អភិបាលខេត្ត​កំពង់ចាម ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ លើក​បញ្ហា​ប្រឈម​ថ្មីៗ ចំណុច​ខ្វះខាត និង​ភាព​អសកម្ម សេសសល់​ពី​ឆ្នាំ​ចាស់ ហើយ​សម្រួច​ឆន្ទៈ​រួមគ្នា​ដោះស្រាយ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​

(​កំពង់ចាម​): ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ស្នើ​ដល់​អ្នកពាក់ព័ន្ធ លើកឡើង​ដោយ​ឥត​លាក់លៀម​នូវ​បញ្ហា​ប្រឈម​ថ្មីៗ ចំណុច​ខ្វះខាត និង​ភាព​អសកម្ម​ដែល​សេស សល់​ពី​ឆ្នាំ​ចាស់ ធ្វើយ៉ាងណា ត្រូវ​សម្រួច​ឆន្ទៈ​រួមគ្នា​ដោះស្រាយ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់​ចំពោះ​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ។ ឯកឧត្តម អភិបាលខេត្ត ថ្លែង​បែប​នេះ នាឱកាស អញ្ជើញ​ជា​អធិបតី ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ដែល​រៀបចំ​នៅ​សាលសន្និសីទ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៦ នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះ រាល់​ចំណុច​ទាំងឡាយ ដែល​បាន​លើកឡើង ក៏​នឹង​ត្រូវ​រៀបចំ​ជា​ផែនការ ដោយ​ចាត់​ជា​អាទិភាព​សម្រាប់​ទិសដៅ បន្ត​អនុវត្ត​នៅ​ឆ្នាំ​បន្ទាប់ ដើម្បី​ធ្វើ​ការដោះស្រាយ​ឱ្យខាងតែបាន និង​ឱ្យ​ឆ្លើយតប​បាន​ទាន់ពេលវេលា ចំ​គោលដៅ ហើយ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ប្រសិទ្ធ​ផល ។​

​ឯកឧត្តម អ៊ុន ចាន់​ដា បញ្ជាក់ដែរថា សន្និបាត​នាពេលនេះ សំដៅ​រួមគ្នា​ពិនិត្យ​វាយតម្លៃ​សមិទ្ធផល បញ្ហា ប្រឈម ដំណោះស្រាយ និង​កំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៦​។ បន្ថែម​ពី​នេះ សន្និបាត​របស់ យើង​នឹង​ធ្វើ​ការពិនិត្យ​លទ្ធផល​ការងារ​ការ​អនុ​វ​ត្គោល​នយោបាយ​«​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» និង​សេវា​សង្គម ប្រចាំឆ្នាំ​២០២៥ ក្នុង​ដែនដី​ខេត្ត​កំពង់ចាម ផងដែរ ។ ជាមួយ​នោះ សន្និបាត​នា​ព្រឹក​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​មាន​រយៈពេល មួយ​ថ្ងៃ​កន្លះ ដែល​នឹង​ត្រូវ​ដំណើរការ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ វាយតម្លៃ​លើ​សមិទ្ធផល បទពិសោធន៍ បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​រួម និង​សមស្រប​ទៅតាម​ស្ថានការណ៍​ជាក់ ស្តែង​ជុំវិញ​ការអនុវត្ត​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ របស់​មន្ត្រី​យើង​គ្រប់ៗ​គ្នា ។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ រួមជាមួយ​នឹង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្តេជ្ញាចិត្ត ចូលរួម​យ៉ាង​សកម្ម ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច តាម​កំណត់ នៃ​ច្បាប់ លិខិតបទដ្ឋាន ជា​ធរមាន ព្រមទាំង ចូលរួមចំណែក និង​ផ្ដល់​កិច្ចសហការ​គាំទ្រ ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​កំពង់ចាម សម្រេច​បាន​សមិទ្ធផល​ធំៗ​ជាច្រើន នៅ​រយៈពេល​ពេញ​មួយឆ្នាំ​២០២៥ កន្លងទៅ ផងដែរ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *