(ត្បូងឃ្មុំ)៖ ក្នុងស្មារតីសាមគ្គីធម៌ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះជាតិ សាសនា នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ នៅវត្តសិលារង្សីត្រពាំងថ្កូវ (វត្តចាស់) បានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីបង្សុកូលឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពិធីដ៏មហោឡារិកនេះ ប្រារព្ធឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងជាព្រះចៅអធិការវត្តសិលារង្សីត្រពាំងថ្កូវ(វត្តចាស់) ព្រមទាំងមានការចូលរួមគាំទ្រពីលោកអាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូ-អ្នកគ្រូ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សេង សុខខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនៃរដ្ឋបាលស្រុក អាជ្ញាធរឃុំ ព្រមទាំងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។
យោងតាមគណៈកម្មការរៀបចំបុណ្យ គោលបំណងសំខាន់នៃពិធីនេះរួមមាន៖
១. ផ្នែកពុទ្ធចក្រ៖ ដើម្បីប្រមូលបច្ច័យសទ្ធាពីសប្បុរសជនជិតឆ្ងាយ យកមកកសាងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសការចាក់សាបបេតុងក្នុងបរិវេណវត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការបំពេញបុណ្យកិរិយារបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទ។
២. ផ្នែកអាណាចក្រ និងកតញ្ញូតាធម៌៖ រៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ “វីរកងទ័ពកម្ពុជា” ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី ប្តូរយកសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាជន។
ក្នុងឱកាសនោះដែរ ព្រះមធុរធម្មរង្សី វ៉ាន ដាវី បានមានសង្ឃដីកាបញ្ជាក់ថា ព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណីជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ និងចរិយាធម៌សង្គម។ ជាពិសេស ជំនឿសាសនាបានរួមចំណែកធ្វើឱ្យសង្គមកម្ពុជាមានសុខសន្តិភាព វិបុលភាព និងស្ថិរភាព ព្រមទាំងជួយឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាដោយសុខដុមរមនា ជៀសផុតពីការរើសអើង និងអំពើហិង្សា ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ។
ពុទ្ធបរិស័ទដែលបានចូលរួម បានសម្តែងនូវសទ្ធាជ្រះថ្លា ចាប់មគ្គផលតាមកម្លាំងសទ្ធារៀងៗខ្លួន និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមាតាបិតា ញាតិកាទាំងប្រាំពីរសន្តាន ក៏ដូចជាវីរយុទ្ធជនពលី ដែលបានលះបង់ដើម្បីជាតិមាតុភូមិ សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងកម្មវិធីបុណ្យនេះ ក៏មានការនិមន្តព្រះសង្ឃចំនួន ៧៥អង្គ ដើម្បីទទួលទេយ្យទាន និងចង្ហាន់បិណ្ឌបាត ដែលស្តែងឱ្យឃើញពីកម្លាំងសាមគ្គី និងសទ្ធាដ៏មុតមាំរបស់ពុទ្ធបរិស័ទ។ ជាមួយគ្នានេះ ព្រះអនុគណក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែក។
ជាកិច្ចបញ្ចប់ ពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ មិនត្រឹមតែជាការរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាយវិការដ៏វិសេសវិសាល បង្ហាញពីមនសិការស្នេហាជាតិ ការដឹងគុណចំពោះបុព្វបុរស និងការរួមចំណែកពង្រឹងសុខដុមនីយកម្មក្នុងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមដំបូលនៃសុខសន្តិភាព៕



