ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ ដឹកនាំ​គណៈប្រតិភូ​ខេត្ត រួម​ជាមួយ​ខេត្ត ចំនួន​៥ របស់​កម្ពុជា ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម នៅ​ខេត្ត​ដុង​ណាយ​

(​ខេត្ត​ដុង​ណា​យ​, វៀតណាម​)៖ នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរ​ខេត្ត រួមមាន ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កំពង់ធំ កំពង់ចាម និង​ខេត្ត​ស្ទឹងត្រែង អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល និង​ជូនពរ​សិរី​សួស្តី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​វៀតណាម (​ឆ្នាំ​មមី ២០២៦) ជូន​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ខេត្ត​ដុង​ណា​យ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្ថិត​នៅ​មន្ទីរ​គណបក្ស​ខេត្ត ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប៉ែន កុសល្យ បាន​សម្តែង​នូវ​ការសួរសុខទុក្ខ និង​ពរជ័យ ជ័យ​មង្គល​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​រដ្ឋបាលខេត្ត និង​ប្រជាពលរដ្ឋ នៃ​ខេត្ត​ទាំង​៦ ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ខេត្ត​ដុង​ណាយ​ទាំងមូល​។​

​ឯកឧត្តម ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា ដែល​ខេត្ត​ដុង​ណាយ​សម្រេចបាន និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ខេត្ត​នឹង​បន្ត​ទទួល​បាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឱ្យ​កាន់តែ​រុងរឿង​។​

​ជា​តំណាងឱ្យ​ប្រតិភូ​ខេត្ត​ទាំង​៦ ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ក៏​បាន​ថ្លែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ បក្ស រដ្ឋ កងទ័ព និង​ប្រជាជន​វៀតណាម ដែល​ជានិច្ចកាល​តែងតែ​ជួយ​ជ្រោមជ្រែង​កម្ពុជា ចាប់តាំងពី​ដំណាក់កាល​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍ រហូត​ដល់​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​នា​ពេលបច្ចុប្បន្ន​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ បាន​គូសបញ្ជាក់ថា សកម្មភាព​មនុស្សធម៌ ការបញ្ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត និង​ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា គឺជា​សក្ខីភាព​មិនអាច​បំភ្លេចបាន នៃ​ចំណង​មិត្តភាព​បងប្អូន​ដ៏​រឹងមាំ​។​

​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់​ព្រំដែន ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា នៃ​ទំនាក់ទំនង​ជិតស្និទ្ធ ដែល​បាន​ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យទៅជា​តំបន់​សន្តិសុខ សណ្តាប់ធ្នាប់ និង​ជា​ច្រក​សេដ្ឋកិច្ច ដ៏​មាន​សក្ដានុពល តាមរយៈ​ការផ្លាស់ប្តូរ​ទំនិញ និង​ការបង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។​

​ទន្ទឹមនឹងនេះ គណៈប្រតិភូ​កម្ពុជា​ក៏​បាន​សម្តែង​ការអបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ជូន​ចំពោះ ឯកឧត្តម ង្វៀន វ៉ាន់​អ៊ុត ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ដុង​ណាយ ដោយ​បាន​ជូនពរ​ឱ្យ​ឯកឧត្តម​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​បេសកកម្ម​ដឹកនាំ​ថ្មី​នេះ ដើម្បី​បន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​វៀតណាម ឱ្យ​ស្ថិតស្ថេរ​ជា​អមតៈ​។​

​ជា​ការឆ្លើយតប ឯកឧត្តម វូ ហុង​វ៉ាន់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន និង​ទឹកចិត្ត​ដ៏​សប្បុរស​ប្រពៃ​ថ្លៃថ្លា​របស់​ប្រតិភូ​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​ខេត្ត​ដុង​ណាយ និង​ខេត្ត​ទាំង​៦ របស់​កម្ពុជា គឺជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​ទុកចិត្ត និង​សាមគ្គីភាព​ដ៏​រឹងមាំ ក្រោម​ស្មារតី “​មិត្តភាព​ប្រពៃណី ភាព​ជា​អ្នក​ជិតខាង​ល្អ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​” ដើម្បី​បុព្វហេតុ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ប្រជាជាតិ​ទាំងពីរ​។​

​សូមបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ បាន​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​កក់ក្តៅ​ជា​ទីបំផុត ដែល​ជា​ការបន្ត​ពង្រឹង​នូវ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​បន្ថែមទៀត​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *