សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ បណ្ណសារដ្ឋាន​ជាតិ មានតម្លៃ​ជាងមាស​ដុំ ព្រោះ​ជា​អ្នកថែរក្សា​ការចងចាំ និង​អត្តសញ្ញាណ​របស់​ជាតិ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កម្មវិធី​ពិព័រណ៍​ខួប ១០០ ឆ្នាំ នៃ​បណ្ណសារដ្ឋាន​ជាតិ​កម្ពុជា ក្រោម​ប្រធានបទ «​មួយ​សតវត្សរ៍​នៃ​ការចងចាំ ឆ្ពោះ​ទៅ​ការលើកកម្ពស់​អត្តសញ្ញាណ​ជាតិ​» នា​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ ។​

​ថ្លែង​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នេះ​, សម្ដេច​ធិបតី​បាន​មានប្រសាសន៍ថា ឯកសារ បណ្ណ​សារ គឺជា «​ឫសកែវ​នៃ​អត្តសញ្ញាណ​ជាតិ និង​ជា​ចំណេះដឹង​ជាតិ​» ដែល​យើង​ទាំងអស់​ត្រូវ​ខិតខំ​អភិរក្ស និង​ចងក្រង​ទុក ទាំង​ឯកសារ​រូបវន្ត និង​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​លើ​ឯកសារ ដើម្បី​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ក្នុង​ការសិក្សា​ស្រាវជ្រាវ ។ សម្ដេច​ធិបតី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ «​ធនាគារ​ជាតិ​រក្សា​មាស ប៉ុន្តែ​បណ្ណសារដ្ឋាន​ជាតិ និង​បណ្ណាល័យ​ជាតិ រក្សា​កេរ​មរតក​ឯកសា​រដែ​ល​មានតម្លៃ​ជាងមាស​ដុំ ព្រោះ​ជា​អ្នកថែរក្សា​ការចងចាំ និង​អត្តសញ្ញាណ​របស់​ជាតិ​យើង​»​។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ការរៀបចំ​ពិព័រណ៍​នេះ នឹង​ប្រែក្លាយ​បរិវេណ​ប្រវត្តិសាស្ត្រ នៃ​បណ្ណសារដ្ឋាន​ជាតិ និង បណ្ណាល័យ​ជាតិ ឱ្យទៅជា «​បរិវេណ​បេតិកភណ្ឌ​សាធារណៈ​» រយៈពេល ១ ខែ​ពេញ​, និង​ជា​សក្ខីភាព​ដែល​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការថែរក្សា​កេរ​មរតក​ឯកសារ​បណ្ណ​សារ និង​បណ្ណសារដ្ឋាន ដែល​ជា​ទ្រព្យសម្បត្តិ និង ជា​ខ្សែ​ច្រវាក់​នៃ​ការចងចាំ របស់​ជាតិ មិន​ឱ្យ​បាត់បង់ ឬ ខូចខាត ដូច​សុភាសិត​ខ្មែរ​ពោល​ថា «​ដើមឈើ​មាន​ឫស ទើប​ឈរ​បាន​មាំ​» ។ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​បន្តថា ព្រឹត្តិការណ៍​ពិព័រណ៍​ខួប​មួយ​សតវត្សរ៍ នៃ​បណ្ណសារដ្ឋាន​ជាតិ​នេះ មិន​ត្រឹមតែ​ជាការ​រំលឹក​អនុស្សាវរីយ៍​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ គឺជា​វេទិកា​ថ្លែងការណ៍​ជាតិ​ដ៏​សំខាន់​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការអភិរក្ស ថែរក្សា និង ធ្វើ​ទំនើបកម្ម មរតក​បេតិកភណ្ឌ​ឯកសារ និង ការចងចាំ​របស់​ជាតិ ។

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ចាប់តាំងពី​ការបង្កើត​អស់​រយៈពេល ១០០ ឆ្នាំ​កន្លងមកនេះ​, បណ្ណសារដ្ឋាន​ជាតិ​នេះ​បាន​ឆ្លងកាត់​របត់ និង ព្យុះ​ភ្លៀង​ប្រវត្តិសាស្ត្រ​ជាច្រើន​, ជាពិសេស ក្នុង​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ដែល​នៅ​ពេល​នោះ ស្ថាប័ន​នេះ​ត្រូវបាន​គេបោះបង់​ចោល ហើយ​ថែមទាំង​យក​ធ្វើជា​កន្លែង​ចិញ្ចឹមសត្វ ហើយ​ឯកសារ​ជាច្រើន​ត្រូវបាន​បំផ្លិចបំផ្លាញ​ចោល ។ ជាមួយ​ស្មារតី​ស្នេហា​ជាតិ និង​ភាព​ធន់​ឥត​រាថយ​របស់ «​អ្នកថែរក្សា​ការចងចាំ​» របស់​ជាតិ​យើង​, ពោល​គឺ មន្ត្រី​ទទួលបាន​ការបណ្ដុះបណ្ដាល​ថ្មី​នៅ​ក្រោយ​សម័យ​សង្គ្រាម​, បាន​ពុះពារ​ប្រមូលផ្តុំ និង រៀបចំ​ឯកសារ​បណ្ណសា​រ​ឡើងវិញ ពី​គំនរ​ផេះផង់ ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូត​បង្កើត​បាន​ជា​ស្ថាប័ន​ដ៏​រឹងមាំ​ដូច​សព្វថ្ងៃ ។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ថា បច្ចុប្បន្ន​, បណ្ណសារដ្ឋាន​ជាតិ បាន​ក្លាយ​ជា​ទីតាំង​បេតិកភណ្ឌ​ជាតិ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អត្តសញ្ញាណ​ជាតិ​, អធិបតេយ្យភាព​, និង បូរណភាព​ទឹកដី ។ តាមរយៈ​មុខងារ​បណ្ណសារដ្ឋាន​ជាតិ ដែល​ជា​ទីតាំង​តម្កល់​ឯកសារ​ប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និង កំណត់ត្រា​ផ្លូវការ​ដែល​មាន​ប្រភព​ច្បាស់លាស់ បាន​ធ្វើឱ្យ​ទីតាំង​នេះ​ក្លាយជា​ប្រភព​ភស្តុតាង​ដ៏​មាន​តម្លៃ​សម្រាប់​គាំទ្រ​ដល់​ការសិក្សា ការកំណត់​ជំហរ​ផ្លូវច្បាប់ និង ការការពារ​ផលប្រយោជន៍​ជាតិ ។ ជាក់ស្ដែង​, ករណី​ប្រាសាទព្រះវិហារ​, ដែល​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​សំខាន់​រវាង​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​, ច្បាប់​អន្តរជាតិ និង អធិបតេយ្យភាព​ជាតិ ។ ដូច្នេះ​, ការថែរក្សា​ឯកសារ​បណ្ណសារ​ដោយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ​, ការធានា​ភាព​ពិតប្រាកដ​នៃ​ឯកសារ​, និង ការអភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ គឺជា​ការងារ​ដែល​មាន​តម្លៃ និង អាច​រួមចំណែក​ដល់​ការការពារ​ផលប្រយោជន៍​ជាតិ​បាន​យូរអង្វែង​។

​ជាទី​បញ្ចប់​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មាន​ការគ្រប់គ្រង​បណ្ណសារដ្ឋាន​ជាតិ ក៏ដូចជា​បណ្ណាល័យ​ជាតិ ឱ្យបាន​ល្អ តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង និង​អភិបាលកិច្ច ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​ក្នុង​ការថែរក្សា និង​គ្រប់គ្រង​ឯកសារ​ឱ្យបាន​ល្អ និង​មាន​សុវត្ថិភាព ។ បន្ថែម​ពី​នេះ​, ត្រូវ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​ផ្នែក​នេះ​បន្ថែម ជាពិសេស ជំរុញ​ឱ្យមាន​ការសិក្សា​លើ​ជំនាញ​គ្រប់គ្រង​បណ្ណសារដ្ឋាន និង​បណ្ណាល័យ ឱ្យបាន​ដល់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬ ថ្នាក់​បណ្ឌិត ដើម្បី​កសាង​ធនធាន​បន្តវេន​របស់​កម្ពុជា​ក្នុង​ការគ្រប់គ្រង​បណ្ណសារដ្ឋាន​ជាតិ និង​បណ្ណាល័យ​ជាតិ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *