ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥!

​នា​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​-​នាយរង អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​រំលឹក​អំពី​វិន័យ​សណ្តាប់ធ្នាប់ ក្រមសីលធម៌​ការងារ ពង្រឹង​តួនាទី​ភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ ក៏​ដូច​ជា​សកម្មភាព​ការងារ​ប្រចាំថ្ងៃ ដល់​កម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​អនុវត្ត​ប្រកបដោយ​ស្មារតី​ម្ចាស់​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រៀម​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់​លើ​គ្រប់​ពេលវេលា​។ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្តទៀតថា ក្នុងនាម​ជា​កងកម្លាំង គឺ​ពិតជា​មាន​ពេលវេលា​តិចតួច​ណាស់ សម្រាប់​គ្រួសារ ជាពិសេស នៅ​គ្រប់​ពិធីបុណ្យ​ជាតិ សាសនា ដែល​បងប្អូន​ប្រជាពលរដ្ឋ ជួបជុំ​គ្រួសារ ដើរលេង​សប្បាយ គឺជា​ពេល​ដែល​កម្លាំង​សមត្ថកិច្ច រឹតតែ​ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់​ស្មារតី ទទួលខុសត្រូវ លើ​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ កាន់តែ​មមាញឹក ជាង​ពេល​ធម្មតា និង​ត្រូវ​ត្រៀម​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ដោយ​គ្រោះមហន្តរាយ ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​កើតមានឡើង​ផងដែរ​។

​នៅ​ចុងបញ្ចប់​កម្មវិធី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើ​ដល់​បងប្អូន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ចេះ​សន្សំសំចៃ​ដោយ​រៀបចំ​ផែនការ​សេដ្ឋកិច្ច​គ្រួសារ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ជៀសឲ្យផុត​ពី​ហានិភ័យ​សេដ្ឋកិច្ច​ក្នុងគ្រួសារ និង ថែទាំ​សុខភាព ឲ្យបាន​ល្អ ហាត់ប្រាណ​ឲ្យបាន​ជាប់​ជាប្រចាំ រស់នៅ​ប្រកប​ដោយ អនាម័យ​និង​បរិស្ថាន​ស្អាត ដើម្បី​សុខភាព​គ្រប់គ្នា​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *