សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹកក្នុង​ខេត្ត​ព្រះវិហា​រ

​ខេត្ត​ព្រះវិហារ ៖​ថ្ងៃ​សៅរ៍ ទី​៣១ មករា ២០២៦​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មករា ឆ្នាំ​២០២៦ នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹកក្នុង​ខេត្ត​ព្រះវិហា​រ នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​បាក់​កាំ​ចំនួន​៥៤០​គ្រួសារ ស្ថិតនៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។​

​នៅក្នុង​ជំនួប​សំណេះសំណាល​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការ​ជាតិ និង​អន្តរជាតិ និង​ដៃគូ​ផ្សេងៗ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​ទីជម្រក​សុវត្ថិភាព ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​ឱ្យមាន​សុវត្ថិភាព និង​អាច​ស្នាក់នៅ​បាន​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​គិតគូ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ចំនួន​៣ ក្នុង​ការដោះស្រាយ​សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​, បងប្អូន​ជនភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន និង​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​។​

​ទី​១- សម្រាប់​បងប្អូន​ជនភៀសសឹក​ដែល​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន បាននិងកំពុង​ខ្នះខ្នែង​រៀបចំ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។ ក្រោម​ការសម្របសម្រួល​របស់​អាជ្ញាធរ​មីន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​មីន​នានា ជាពិសេស​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​ស៊ីម៉ាក់ បាន​និង​កំពុង​ខិតខំ​យ៉ាង​សកម្ម​នៅក្នុង​ការ​បោសសំអាត​អាវុធយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​ធានា​ថា ទីតាំង​ទាំង​នោះ មាន​សុវត្ថិភាព​គ្រប់គ្រាន់​មុននឹង​អនុញ្ញាត​ឱ្យ​បងប្អូន​ជនភៀសសឹក​វិលត្រឡប់​ទៅកាន់​ទីតាំង​ទាំង​នោះ​។ ជាមួយ​ការសម្រួល​ការវិលត្រឡប់​ទៅកាន់​លំនៅឋាន​របស់​បងប្អូន រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ និង​គ្រប់គ្រង​ការស្តារ​ជីវភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ពី​ជម្លោះព្រំដែន​នេះ​។​

​ទី​២-​ចំពោះ​បងប្អូន​ជនភៀសសឹក ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន ដោយសារ​ស្ថានភាព​មិន​ទាន់​អំណោយផល ចំពោះ​មុខ​នេះ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាលខេត្ត អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​និង​កំពុង​គិតគូរ​ពង្រឹង​លើ​ជម្រក​បណ្តោះអាសន្ន ឬ​ក្នុង​ករណី​ចាំបាច់​អាច​ផ្លាស់ប្តូរ​ជម្រក​បណ្តោះអាសន្ន​របស់​បងប្អូន​ទៅកាន់​ទីតាំង​មាន​ភាព​ប្រសើរ​ជាង​បច្ចុប្បន្ន​។ រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​ផ្តល់នូវ​ដំណោះស្រាយ​សមរម្យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​ជួយ​បងប្អូន​អាច​រក្សា​លំនឹង​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​កំលុងពេល​ដ៏​លំបាក​នេះ រហូត​ដល់​បងប្អូន​អាច​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។​

​ទី​៣-​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​មូលដ្ឋាន និង​សាធារណៈ ដែល​បាន​រង​ការខូចខាត​មាន​ជាអាទិ៍​សាលារៀន មណ្ឌល​សុខភាព ពេទ្យ​បង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញ​ទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុម​ការងារ​ចំពោះ​កិច្ច បាននិងកំពុង​វាយតម្លៃ​ផល​ខូចខាត​ទាំងនេះ ហើយ​រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ធនធាន​ទាំង​ថវិកា​ជាតិ និង​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត តាម​ស្ថានភាព​ជាក់ស្តែង​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *