ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​អង្គសន្និបាត​ក្រសួងមហាផ្ទៃ ផ្ដល់​សារៈសំខាន់​ចំពោះ​បទ​អន្តរាគមន៍ និង​បទ​បង្ហាញ​ចែករំលែក​បទពិសោធ ទាំង​១១​ប្រធានបទ​!

​ពី​វេទិកា​អធិបតី​នៃ​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៦ របស់​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ណែនាំ​អង្គសន្និបាត យកចិត្តទុកដាក់ និង​ផ្ដល់​សារៈសំខាន់ ចំពោះ​បទ​អន្តរាគមន៍ និង​បទ​បង្ហាញ​ចែករំលែក​បទពិសោធ លើ​ប្រធានបទ​ចំនួន​១១ ក្នុង​ដំណើរការ​សន្និបាត ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​។

​ប្រធានបទ​ទាំង​១១ ដែល​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​សង្កត់​ធ្ងន់​នោះ​រួមមាន​៖

១.​បទ​អន្តរាគមន៍​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ការ​បោសសម្អាត​ក្មេង​ទំនើ​ង ដោយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ

២.​បទ​អន្តរាគមន៍​ស្តីពី​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​រាជធានី ខេត្ត ដោយ អគ្គនាយកដ្ឋាន​រដ្ឋបាល

៣.​បទ​អន្តរាគមន៍​ស្តីពី ការងារ​ជំរុញ​ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ អត្តសញ្ញាណ​ផ្សេងទៀត​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ដោយ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម

៤.​បទ​អន្តរាគមន៍​ស្តីពី វិធានការ​គ្រប់គ្រង​វត្ត​មាន​ជនបរទេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

៥.​បទ​អន្តរាគមន៍​ស្តីពី យុទ្ធសាស្ត្រ​នៃ​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ដើម្បី​បង្កើត​ឱកាស​ការងារ មុខរបរ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ដោយ​រដ្ឋបាល​ខេត្ត​កំពង់ធំ

៦.​បទ​អន្តរាគមន៍​ស្តីពី ការចុះបញ្ជី​គម្រោង​វិនិយោគ​ដែលមាន​ទុន​សមមូល ៥​លាន​ដុល្លារ ចុះក្រោម ដោយ រដ្ឋបាល​ខេត្ត​តាកែវ

៧.​បទ​អន្តរាគមន៍​ស្តីពី ការលើកកម្ពស់​តួនាទី​ស្ត្រី​ក្នុង​មុខតំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ រដ្ឋបាល​ខេត្ត​ប៉ៃលិន

៨.​បទ​បង្ហាញ​ចែករំលែក​បទពិសោធ អំពី​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ដោយ ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​

៩.​បទ​បង្ហាញ​ចែករំលែក​បទពិសោធ អំពី​ផែនការ​រៀបចំ​ដែនដី​ប្លង់គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ រដ្ឋបាល​ខេត្ត​ស្វាយរៀង

១០.​បទ​បង្ហាញ​ចែករំលែក​បទពិសោធ អំពី​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ដោយ អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ

១១.​បទ​បង្ហាញ​ចែករំលែក​បទពិសោធ អំពី​វឌ្ឍនភាព និង​បទពិសោធ​ទទួលបាន​ពី​ការអនុវត្ត​អភិក្រម​ថ្មី​ក្នុង​ការលើកកម្ពស់​សេវា​សង្គម​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​អង្គការ UNICEF

​បទ​អន្តរាគមន៍ និង​បទ​បង្ហាញ​ចែករំលែក​បទពិសោធ​ទាំងនេះ នឹង​ត្រូវ​ធ្វើឡើង​ទៅ​តាម​របៀបវារៈ បន្ទាប់ពី​អង្គ​សន្និបាត បាន​ស្ដាប់​របាយការណ៍​សង្ខេប ស្ដីពី​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​មហាផ្ទៃ ថ្លែង​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុ​ផានិត អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ និង​របាយការណ៍​បូក​សរុប​ចលនា​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​។

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា របាយការណ៍​និង​បទ​អន្តរាគមន៍ ព្រមទាំង​បទ​បង្ហាញ​ចែករំលែក​បទពិសោធ ដែល​មាន​ក្នុង​សន្និបាត​នេះ គឺជា​មូលដ្ឋាន​ទិន្នន័យ និង​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការឆ្លុះបញ្ចាំង​ត្រឡប់​ទៅ​មើល​លទ្ធផល និង​បទពិសោធ​នៃ​ការអនុវត្ត​ការងារ​ពេញ​មួយឆ្នាំ​២០២៥ ខណៈ បទ​អន្តរាគមន៍ និង​បទ​បង្ហាញ​ចែករំលែក​បទពិសោធ គឺជា​ការផ្ដល់​ឱកាស​ជូន​អង្គសន្និបាត បាន​ស្វែងយល់​ពី​មេរៀន និង​បទពិសោធ ចេញ​ពី​ការអនុវត្ត​ការងារ​ជាក់ស្ដែង របស់​សាមី​ស្ថាប័ន និង​តួអង្គ​វាគ្មិន​ផ្ទាល់​។

​សូមបញ្ជាក់​ថា សន្និបាត​ក្រសួងមហាផ្ទៃ មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​ក្រសួង​មហាផ្ទៃ ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន ប្រធាន​ក្រុមប្រឹក្សា អភិបាល នាយក​រដ្ឋបាល ស្នងការ​នគរបាល និង​ប្រធាន​ពន្ធនាគារ​រាជធានី​-​ខេត្ត ព្រមទាំង​អភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់​មួយ​ចំនួន និង​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សរុប​ប្រមាណ​ជិត​៨០០​នាក់​។ ពិធី​បិទ​សន្និបាត នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *