​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ កោតសរសើរ​កម្ពុជា​លើ​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការបង្ការ និង​ការឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​

​នា​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Najat Maalla M’jid តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ (UN SRSG on Violence against Children) និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី​តំណាង​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់ចេញ​នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ ដោយ​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ស្នូល ជា​ពិសេស​ការអនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម និង​សន្តិសុខ​សង្គម សំដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួល​បាន​ការ​សាទរ​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ​។
​លោកស្រី​តំណាង​ពិសេស​ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ឆ្នាំ​២០២៥-២០៣០ ដែលជា​ឯកសារ​គោលនយោបាយ​ជាតិ​ដ៏​សំខាន់​របស់​កម្ពុជា​លើ​កិច្ចការពារ​កុមារ​។
​លោកស្រី​តំណាង​ពិសេស បាន​គូសបញ្ជាក់​ទៀត​ថា ការចាត់ទុក​មនុស្ស​ជា​អាទិភាព​ចម្បង​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត ហើយ​ដើម្បី​ឱ្យ​កិច្ចការ​នេះ​សម្រេចបាន​ជោគជ័យ គឺ​ត្រូវ​ផ្តោត​លើ​ការរៀបចំ​របៀបវារៈ​គោល​នយោបាយ​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន និង ការពង្រឹង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ សំដៅ​ពង្រឹង​កិច្ចការពារ​កុមារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការសហប្រជាជាតិ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការស្តារ និង​កសាង​សន្តិភាព ស្ថិរភាព​នៅ​កម្ពុជា​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូត​ដល់​ការអភិវឌ្ឍ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​។ សម្តេច​ធិបតី បានចាត់ទុក​ភាពជា​ដៃគូ​, ការគាំទ្រ និង​ការរួមចំណែក​របស់​អង្គការសហប្រជាជាតិ គឺជា​កត្តា​ចាំបាច់​មិនអាច​ខ្វះ​បាន ក្នុង​ការឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ SDGs តាម​ផែនការ​ដែល​បានកំណត់​។ ទន្ទឹមនឹងនេះ​, សម្តេច​ធិបតី បាន​គូស​រំលេច​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​អំពើហិង្សា និង​ការការពារ​កុមារ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​គាំទ្រ​ផ្សេងៗ និង​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​នៅ​កម្ពុជា ជាដើម​។

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *