(ខេត្តត្បូងឃ្មុំ)៖ ក្នុងស្មារតីចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏ឧត្តុង្គឧត្តម នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូខេត្ត ដែលមានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំង៣ប្រភេទ (កងយោធពលខេមរភូមិន្ទ នគរបាល និងកងរាជអាវុធហត្ថ) និងផ្នែកដែលពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងជូនសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសពវីរយុទ្ធជនពលី លោកវរសេនីយ៍ត្រី នូវ ណារ៉ុង ក្នុងបេសកកម្មការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ដែលបានពលីនៅសមរភូមិមុខ នៅគេហដ្ឋានសព ស្ថិតភូមិតាត្រាវ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសដ៏សង្វេគនេះ លោកជំទាវ ឡេង សុខា និងឯកឧត្តម កេង ប៊ុនណា ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ចំពោះសុខទុក្ខ និងការលះបង់របស់កងទ័ព។ ការបាត់បង់លោកវរសេនីយ៍ត្រី នូវ ណារ៉ុង គឺជាការបាត់បង់នូវវីរយុទ្ធជនដ៏ឆ្នើមម្នាក់ ដែលមានទឹកចិត្តស្នេហាជាតិខ្ពស់ ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពាររាល់ការឈ្លានពានពីសត្រូវ និងដើម្បីរក្សានូវសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ប្រតិភូខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានសម្តែងនូវការសោកស្តាយ និងការអាឡោះអាល័យជាទីបំផុត។ ទោះបីរូបកាយរបស់វីរយុទ្ធជនបានបាត់បង់ទៅមែន ប៉ុន្តែគុណូបការៈដ៏ថ្លៃថ្លា ក្នុងការតស៊ូប្រយុទ្ធដើម្បីការពារទឹកដី នៅតែដក់ជាប់ក្នុងបេះដូងរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបជានិច្ចនិរន្តរ៍។ វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពរូបនេះ នឹងត្រូវចារទុកក្នុងទំព័រប្រវត្តិសាស្ត្រនៃខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសជាតិទាំងមូល ជាគំរូដល់កូនខ្មែរជំនាន់ក្រោយក្នុងការដឹងគុណ និងស្នេហាជាតិមាតុភូមិ។
ក្នុងសេចក្តីក្តុកក្តួលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយដង្ហែវិញ្ញាណក្ខន្ធសពវីរយុទ្ធជន នូវ ណារ៉ុង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

