ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើកយក​ករណី ស្រីៗ​ចាញ់បោក ប្រុស​ស្អាត​ក្លែងក្លាយ ក្នុង​Facebook មក​អំពាវនាវ​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​!

​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៥ នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​ដាស់តឿន​មួយ​គួរឲ្យ​ចាប់​អារម្មណ៍បំផុត នៅក្នុងផេក​ផ្ទាល់ខ្លួន​របស់​លោក ដែលមាន ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោម​៖

​រឿង​ថ្មី នៃ​មេរៀន​ចាស់​!

​មេរៀន​ចាស់​ដដែលៗ​ដែល​ឧស្សាហ៍​កើតមាន​ក្នុង​សង្គម Facebook នាពេល​បច្ចុប្បន្ន គឺ​មាន​បុគ្គល​ទុច្ចរិច្ច​មួយ​ចំនួន បាន​យក​រូបភាព​អ្នក​ដ៏​ទៃ​ដែល​ស្អាត​សង្ហា មក​បង្កើត​ជា​គណនី Facebook ក្លែងបន្លំ​មួយ ហើយ​ឆាត​ទំនាក់ទំនង​មនុស្ស​ស្រី​ជា​ច្រើន​គ្នា ពេល​មាន​អ្នកឆ្លើយឆ្លង ក៏​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ហៅ​គ្នា​ប្រពន្ធ​សម្លាញ់​ប្តី​សម្លាញ់​ពេញៗ​មាត់ និង​ពេលខ្លះ​សុំ​ជួប​ក្រុម​គ្រួសារ​ដោយ​សន្យា​ចូល​ស្តីដណ្តឹង​តាមច្បាប់ និង​ពេលខ្លះ​បាន​កំណត់​ថ្ងៃ​ភ្ជាប់ពាក្យ​ផងដែរ បន្ទាប់​ពី​នារី​រងគ្រោះ​ជឿ​ង​លង់​ស៊ប់​ហើយ ជនសង្ស័យ​ក៏​ចាប់ផ្តើម​បោក​បញ្ឆោត​ល្បួង​ឲ្យ​ថត​រូបអាក្រាត បង្ហាញ​ដល់​ជនសង្ស័យ ដោយ​សម្អាងថា​គង់​នឹង​ក្លាយ​ជា​ប្តី​ប្រពន្ធ​ជាមួយ​គ្នា​ឆាប់ៗ ធ្វើឲ្យ​ជនរងគ្រោះ​ភ្លេច​គិត ត្បិត​យល់ថា ស្និទ្ធិស្នាល​ខ្លាំង ផ្អែមល្ហែម​ខ្លាំង ធ្វើឲ្យ​ស្រលាញ់​ខ្លាំង ក៏​ព្រម​បើក​បង្ហាញ​។ ក្រោយ​មាន​រូបអាក្រាត​ជនរងគ្រោះ ជនសង្ស័យ​ក៏​ចាប់ផ្តើម ប្រើល្បិច​សុំ​ខ្ចីលុយ ដោយ​ប្រាប់ថា​ខ្លួន មាន​បញ្ហា​ក្នុង​មុខរបរ ឬ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ ឬ​មាន​បញ្ហា​ខុស​ច្បាប់​ផ្សេងៗ រហូត​ជនរងគ្រោះ​អស់​លុយ​ឲ្យ​ខ្ចី ឬ​ដឹង​ខ្លួន​មិន​ព្រម​ឲ្យ​លុយ​ជនសង្ស័យ​ខ្ចី ទើប​ជនសង្ស័យ​យក​រូប​អាក្រាត​មក​គំរាម​ទារ​ប្រាក់​តែម្តង​។​

​ស្តាប់ទៅ ហាក់ដូច​ថា ជនរងគ្រោះ​ឆោតល្ងង់ តែ​ជាក់ស្តែង​មនុស្ស​យើង​ពេល​លង់​លើ​អ្វី​មួយ​ហើយ គឺ​តែង​ទុកចិត្ត​ភ្លេច​គិតពិចារណា មិន​ថា​យើង​មិន​ថា​គេ ព្រោះ​ករណី​ទាំងនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាប់បាន​ទទួល​បណ្តឹង ធ្វើការ​បង្ក្រាប និង​បាន​ផ្សព្វផ្សាយ​ជាច្រើន​មកហើយ ដោយ​មាន​អ្នកខ្លះ រងគ្រោះ​អស់​ខ្ទង់​ពាន់​ដុល្លារ អ្នកខ្លះ​អស់​ខ្ទង់​ម៉ឺន​ដុល្លារ និង​មាន​អ្នក​អស់​ដល់​ខ្ទង់សែន​ដុល្លារ​ផងដែរ​។​

​រឿង​ថ្មី​គឺ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្ដឹង​ពី​នារី​ម្នាក់ ប្ដឹង​ចោទប្រកាន់​ទៅលើ ម្ចាស់​គណនី Facebook មួយ ឈ្មោះ ចាន់ ពិសិដ្ឋ ពី​បទ​គំរាមកំហែង​ដោយ​មាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​។ នារី​រងគ្រោះ បាន​រៀបរាប់​ថា គណនី Facebook​ខាងលើ បាទ​ទំនាក់ទំនង​មក​សុំ​ស្នេហ៍​ខ្លួន ដោយ​ប្រើ​ពាក្យសម្ដី​ផ្អែម​ល្ហែម លួងលោម​រហូត​ខ្លួន​លង់​ចិត្ត​ស្រលាញ់ ហ៊ាន Call Live Video Facebook អាក្រាតកាយ ឲ្យ​ជនសង្ស័យ​មើល តែ​មិន​នឹកស្មាន​ថា​ជនសង្ស័យ​បាន​លួច​ថតចម្លង​Video​នោះ​ទុក បន្ទាប់មក នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៥ ជនសង្ស័យ​បាន​ភូតកុហក​ថា​រថយន្តរ​បស់​គេ ដឹក​ឈើ​ត្រូវបាន​សមត្ថកិច្ច​ខេត្តរតនគិរី​ឃាត់ទុក ហើយ​បើ​សិន​ចង់​ដោះស្រាយ​ត្រូវ​មាន​លុយ 15.000$ តែ​គេ​ថា គេ​មាន​លុយ​នៅ​នឹង​ខ្លួន​ចំនួន​តែ 10.000$ ខ្វះ​5,000$​ទៀត ចង់​ខ្ចី​ពី​ខ្លួន ដើម្បី​យក​ទៅ​លស់​រថយន្ត​មក​វិញ ពេល​សុំ​ខ្ចី​មិនបាន ស្រាប់តែ​ជនសង្ស័យ​គំរាម​ថា​គេ​មាន​វីដេអូ​អាក្រាត​របស់ខ្លួន បើសិនជា​មិន​ព្រម​ប្រគល់​លុយ​តាម​លក្ខខណ្ឌ​របស់​គេ​នោះទេ គេ​នឹង​យក​វីដេអូ​អាក្រាត​នោះ​ទៅ​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​មិន​ខាន​។ ដោយ​មាន​ការភ័យខ្លាច​ខ្លួន ក៏​បាន​សុំ​ចរចា រហូតដល់​ត្រូវ​គ្នា​ចំនួន 1,000$ ដោយ​ជនសង្ស័យ​ឱ្យ​ផ្ញើ​តាម ទ្រូ​ម៉ា​នី​។ បន្ទាប់​ពី​ផ្ញើ​លុយ​រួច ជនសង្ស័យ​នៅ​តែ​បន្ត​គំរាម ឲ្យ​ផ្ញើ​ថែម​ចំនួន​1,000$ ទៀត ទើប​ខ្លួន មក​ដាក់​ពាក្យបណ្ដឹង​នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែ​តែម្ដង​។​

​ក្រោយពី​ទទួលបាន​បណ្ដឹង កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធាន​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​រកឃើញថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​បោក​បញ្ឆោត និង​គំរាមកំហែង​ដល់​ជនរងគ្រោះ មាន​តម្រុយ​ចេញ​ពី​ទីតាំង​ខេត្ត​ស្ទឹងត្រែង ដូច្នេះ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពន្លាត​ដែន​សមត្ថកិច្ច ទៅ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ស្រាវជ្រាវ​ស្វែងរក​ឃើញ ក្រុម​បក្ខពួករ​បស់​ជនសង្ស័យ​ដែល​ទៅដក​ប្រាក់ មាន​ចំនួន​០៣​នាក់ រួមមាន​÷ 1.​ឈ្មោះ ម៉ាត់ ស្លា​ម៉ាស់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ​, 2.​ឈ្មោះ ឡេន ធី​ដា ភេទ​ស្រី អាយុ​៤២​ឆ្នាំ​, 3.​ឈ្មោះ ស៊ី វី​ឡែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ បន្ទាប់​ពី សួរចម្លើយ បក្ខពួក​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ​រួចមក សមត្ថកិច្ច​អាវុធហត្ថ បាន​រក​ឃើញ​ជនសង្ស័យ​និង​អ្នក​ជាប់​ពាក់ព័ន្ធ សរុប​០៣​នាក់​ផ្សេង​ទៀត គួរឲ្យ​ភ្ញាក់ផ្អើល​បំផុត ដែល​សុទ្ធតែ​ជា​ទណ្ឌិត កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង នោះ​គឺ​៖ 1- ទណ្ឌិត​ឈ្មោះ ជាង ខេង​លី មានទោស​ជាប់គុក ៣​ឆ្នាំ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន (​អ្នកបង្កើត​គណនី​ក្លែងបន្លំ និង​ជា​អ្នកទំនាក់ទំនង​លួងលោម​បោក​បញ្ឆោត​គំរាម​ទារប្រាក់​ជនរងគ្រោះ​ផ្ទាល់​), 2- ទណ្ឌិត​ឈ្មោះ ស្រេន ឡាង មានទោស​ជាប់គុក ១៣​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម (​ជា​ប្តី​របស់​ឈ្មោះ ម៉ាត់ ស្លា​ម៉ាស់ និង​ជា​អ្នកផ្តល់​ទូរស័ព្ទឲ្យ ជាង ខេង​លី យក​ទៅ​ធ្វើ​សកម្មភាព​), 3- ទណ្ឌិត​ឈ្មោះ ហេង សៀវ​ត្រា មានទោស​ជាប់គុក ៣​ឆ្នាំ ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន (​ជា​អ្នក​ជួយ​លាក់​ទូរស័ព្ទ លាក់​ស៊ីម ក្នុង​ពន្ធនាគារ​ទុកឲ្យ ជាង ខេង​លី យក​ទៅ​ធ្វើ​សកម្មភាព​)​។​

​ប​ច្ច​ប្បន្ន ជនសង្ស័យ និង​បក្ខពួក កំពុង​ត្រូវបាន អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បន្ត​និតិ​វិធី​។​

​សង្ឃឹមថា​រឿង​ថ្មី​នៃ​មេរៀន​ចាស់​នេះ នឹង​ក្លាយ​ជា​បទពិសោធន៍​បន្ថែ​ម ដល់​មហាជន​ឲ្យ​កាន់តែ​ប្រុងប្រយ័ត្ន​ជាង​មុន​ផង​ចុះ​៕​

 

 

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *