កម្ពុជា​សម្របសម្រួល​ជូន​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​តំបន់​ច្រក​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​

​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ នា​វេលា​ម៉ោង ០៨:៤៥​នាទី​ព្រឹក​មិញ​នេះ ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​តំបន់​ច្រក​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​សូម​ជម្រាប​ជូន​ថា ចាប់តាំងពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥​មក កងកម្លាំង​យោធា​ថៃ​បាន​នឹង​កំពុង​បន្ត​ធ្វើ​សកម្មភាព​រាយ​បន្លា​លួស ជីក​ប្រឡាយ ធ្វើ​លេណដ្ឋាន​ថ្មីៗ​ជា​បន្តបន្ទាប់ ព្រមទាំង​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល ការបង្ក​ការភ័យខ្លាច និង​ការចូល​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​នៅ​តំបន់​ច្រក​បឹង​ត្រកួន ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​កម្ពុជា​ចំនួន ៧៨៧៣​នាក់ ស្មើនឹង ១៨៦៩​គ្រួសារ (​ក្នុងនោះ​មាន​កុមារ​ចំនួន ១៨៤៧​នាក់​) មិនទាន់​អាច​វិលត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​វិញ​បាន​នៅឡើយ​។

​សូម​គូសបញ្ជាក់ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥ​ណ្ឌូ​ចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិ​ន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​នា​ពេលកន្លងមក​។ កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការកែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើតចេញពី​ការប្រើប្រាស់​កម្លាំង​នោះ​ឡើយ​។​

​រាជរដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា​នៅ​តែ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការគោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើ​ក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ឆ្ពោះ​ទៅ​ការធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការវិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ជា​ព័ត៌មាន​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *