លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​វីរ​កងទ័ព និង​នគរបាល​ជាតិ​ពលី ៧​រូប ដល់​គេហដ្ឋាន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​

(​ខេត្ត​ត្បូងឃ្មុំ​)៖ រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​បេសកកម្ម​ចុះសួរសុខទុក្ខ គោរព​វិញ្ញាណក្ខន្ធ និង​នាំយក​អំណោយ​សប្បុរសធម៌ ព្រម​ទាំង​ថវិកា​ផ្ទាល់ខ្លួន​របស់​សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ជូន​ដល់​គ្រួសារ​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ​ពលី​ចំនួន ៧​រូប ដល់​គេហដ្ឋាន​ផ្ទាល់ ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្បូងឃ្មុំ ស្រុក​មេមត់ និង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ដំណើរការ​ចុះ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នេះ ក៏​មាន​ការ​អមដំណើរ​ដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​, ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​លោកជំទាវ​, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​លោកជំទាវ និង​ឯកឧត្តម ផា​រ៉ា មង្គល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​ព្រមទាំង​មន្ទីរ​-​អង្គភាព និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​។​

​ក្នុង​ឱកាស​ដ៏​ក្តុកក្តួល​នោះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ការរំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាពិសេស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ក្រុមគ្រួសារ​នៃ​សព​។​

​លោកជំទាវ​បណ្ឌិត បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស មិន​ដែល​បំភ្លេច​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ការលះបង់​ដ៏​ធំធេង​របស់​បងប្អូន​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វ​ហេ​ត​ការពារ​បូរណភាព​ទឹកដី និង​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​នោះឡើយ​។ ការលះបង់​របស់​ពួកគាត់ គឺជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សុខសន្តិភាព​ដែល​យើង​កំពុង​មាន​នៅ​ថ្ងៃនេះ​។​

​បន្ថែម​លើ​ការផ្ដល់​អំណោយ និង​ថវិកា​ដើម្បី​សម្រួល​ជីវភាព​ប្រចាំថ្ងៃ លោកជំទាវ​បណ្ឌិត ក៏បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​ជាក់ស្ដែង​ជាច្រើន​សម្រាប់​គ្រួសារ​យុទ្ធជន​ពលី រួមមាន​៖
១. ការធានា​ការសិក្សា​៖ ការផ្ដល់​អាហារូបករណ៍​ដល់​កូនៗ​របស់​វីរ​យុទ្ធជន​ពលី ឱ្យបាន​រៀនសូត្រ​រហូត​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។​
២. ការគាំទ្រ​ជីវភាព​៖ ការផ្ដល់​មុខរបរ​ចិញ្ចឹមជីវិត និង​ការបង្កើត​មូលនិធិ​ជួយ​ជីវភាព​គ្រួសារ​។​
៣. ការដោះស្រាយ​បន្ទុក​ហិរញ្ញវត្ថុ​៖ ការរៀបចំ​ឥណទាន និង​ការដោះស្រាយ​បំណុល​ជូន​វីរ​យុទ្ធជន​ក្នុង​សមរភូមិ​។​
៤. ការកសាង​សហគមន៍​៖ ការជួយ​សម្របសម្រួល​ជនភៀសសឹក ការ​បោសសម្អាត​មីន និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ដែល​រង​ផលប៉ះពាល់​។​

​លោកជំទាវ​បណ្ឌិត បាន​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន និង​ជួយ​សម្របសម្រួល​រាល់​ការលំបាក​របស់​គ្រួសារ​សព ដោយ​មិន​ទុក​ឱ្យ​គ្រួសារ​វីរ​យុទ្ធ​ជនណាម្នាក់​ត្រូវ​បាន​បោះបង់ចោល​ឡើយ​។ លោកជំទាវ​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុម​គ្រួសារ​ទាំងអស់ រក្សា​នូវ​ស្មារតី​រឹងមាំ និង​បន្ត​ចិញ្ចឹម​បីបាច់​បុត្រ​ធីតា​ឱ្យ​ក្លាយជា​ធនធាន​ដ៏​ល្អ ដើម្បី​បន្ត​ស្នង​មរតក​វីរភាព​ពី​ឪពុក​ដែល​ជា​វីរជន​ស្នេហា​ជាតិ​។​

​សកម្មភាព​រយៈពេល ២​ថ្ងៃនេះ បាន​នាំមក​នូវ​ភាពកក់ក្តៅ​យ៉ាងខ្លាំង​ដល់​គ្រួសារ​នៃ​សព និង​ត្រូវបាន​មហាជន​ទូទៅ​កោតសរសើរ​ចំពោះ​កាយវិការ​មនុស្សធម៌ និង​ការដឹងគុណ​ចំពោះ​អ្នក​ដែល​បាន​លះបង់​ដើម្បី​ជាតិ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *