោល​ឡើយ​។ សម្ដេច​ធិបតី បាន​បន្តថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ មកនេះ​, រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច មិន​ថា​ក្នុង​កាល​:​ទេស​:​លំបាក​បែបណាក៏ដោយ គឺ​នៅ​ចាំ​ជួយ​ប្រជាពលរដ្ឋ​ជានិច្ច ។

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ប្រសិទ្ធ​នាម​ឈ្មោះ​ភូមិ​នៅ​មណ្ឌល​ភៀស​សឹក​នៅ​ខេត្ត​ឧត្តរមានជ័យ ថា “​ភូមិ​ស្រះកែវ​ចងចាំ​” និង​មណ្ឌល​ភៀស​សឹក​នៅ​ខេត្ត​ព្រះវិហារ ថា “​ភូមិ​តា​កឹង​បៃតង​ចងចាំ​” ។ សម្ដេច​ធិបតី បាន​មានប្រសាសន៍ថា ការ​ដាក់​ឈ្មោះ​ចងចាំ គឺ​ដើម្បី​ចងចាំ​ការលំបាក​គ្រប់បែប​យ៉ាង​ដែល​ប្រជាពលរដ្ឋ​របស់​យើង​បាន​ឆ្លងកាត់​ដោយសារ​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ មកលើ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា ក្នុងនាម​ជា​មេដឹកនាំ យើង​ត្រូវ​គិតគូរ​អំពី​អាយុជីវិត​កងទ័ព និង​ប្រជាពលរដ្ឋ ហេតុនេះហើយ ទើប​រាជរដ្ឋាភិបាល​ជ្រើសរើស​យក​យន្តការ​ច្បាប់ និង​ការទូត ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី ។ ក្នុងន័យនេះ​, សូម​ប្រជាពលរដ្ឋ​មាន​ការអត់ធ្មត់ និង​រង់ចាំ​លទ្ធផល​នៃ​ការដោះស្រាយ ព្រោះ​យន្តការ​នេះ​ត្រូវការ​ពេលវេលា​យូរ​បន្តិច​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ខ្វះ​ដី​ពិតប្រាកដ សូម​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ជនខិលខូច​ឱ្យ​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ បើ​បងប្អូន​ខ្វះ​ដី​ពិតប្រាកដ សូម​ទៅ​ដាក់​ពាក្យ​ស្នើសុំ​តាម​អាជ្ញាធរ​មូលដ្ឋាន ហើយ​រាជរដ្ឋាភិបាល​ចាំ​ជួយ​ជានិច្ច ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល បាន​ផ្ដល់​ដី និង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​មក​ហើយ តាមរយៈ​គម្រោង​បែងចែក​ដី ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ និង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ជាដើម ។

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រៀម​រៀបចំ​ចែក​ពូជស្រូវ ពូជ​បន្លែ និង​ពូជ​ដំណាំ​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​កសិករ​អាច​ចាប់ផ្តើម​ដាំ​ដុះ​ឡើងវិញ​បាន​ទាន់ពេល​។ បន្ថែម​ពី​នេះ​, ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​រៀបចំ​ប្រព័ន្ធ​ស្ទាក់​ទឹក និង​ប្រព័ន្ធ​រំដោះ​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ព្រមទាំង​ត្រៀមលក្ខណៈ​បម្រុង​ទុក ដើម្បី​ជៀសវាង​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​។ ដោយឡែក​, ក្រសួង​អភិវឌ្ឍន៍ជនបទ និង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ចុះ​ពិនិត្យ ជួសជុល និង​ស្តារឡើងវិញ​នូវ​រាល់​ខ្សែ​ផ្លូវ​ដែល​បាន​ខូចខាត និង​ត្រូវ​យក​បញ្ហា​នេះ​ធ្វើ​ជា​បទពិសោធ​ក្នុង​ការសិក្សា​សាងសង់​ផ្លូវ​ជនបទ​ឱ្យ​មាន​ភាពរឹងមាំ​ជាប់​បាន​យូរ ព្រមទាំង​យកចិត្តទុកដាក់​ខ្ពស់​លើ​សំណង់​ស្ទាក់​ទឹក និង​ប្រព័ន្ធ​រំដោះ​ទឹក​ផងដែរ​៕

​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *