អភិបាលខេត្ត​កំពង់ចាម ណែនាំ​ដល់​មន្ត្រី​ជំនាញ និង​អជ្ញាធរ​មូលដ្ឋាន ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ដឹក​អាចម៍​ដី និង​ការចុះ​បង្រា្ក​ប​ល្បែងស៊ីសង​គ្រប់​ប្រភេទ

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់​មន្ត្រី​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ដឹក​អាចម៍​ដី ដែល​ប៉ះពាល់​ដល់​ដី​សាធារណៈ​របស់​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម និង​ការចុះ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​ល្បែង ស្កែម​អន​ឡាញ​។ ថ្លែង​បែប​នេះ​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៦ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ចុះ​តាមដាន​អំពី​ការប្រកប​សេវាកម្ម​អា​ចម៌ដី រណ្តៅ​ដី​ចល័ត​ដីក្រហម ខ្សាច់ ឬ​គ្រួស ដើម្បី​ងាយស្រួល​ក្នុង ការគ្រប់គ្រង ការប្រមូល​ចំណូល និង​ការរៀបចំ​សោភ័ណភាព​តាម​បណ្តា​ក្រុង​-​ស្រុក​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា យោង​តាម​សេចក្ដីណែនាំ លេខ​០០១ ស​ណន​, ដោយ​មើលឃើញ​ថា ការជីក​យក​អាចម៍ដី​ដើម្បី​ចាក់​បំពេញ​លើ​ទីតាំង​នៃ​ការអភិវឌ្ឍ ដូចជា រោងចក្រ សហគ្រាស លំនៅដ្ឋាន ជាដើម គឺ​មាន​ការកើនឡើង ហើយ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​អាចម៍ដី​ក៏​មាន​កាន់តែ​កើន​ឡើង​ផងដែរ​។ ក្នុងស្ថានភាព នេះ​មាន​ក្រុមហ៊ុន​មួយចំនួន​ធំ​បាន​គោរព​ច្បាប់ និង​ក្រុមហ៊ុន​មួយចំនួន​តូច​មិន​បាន​គោរព​ច្បាប់​ត្រឹមត្រូវ​នៅឡើយ​។

​ដើម្បី​ធានាបាន​នូវ​និរន្តរភាព នៃ​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ រដ្ឋបាល​ខេត្ត​កំពង់ចាម សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖
​ទី​១-​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ពិនិត្យ​ទីតាំង​ដី នៃ​ការស្នើ​សុំ​ធ្វើ​អាជីវកម្ម​ជីក​យក​អាចម៍​ដី ដោយ​ធានា​ថា មិន​ប៉ះពាល់​ដី​សាធារណៈ​របស់​រដ្ឋ​។
​ទី​២-​ត្រូវ​បាន​ហាមឃាត់ ការជីក​កាយ ផ្លាស់ប្តូរ​ស្ថានភាព​ដី និង​ជីក​យក​អាចម៍ដី ចំពោះ​ប្រភេទ​ដី អាស្រ័យ​ផល​គ្រប់​ប្រភេទ​។​
​ទី​៣-​ការស្នើ​សុំ​ចាក់​បំពេញ​អាចម៍​ដី អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ពិនិត្យ​រាល់​សំណុំ​ឯកសារ​កាន់កាប់​ដី (​វិញ្ញាប​នប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​) ដើម្បី​ឲ្យ​ប្រាកដថា ទីតាំង​ដី​ជា​កម្មវត្ថុ​នៃ​ការស្នើសុំ គឺ​តែ​មួយ​។​
​ទី​៤-​ករណី​ការធ្វើ​អាជីវកម្ម​នៅ​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ ត្រូវ​ពិនិត្យ សម្រេច​ពី​អង្គភាព​ជំនាញ ពាក់ព័ន្ធ និង​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​ឯកឧត្តម​អភិបាលខេត្ត​ជាមុន​។
​ទី​៥-​ក្នុងករណី​ពិនិត្យឃើញថា មាន​ការបំពាន​ចំណុច​ខាងលើ រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បង្កើន​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា នៅ​មូលដ្ឋាន ពិសេស​បទល្មើស​ស្កែម អន​ឡាញ និង​ការជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​។ ហើយ​បើ​មាន​មន្ត្រី​ណា​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​ខ្នង និង​ត្រូវ​បណ្តេញ​ចេញ​ចេញពី​ក្រប​ខណ្ឌ រួម​នឹង​ការដាក់ទោសទណ្ឌ​ទៅតាម​ផ្លូវច្បាប់​។​

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ការិយាល័យ​ប្រជាពលរដ្ឋ និង​អង្គភាព​ច្រកចេញចូល​តែ​មួយ ត្រូវ​បន្ត​ពង្រឹង​គុណភាព ក្នុង​ការផ្តល់​សេវា​សាធារណៈ​នៅ​គ្រប់​កំរិត ជូន​ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព រហ័ស គណនេយ្យភាព និង​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា និង​ការជឿទុកចិត្ត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ផងដែរ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *