
នាព្រឹកថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២៥ លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម និងលោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន ។
ពិធីនេះធ្វើនៅសាលប្រជុំ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក ស្នងការរង នៃស្នងការនគរបាលខេត្ត ,លោក មេបញ្ជារការរងកងរាជអាវុធហត្ថខេត្ត និងលោកស្រី ប្រធានមន្ទីរ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូប។
លោក ម៉ែន ភារម្យ អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការអភិវឌ្ឍន៍ទេសចរណ៍ នៅរមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន គោលបំណងដើម្បី ធានាដល់ការអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសក្តានុពលខ្ពស់ប្រកបដោយចីរភាព ក្នុងការបង្កើន សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនភាពទាក់ទាញ់គោលដៅ ទេសចរណ៍ដោយភាពច្នៃប្រឌិតតាមតម្រូវការទីផ្សារ៍ និងចូលរួមគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព ។
លោក គន់ សុភា អភិបាលរងបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំខាងនេះសូមក្រុមងារវិស័យទេសចរណ៍គ្រប់គ្នាដែរ ពាក់ព័ន្ធសូមយកចិត្តទុកដាក់ ចូលរួមបញ្ចេញមតិយោបល់ ដើម្បីក្រុមការងារទទួលយកទៅសិក្សាបន្ថែម ក្នុងការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ រមណីយដ្ឋាន ប្រាសាទវត្តនគរបាជ័យ និងតំបន់កោះប៉ែន ដើម្បីបន្តលើក កម្ពស់វិស័ យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និង ធម្មជាតិ ដោយបន្ថែម ទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗដែលមាន ឱ្យបានច្រើនកន្លែងរួមនឹងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជា ការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍៕



