អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ពិធី​ធី​បុណ្យ​ឆ្លង​ចេតិយ និង​ខួប ១០០​ថ្ងៃ វីរ​យុទ្ធជន ព្រិន្ទបាលឯក ភាព សោភ័ណ នៅ​ស្រុក​ស្ទឹងត្រង់​

(​កំពង់ចាម​): អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ឆ្លង​ចេតិយ និង​ខួប ១០០​ថ្ងៃ វីរ​យុទ្ធជន ព្រិន្ទបាលឯក ភាព សោភ័ណ ដែល​បាន​ពលី​ក្នុង​សមរភូមិ​មុខ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ស្ថិត​នៅ​គេហដ្ឋាន ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

​សូម​បញ្ជាក់​ជូន​ថា សព​វីរ​យុទ្ធជន ពលបាលឯក ភាព សោភ័ណ្ឌ អាយុ ៤៦​ឆ្នាំ បម្រើ​ការងារ​នៅ​កងពល​លេខ​២១ ចំណុះ​យោធភូមិភាគ​២ មាន​ភរិយា​ឈ្មោះ ជឹង គឹម​ហ៊ាង អាយុ​៤៥​ឆ្នាំ ប្រកប​របរ លក់​បាយ​ក្នុង​ផ្សារ​បែក​អន្លូង មានកូន​ចំនួន​៤​នាក់ ស្រី​ទាំង ៤​នាក់​។​

​ការបាត់បង់ វីរ​កងទ័ព ព្រិន្ទបាលឯក ភាព សោ​ភណ្ឌ គឺជា​ការបាត់បង់​នូវ​ស្វាមី និង​ឪពុក​ជា​ទីស្រឡាញ់ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុម​គ្រួសារ ហើយក៏​ជា​ការបាត់បង់​នូវ​យុទ្ធជន​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ អង់អាច​ក្លាហាន ដែល​បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត​បញ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​លោក​បាន រួមចំណែក​យ៉ាង​សកម្ម នៅក្នុង​កិច្ចការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ដើម្បី​សេចក្តីសុខក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​។​

​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​ភរិយា វីរ​យុទ្ធជន និង​កូនៗ សូម​ខិតខំ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​ប្រសើ​រ ព្រោះ​បច្ចុប្បន្ននេះ អាកាសធាតុ​មាន​ភាពប្រែប្រួល ដោយ​កម្ពុជា​យើង​បាន​ទទួល​រង​សម្ពាធ​ពី​ព្យុះ​មូសុង ដែល​អាច​បណ្តាលឲ្យ​កើត​ផ្តាសាយ​ផងដែរ ជា​ពិសេស​ត្រូវ​ជំរុញ​ដល់​កូនៗ​ឲ្យខិត​ខំ​រៀនសូត្រ និង​នាំ​កូនៗ គ្រប់​អាយុ ទៅ​ចុះ​ឈ្មោះ​ចូលរៀន​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្ទះ​ជូន​គ្រួសា​វីរ​យុទ្ធជន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោកជំទាវ​បណ្ឌិត ពេជ្រ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ស្ថិតនៅ​ឃុំ អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ដែល​សំណង់​ខាងលើ​សម្រេច​ការសាងសង់​បាន​ប្រមាណ ៧០% ដោយ​រំពឹងថា​នឹង​រួចរាល់​១០០% នៅ​បំណាច់​ឆ្នាំ​២០២៥ នេះ​។​

​នា​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន សម្រេច​ឲ្យ​ក្រុម​អ្នកម៉ៅការ រៀបចំ​តួរ​ផ្ទះ​ទាំងមូល​ឡើង​ទៅលើ​ឲ្យបាន ១,៥​ម៉ែត្រ បន្ថែមទៀត ទៅ​តាម​ការស្នើសុំ​របស់​អ្នកស្រី ជឹង គឹម​ហ៊ាង ដែល​ជា​ភរិយា​នៃ​សព​។ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ សូម​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ខាងលើ​ជាប់​ជាប្រចាំ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​ជាង​អនុវត្ត​ការងារ​ប្រកបដោយ​ស្តង់ដារ ដើម្បី​ឲ្យ​សំណង់​មាន​គុណភាព​ខ្ពស់​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *