(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង សម្បត្តិ និង ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលើការអនុវត្តការងាររបស់គណៈកម្មការដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងសាងសង់ផ្លូវជាតិលេខ៧២ នៅសាលប្រជុំសាលាស្រុកពញាក្រែក។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ថ្នាក់ដឹកនាំទាំងពីរ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នៅទីតាំងភូមិសាស្ត្រដែលរងផលប៉ះពាល់ ស្ថិតនៅក្នុងឃុំក្រែក និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា។
ក្នុងសកម្មភាពត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក បួន សេងសុវិទ្យា នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកពញាក្រែក មន្ត្រីភូមិបាលស្រុក អាជ្ញាធរឃុំទាំងពីរ (ឃុំក្រែក និងឃុំត្រពាំងផ្លុង) កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀត។
គោលបំណងនៃកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងផ្ទាល់នាពេលនេះ គឺដើម្បីជំរុញការអនុវត្តការងាររបស់គណៈកម្មការដោះស្រាយផលប៉ះពាល់ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សំដៅធានាឱ្យដំណើរការសាងសង់ផ្លូវជាតិលេខ៧២ ប្រព្រឹត្តទៅបានលឿនតាមផែនការដែលបានកំណត់។ ផ្លូវជាតិលេខ៧២ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលជាប់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កម្ពុជា-វៀតណាម ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញចេញចូល របស់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសកសិផល ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយឈរលើគោលការណ៍ច្បាប់ និងការយោគយល់គ្នាខ្ពស់ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ សម្រេចបានជោគជ័យជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល៕

