រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​៖ ទណ្ឌិត​ចំនួន ៣៨​នាក់ ត្រូវបាន​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ និង​បុណ្យ​វិសាខ​បូជា ឆ្នាំ​២០២៦ ខាងមុខនេះ​

ត្បូងឃ្មុំ​៖ រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៦ ឯកឧត្តម ណុប ឡងឌី អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មាការ​ពិនិត្យ និង​វាយតម្លៃ កែប្រែ​របស់​ទណ្ឌិត​នៅ​ពន្ធនាគារ​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា លើ​ការស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដល់​ទណ្ឌិត​ក្នុងឱកាស ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​បុណ្យ​វិសាខ​បូជា ឆ្នាំ​២០២៦​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​សាលប្រជុំ ក សាលាខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ ម៉ុង ម៉េងអ៊ាន់ ប្រធាន​ពន្ធនាគារ​ខេត្ត លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ចក់ សុខ​កៅ ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោកនាយក និង​មន្ត្រី​ជំនាញ នៃ​ទីចាត់ការ​អន្តរ​វិស័យ រដ្ឋបាលខេត្ត លោក​អនុប្រធាន​ពន្ធនាគារ ប្រធានការិយាល័យ និង​មន្ត្រី​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ណុប ឡងឌី អភិបាលរង​ខេត្ត បាន​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពិនិត្យ និង​ពិភាក្សា​អោយបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ក្នុង​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ធ្វើយ៉ាងណា​សមស្រប​ទៅនឹង​ច្បាប់ និង​គោលការណ៍​ណែនាំ​នានា សំដៅ​ជ្រើសរើស​បាន​ទណ្ឌិត​ដែល​បាន​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ជា​អ្នក​មាន​ការ​តាំងចិត្ត​កែប្រែ​ខ្លួន​អោយ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ជាតិ​ពិត​ប្រា​ដក អាច​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខ​ជាមួយ​ក្រុម​គ្រួសារ ក៏​ដូចជា​ក្នុង​សង្គម​ទាំងមូល​។​

​ឯកឧត្តម អភិបាលរង​ខេត្ត​បន្តថា ទណ្ឌិត​ទាំងឡាយ​ដែល​អាច​ស្នើសុំ​ការបន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ត្រូវមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ​កំណត់​ដោយ​ច្បាប់ សម្រាប់​ទោស​ដែល​មិនមែន​ជា​កម្មវត្ថុ​ក្នុង​ការលើកលែង​ទោស បន្ធូរបន្ថយ​ទោស ឬ​ពិបាក​ក្នុង​ការលើកលែង​ទោស និង​បន្ថយទោស​នោះ​គឺ​មានដូចជា​ទោស ចាប់ជំរិត​ទារប្រាក់ ប្លន់​សម្លាប់ រំលោភ​សម្លាប់​ឃាត់​កម្ម​សាហាវឃោរឃៅ ទោស​ផលិត និង​ជួញដូរ​គ្រឿងញៀន ភារ​វ​កម្ម ជនប្រដាប់អាវុធ ទណ្ឌិត​ទទួលទោស​ច្រើនដង ទណ្ឌិត​ដែល​ជាប់​ពន្ធនាគារ​ច្រើនដង និង​ទណ្ឌិត​ធ្លាប់​ល្មើស​ជាប់​ពិន័យ​ជាដើម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖
​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​យក​ពិធីបុណ្យ​ចំនួន​០៥ សំរាប់​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែង​ទោស​ឲ្យ​ទណ្ឌិត ក្នុងនោះ​មាន ៖
១/​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ៧ មករា ២/​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ
៣/​ពិធីបុណ្យ​វិសាខបូជា ៤/​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ទី ៥​គឺ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​។​

​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ ម៉ុង ម៉េងអ៊ាន់ ប្រធាន​ពន្ធនាគារ​ខេត្ត បានអោយដឹងថា អង្គភាព​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ បាន​ជ្រើស​យក​ទណ្ឌិត​ចំនួន ៣៨​នាក់ ស្រី ៣​នាក់ មក​ដាក់ជូន គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​កម្រិត​កែប្រែ​របស់​ទណ្ឌិត ក្នុងឱកាស​ទិវា​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំ​២០២៦ សរុប​ចំនួន ២៤​នាក់ ស្រី ០៣​នាក់ និង​ក្នុង​ឱកាស​បុណ្យ​វិសាខ​បូជា ឆ្នាំ​២០២៦ សរុប​ចំនួន ១៤​នាក់​ផង​ដែរ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *