​ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត​ត្បូងឃ្មុំ នាំយក​អំណោយ​សួរសុខទុក្ខ​វីរ​កងទ័ព និង​នគរបាល​ជាតិ នៅ​ទិស​ប្រាសាទ​ព្រះវិហារ ក្នុង​ស្មារតី «​សមរភូមិ​ក្រោយ គាំទ្រ​សមរភូមិ​មុខ​»

(​ខេត្ត​ត្បូងឃ្មុំ​-​ព្រះវិហារ​)៖ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ប្រតិភូ​ខេត្ត និង​ប្រតិភូ​ស្រុក​អូររាំងឪ អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ ម៉ូតូ ព្រម​ទាំង​ថវិកា ជូន​ដល់​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ ចំនួន ១២​អង្គភាព ចំណុះ​កងពល​លេខ​៨ ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅ​ទិស​ប្រាសាទ​ព្រះវិហារ ខេត្ត​ព្រះវិហារ​។​

​ក្នុងឱកាស​សំណេះសំណាល​ដ៏​មាន​អត្ថន័យ​នោះ ឯកឧត្តម ម៉ៅ ឌុ​ង បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ ជូន​ដល់​បងប្អូន​កងកម្លាំង​ទាំងអស់​។​

​ជាពិសេស ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ថ្លែង​នូវ​ការ​អរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ តាម​បណ្តា​ស្ថាប័ន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សិស្សានុសិស្ស ព្រមទាំង​សប្បុរសជន​នានា ដែល​បាន​បង្ហាញ​នូវ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា បរិច្ចាគ​នូវ​ធនធាន និង​ថវិកា​ផ្ទាល់ខ្លួន ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​នាំយក​មក​ឧបត្ថម្ភ​ជូន​ដល់​បងប្អូន​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ការរួមចំណែក​នេះ គឺជា​សក្ខីភាព​នៃ​សាមគ្គីភាព​ដ៏​រឹងមាំ ដែល​ឆ្លុះបញ្ចាំង​ថា បងប្អូន​នៅ​ជួរ​មុខ​មិន​ដែល​នៅ​ម្នាក់ឯង​នោះឡើយ​។​

​ឯកឧត្តម ម៉ៅ ឌុ​ង បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា «​ក្នុងនាម​ខ្មែរ​តែមួយ យើង​ត្រូវតែ​ជា​ធ្លុង​តែមួយ ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រា​លំបាក​។ នេះ​គឺជា​ស្មារតី​នៃ​សមរភូមិ​ក្រោយ ដែល​តែងតែ​នៅក្បែរ និង​គាំទ្រ​ជានិច្ច​ដល់​សមរភូមិ​មុខ ដើម្បី​ការពារ​សុខសន្តិភាព និង​ទឹកដី​មាតុភូមិ​ឱ្យបាន​គង់វង្ស​»​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម ក៏​បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការលះបង់​ដ៏​ខ្ពង់ខ្ពស់ សាច់​ស្រស់ ឈាម​ស្រស់ ទាំង​កម្លាំងកាយ​ចិត្ត និង​បញ្ញា​ស្មារតី របស់​បងប្អូន​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ​នៅតាម​បន្ទាត់​ព្រំដែន ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

​សូមបញ្ជាក់​ថា​៖ អំណោយ​ដែល​បាន​នាំយក​ទៅ​ឧបត្ថម្ភ​ដល់​អង្គភាព​ទាំង ១២ នាពេលនេះ រួមមាន​៖ ម៉ូតូ សាច់គោ​ចំនួន ១​ក្បាល គ្រឿងឧបភោគ​បរិភោគ សម្ភារៈ​ចាំបាច់​ប្រចាំថ្ងៃ និង​ថវិកា​ក្នុង​ម្នាក់​៤​ម៉ឺន​រៀល សរុប​ចំនួន ៤០០​នាក់​នៃ ១២​អង្គភាព ដែល​នេះ​ជា​ការរួមចំណែក​ដ៏​មាន​តម្លៃ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្នុង​ការលើកកម្ពស់​ជី​វ​ភាព និង​ផ្ដល់​កម្លាំងចិត្ត​ដល់​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ជួរ​មុខ ឱ្យ​កាន់តែ​រឹងមាំ​ក្នុង​ការបំពេញ​ភារកិច្ច​ការពារជាតិ​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *