សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​លោក ហៃ វណ្ណា ប្រធាន​សមាគម​ខ្មែរ​នៅ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​

​នៅ​វិមាន​សាមគ្គីភាព នា​ថ្ងៃ​ពុធ ៩​រោច ខែ​អស្សុជ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​លោក ហៃ វណ្ណា ប្រធាន​សមាគម​ខ្មែរ​នៅ​ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​រាយការណ៍​ជូន​សម្ដេច​តេជោ អំពី​វឌ្ឍនភាព នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​ដូចជា​ផែនការ​ក្នុង​ការអនុវត្ត​បន្តទៀត​ដើម្បី​លើកស្ទួយ​នូវ​វិស័យ​គុណ​ខ្មែរ​ឱ្យ​រីកចម្រើន​ទាំង​នៅក្នុង​ឆាក​ជាតិ និង​អន្តរជាតិ​។ ទន្ទឹមនឹងនេះ លោក ហៃ វណ្ណា ដែល​ជា​ប្រធាន​សមាគម​ខ្មែរ​នៅ​ជប៉ុន ក៏​បាន​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​វឌ្ឍនភាព​របស់​សមា​គម​ដែល​បាន​បង្កើត​មក នា​ពេល​កន្លងមក​នេះ និង​ទិសដៅ​បន្ត​របស់​សមាគម​ក្នុង​ការអនុវត្ត​ដើម្បី​ធ្វើយ៉ាងណា​ក្នុងការ​រួបរួម​សាមគ្គី​គ្នា​នៃ​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ​បានសម្ដែង​ការរីករា​យ​ចំពោះ​វឌ្ឍនភាព នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​ដូចជា​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដែល​មាន​វឌ្ឍន​ភាព​ជា​បន្តបន្ទាប់​។ សម្ដេច​តេជោ​ក៏បាន​ផ្ដល់​អនុសាសន៍​មួយចំនួន​ដើម្បី​ឲ្យ​សហព័ន្ធ​គុន​ខ្មែរ​រួម​ទាំង​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​បាន​ដំណើរការ​ទៅ​ដោយ​ល្អ​នៅ​ពេល​បន្តបន្ទាប់​ទៀត​។​

​សម្ដេច​បាន​បញ្ជាក់ថា​ការបង្កើតឡើង​គឺជា​រឿង​មួយ​ដ៏​លំបាក​ហើយ ក៏​ប៉ុន្តែ​រឿង​កាន់តែ​លំបាក​បន្ថែមទៀត​នោះ​គឺ​ការធ្វើឲ្យ​មាន​និរន្តរភា​ព​នៃ​ស្ថាប័ន​នោះ​។ សម្ដេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត និង​ឲ្យ​ប្រតិភូ​ទាំងអស់​បន្ត​ខំប្រឹងប្រែង​នៅក្នុង​ការងារ​របស់​ខ្លួន​ទាំង​នៅក្នុង​ក្រប​ខណ្ឌ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ទាំង​នៅក្នុង​ក្រប​ខណ្ឌ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​។

​ចុងក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរឲ្យ​ប្រធាន​ស្ថាប័ន​ទាំង​ពីរ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕
​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *